ខេត្តសៀមរាប ៖ អគ្គិភ័យមួយបានលេបត្របាក់ហាងលក់ពូក និងកម្រាលពូកអស់ទាំងស្រុង និងបង្កការភ្ញាក់ផ្អើលពេញក្រុងសៀមរាប តែសំណាងល្អមិនបណ្តាលឱ្យរាលដាលដល់ស្ថានីយប្រេង ដែលនៅជាប់របងគ្នានោះទេ និងមិនរងរបួសដល់មនុស្សណាម្នាក់ឡើយ ។ បើគិតជាទឹកប្រាក់អស់ ប្រមាណជាង១០ម៉ឺនដុល្លារ ។

ហេតុការណ៍ឆេះហាងលក់ពូកនេះ បានកើតឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១៥នាទី ស្ថិតនៅតាមបណ្តោយផ្លូវខ្នារ ក្នុងភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ បើតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានប្រាប់នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋតាមលេខបន្ទាន់១២៩៦ របស់កងរាជអាវុធហត្ថខេត្តឱ្យដឹងថា មានករណីអគ្គិភ័យឆេះហាងលក់ពូក-ខ្នើយ ក៏ចេញអន្តរាគមន៍ភ្លាមៗ ។

ហាងនេះជារបស់លោក ឈិន ឈាង ភេទប្រុស អាយុ៥៦ឆ្នាំ ជានគរបាលព្រំដែន តែបានជួលផ្ទះ ទៅឱ្យឈ្មោះ នាក់ គារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ បើកកន្លែងលក់ពូក-ខ្នើយ និងលក់បាយ ស្ថិតនៅភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

ដោយមានកម្លាំងសហការពីមន្ទីរសម្ភារៈបច្ចេកទេសជាមួយកងអន្តរាគមន៍ និងកងរាជអាវុធហត្ថក្រុង សរុប២៤នាក់ មានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៣គ្រឿង រថយន្តពន្លត់អគ្គិភ័យផ្សារចាស់១គ្រឿងចេញអន្តរាគមន៍យ៉ាងក្ដៅគគុក ។ ការពន្លត់បានជោគជ័យទាំងស្រុងនៅម៉ោង១០និង២០នាទីបានរលត់អស់ទាំងស្រុង ។

ប្រភពបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ ខូចខាតមានដូចជាផ្ទះទទឹង១៣ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពូកចំនួន៩០០ និងកម្រាលចំនូន៧០ ម៉ាស៊ីនត្រជាក់២គ្រឿង ប្រាក់រៀល៥០លានរៀល ចង្ក្រានហ្កាស១០ឈុត អង្ករ១០បាវ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុនៃអគ្គិភ័យនេះ គឺបណ្ដាលមកពីទុស្សេចរន្តភ្លើងធ្លាក់ផ្កាភ្លើងមកលើពូក ក៏បណ្ដាលឱ្យឆាបឆេះតែម្ដង ។ ទោះបីជាបែបណា ផ្ទះលក់ពូកដែលឆេះនេះ នៅជិតស្ថានីយប្រេងផងដែរ តែសំណាងល្អ មិនឆេះរាលដាលទៅដល់ ដោយសមត្ថកិច្ចបានពន្លត់ទាន់ពេល ៕






ចែករំលែកព័តមាននេះ