អាជ្ញាធររាយការណ៍ថា មនុស្សយ៉ាងតិច២២នាក់ ក្នុងនោះមានមេដឹកនាំមូលដ្ឋាន១៥នាក់ និងនិយោជិត៣នាក់នៃអង្គការមនុស្សធម៌គ្រូពេទ្យគ្មានព្រំដែន MSF ត្រូវបានស្លាប់ក្នុងការវាយប្រហារនៅមូលដ្ឋានមួយរបស់ប្រទេសអាហ្រ្វិកកណ្ដាល ។ ការវាយប្រហារនេះកើតមានកាលពីថ្ងៃទី២៦ មេសា កន្លងមកនៅណាហ្គា បូហ្គីឡា ចម្ងាយប្រមាណជា៤៥០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីបានហ្គី ។
យោងតាមលោក GILLES YAVIER NGUEMBASSA អតីតសមាជិកសភានៅទីក្រុងណាហ្គា បូហ្គីឡា ថា ពួកឧទ្ទាមសេឡេកា ដែលភាគច្រើនជាពួកអ៊ិស្លាមបានលុកចូលក្នុងមជ្ឈមណ្ឌលពេទ្យមួយរបស់អង្គការ MSF សង្ឃឹមប្លន់បានប្រាក់ខ្លះ ។ មនុស្ស៤នាក់ស្លាប់ពេលពួកគេមកកាន់ក្បែរទីក្រុងនោះ ក៏ប៉ុន្ដែជនរងគ្រោះភាគច្រើនជាអ្នកស្លាប់ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលវេជ្ជសាស្រ្ដពេលកំពុងមានកិច្ចប្រជុំមួយនៅទីនោះរបស់បណ្ដាមេដឹកនាំមូលដ្ឋាន ។
អ្នកនាំពាក្យម្នាក់របស់ MSF អះអាងថា បណ្ដាសមាជិករបស់ខ្លួនបានត្រូវស្លាប់តែពុំផ្ដល់ភាពលម្អិតឡើយ ។ ចំណែកពួកអ៊ិស្លាមប្រមាណជា១.៣០០នាក់ដែលរស់នៅជាយក្រុងបានហ្គី ហើយរងការវាយប្រហារជាញឹកញាប់ពីពួកគ្រឹស្ដនោះ ទីបំផុតពួកគេបានយល់ព្រមចាកចេញកាលពីព្រឹកថ្ងៃទី២៧ មេសា ដឹកតាមក្បួនរថយន្ដអមការពារ ដោយកងកម្លាំងរក្សាសន្ដិភាពនៃបេសកកម្ម MISCA ទៅកាន់ភាគខាងជើងប្រទេស ។
បញ្ហានៃការជម្លៀសពួកអ៊ិស្លាមចេញនេះ នាំឱ្យមានការជជែកគ្នាខាងនយោបាយយ៉ាងតែងតែងនៅអាហ្វ្រិកកណ្ដាល ។ រដ្ឋមន្ដ្រីមួយរូបបានបរិហារប្រតិបត្ដិការនោះថាកាន់តែបង្កើនជម្លោះសាសនាក្នុងប្រទេស និងធ្វើឱ្យប៉ះពាល់ដល់ការបង្រួបបង្រួមជាតិ ។ ប៉ុន្ដែបណ្ដាអង្គការមនុស្សធម៌អះអាងថា អ្នកទាំងនោះពុំអាចស្ថិតនៅក្រុងបានហ្គីបានទៀតទេ ព្រោះអាយុជីវិតពួកគេរងការគំរាមកំហែង ។ បណ្ដាអ្នកត្រូវជម្លៀសចេញទាំងនោះនឹងទៅរស់នៅក្បែរព្រំដែនប្រទេសឆាដ៕
ចែករំលែកព័តមាននេះ