ទីក្រុងម៉ានីល ៖ ប៉ូលីសជាតិហ្វីលីពីន (PNP) បានបណ្តេញមន្ត្រីទុច្ចរិតជាង ៩ ០០០ នាក់ពីបទប្រព្រឹត្តខុសឆ្គង សកម្មភាពឧក្រិដ្ឋ និងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ជាផ្នែកមួយនៃកម្មវិធីសម្អាតផ្ទៃក្នុងដែលមានរយៈពេលជិត ១០ ឆ្នាំ មានគោលបំណងស្តារទំនុកចិត្តពីសាធារណជនឡើងវិញ និងអនុវត្តការទទួលខុសត្រូវក្នុងកម្លាំងសមត្ថកិច្ច។
ទិន្នន័យពីនាយកដ្ឋានគ្រប់គ្រងមន្ត្រី និងកំណត់ត្រារបស់ PNP ដែលចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ចាប់ពីខែកក្កដា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មន្ត្រីប៉ូលីសសរុប ៣២ ៦៩៨ នាក់ ត្រូវបានរកឃើញថាមានទោសពីបទបទល្មើសរដ្ឋបាលផ្សេងៗ ហើយក្នុងចំណោមនោះ ៩ ០២៧ នាក់ ត្រូវបានបណ្តេញចេញពីតំណែង ដែលបង្ហាញពីជំហរមិនអត់ឱនរបស់ PNP ប្រឆាំងនឹងមន្ត្រីដែលរំលោភច្បាប់ ឬក្បត់ទំនុកចិត្តសាធារណៈ។
លើសពីនេះទៀត PNP ក៏បានរាយការណ៍ដែរថា ១ ០៣៧ នាក់ក្នុងចំណោមមន្ត្រីដែលត្រូវបានបណ្តេញចេញនោះ ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនខុសច្បាប់ ឬត្រូវបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុញៀន ដែលនេះបង្ហាញពីការបង្ក្រាបជាបន្តបន្ទាប់របស់អង្គភាពលើប៉ូលិសទុច្ចរិត និងយុទ្ធនាការសម្អាតផ្ទៃក្នុងប្រឆាំងនឹងគ្រឿងញៀន។
ការពិន័យផ្សេងទៀតដែលត្រូវបានដាក់រួមមាន ការដកហូតប្រាក់ខែសម្រាប់មន្ត្រីចំនួន ១ ២២១ នាក់ ការស្តីបន្ទោសលើមន្ត្រី ៤ ៣៥៥ នាក់ ការដាក់ស្ថិតនៅក្រោមការឃ្លាំមើលលើមន្ត្រី ៥២៨ នាក់ និងការដកហូតសិទ្ធិពិសេសមួយចំនួនលើមន្ត្រី ៥៣១ នាក់។ PNP ក៏បានសន្យាថានឹងបន្តអនុវត្តវិធានការវិន័យរបស់ខ្លួនយ៉ាងតឹងរ៉ឹង ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងសម្អាតផ្ទៃក្នុង និងវិន័យស្ថាប័ន៕ ប្រភព ៖ Xinhua និង Daily Tribune

ចែករំលែកព័តមាននេះ