ទីក្រុងប៉េកាំង ៖ តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង៣ឆ្នាំ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើយោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញកាលពីថ្ងៃអាទិត្យសប្តាហ៍មុន និងស្រង់ប្រភពមកផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នេះបង្ហាញពីការតស៊ូរបស់វិស័យអចលនទ្រព្យចិន ដែលកំពុងជួបវិបត្តិ បើទោះបីជាមានការគាំទ្រគោលនយោបាយពីរដ្ឋាភិបាលជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
បើតាមទិន្នន័យពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិនបានបង្ហាញថា តម្លៃផ្ទះថ្មីក្នុងទីក្រុងចំនួន ១០០ នៃប្រទេសចិន បានធ្លាក់ចុះ ០,០៤% ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្ទុយពីកំណើន ០,១៨% ក្នុងខែមករា និងជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការសម្រាប់ខែកុម្ភៈ នៅទីក្រុងចំនួន ៧០ នឹងត្រូវចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ខាងមុខនេះ។
ទិន្នន័យក៏បានបង្ហាញថា តម្លៃផ្ទះថ្មីនៅចិន មិនបានបង្ហាញពីការកើនឡើងប្រចាំខែចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ មកម្ល៉េះ។ ការធ្លាក់ចុះអចលនទ្រព្យដ៏យូរ ដែលពីមុនធ្លាប់ជាវិស័យម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ចិននោះ បានធ្វើឱ្យទ្រព្យសម្បត្តិគ្រួសារចិនធ្លាក់ចុះ រាំងស្ទះដល់ការប្រើប្រាស់នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទី ២ ពិភពលោកមួយនេះ។
ស្របពេលតម្រូវការក្នុងស្រុកនៅតែស្ថិតក្នុងកម្រិតទាប បើទោះបីជាមានការគាំទ្រគោលនយោបាយពីរដ្ឋាភិបាលជាច្រើនលើកច្រើនសារ ចាប់តាំងពីវិស័យមួយនេះ បានធ្លាក់ចុះដល់វិបត្តិនៅឆ្នាំ ២០២១ ដោយក្នុងនោះរួមទាំងការបន្ធូរបន្ថយច្បាប់ទិញ និងកាត់បន្ថយតម្រូវការបង់ប្រាក់កក់ផងដែរ៕


ចែករំលែកព័តមាននេះ