ខេត្តបាត់ដំបង ៖ ចាប់ពីវេលាម៉ោង១២ និង៤០នាទីរសៀល រហូតដល់ម៉ោង៦ល្ងាចថ្ងៃទី ០២ មីនា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន០៣លើកផ្ទូនៗ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន០៣នាក់ និងរបួសម្នាក់ នៅទីតាំងផ្សេងៗគ្នាក្នុងខេត្តបាត់ដំបង ដែលផ្ដើមចេញពីការបើកបរខ្វះការប្រុងប្រយ័ត្ន ។

យោងតាមរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា ករណីទី១ បានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទីរសៀលថ្ងៃទី០២ មីនា មានរថយន្តធុនធ្ងន់មួយគ្រឿងបានក្រឡាប់ដោយខ្លួនឯង នៅលើដងផ្លូវមួយកន្លែង ត្រង់ចំណុចភូមិឬស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។
ឧប្បត្តិហេតុនេះ បានបណ្ដាលឲ្យអ្នកបើកបរឈ្មោះ គង់ វីរៈ អាយុ៣៣ឆ្នាំ ស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត រីឯអ្នករួមដំណើរដែលត្រូវជាប្អុនបង្កើតឈ្មោះ គង់ សម្ផស្ស ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ។ ទាំង០២នាក់បងប្អូនរស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ។

បើតាមសមត្ថកិច្ចបាននិយាយថា រថយន្តក្រឡាប់នោះ ពាក់ស្លាកលេខភ្នំពេញ 3B-2456 ។ រថយន្តនេះក្រឡាប់ដោយខ្លួនឯង ដោយសារអ្នកបើកបរបើកលឿនខ្វះការប្រុងប្រយ័ត្ន លុះគេចក្រឡុកក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់តែម្ដង ។
ចំពោះករណីទី២ បានកើតឡើងនៅវេលាម៉ោង៤ និង២០នាទីល្ងាចថ្ងៃដដែល នៅលើកំណាត់ផ្លូវភ្លោះមួយកន្លែង ស្ថិតក្នុងភូមិអូរទំនប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ។ បើតាមមន្ត្រីចរាចរណ៍បានប្រាប់ថា ឧប្បត្តហេតុនេះ ក៏បង្កឡើងដោយខ្លួនឯងដែរ ។ គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទេ តែបុរសម្នាក់នោះ ទំនងជាជិះលឿនពេក ស្រាប់តែដួលជ្រុលធ្លាក់ចូលក្នុងស្រែ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតបាត់បង់ជីវិត ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ C125 ពាក់ស្លាកលេខ បាត់ដំបង 1H-6006 ។

ដោយឡែក ករណីទី៣វិញ បើតាមសេចក្ដីរាយការណ៏ជាបន្តបន្ទាប់ថា សន្តិសុខ ឬប្រជាការពារម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់ នៅលើដងផ្លូវជាតិលេខ៥ នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែលនេះដែរ ត្រង់ចំណុចភូមិកាច់រទេះ ឃុំកំបង់ព្រៀង ស្រុកសង្កែ ។ របាយការណ៍បានឲ្យដឹងថា សន្តិសុខដែលត្រូវរថយន្តបុករហូតដល់ស្លាប់នោះ ឈ្មោះ វឿន ណុង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
រីឯរថយន្តដែលបុកលោកសន្តិសុខស្លាប់ ម៉ាកSIENNA ស៊េរីឆ្នាំ២០០៥ ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-2588 ទំនងជារថយន្តរត់តាក់ស៊ី តែអ្នកបើកបរបានដាក់មេប្រូចបាត់ស្រម៉ោលចោលរថយន្ត ក្រោយបុកមនុស្សស្លាប់ ។
ជុំវិញករណីនេះ អធិការស្រុកសង្កែ លោកយុត តុងហូ បានប្រាប់ថា រថយន្តនោះ បានបុកពេញទំហឹងទៅលើជនរងគ្រោះ (ប្រជាការពារភូមិ) នៅពេលដែលជនរងគ្រោះជិះម៉ូតូឆ្លងកាត់ថ្នល់ ដោយខ្វះការប្រុងប្រយ័ត្ន ។ ប៉ុន្តែយ៉ាងណា មន្ត្រីចរាចរណ៏ខេត្ត បានចុះអន្តរាគមន៏វាស់វែង និងចាត់ការតាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ