ខេត្តព្រៃវែង ៖ ក្នុងសម្លេងរណ្តំនៃក្តារអង្រឹងត្បាញដែលបន្លឺឡើងចេញពីក្រោមផ្ទះ ស្ត្រីវ័យចំណាស់ៗនៅក្នុងឃុំព្រែកចង្ក្រាន្ត ស្រុកស៊ីធរកណ្តាល កំពុងតែមមារញឹកលើការងារត្បាញហូល ផាមួង ដែលជាមុខរបរបន្សល់ទុកតាំងពីដូនតា ។

អ្នកមីង ជា ផល្លី អាយុ 55 ឆ្នាំ ដែលកំពុងអង្គុយត្បាញហូលនៅក្រោមផ្ទះ បានឲ្យដឹងថា គាត់ចាប់ធ្វើមុខរបរត្បាញហូល តាំងពីអាយុ 14 ឆ្នាំ ដែលមកទល់ពេលនេះ មានរយៈពេល40ឆ្នាំហើយ ។ មុខរបរនេះ មិនអាចជួយឲ្យគាត់មានបានអ្វីទេ គឺបានត្រឹមតែមួយរស់ប៉ុណ្ណោះ តែដោយសារគ្មានមុខរបរអ្វីផ្សេង ទើបគាត់ចេះតែទ្រាំធ្វើទៅ ។

អ្នកមីង ជា ផល្លី បានបន្តថា ក្នុងពេលមួយអាទិត្យ គាត់អាចត្បាញហូលបានមួយក្បិន ដែលអាចលក់បានតម្លៃ100ដុល្លារ ប៉ុន្តែទូទាត់ថ្លៃទិញសូត្រ ជួលគេជ្រលក់ថ្នាំពណ៌ និងចងសរសៃសូត្រ កាត់កងទៅនៅសល់មិនដល់30ដុល្លារទេ ។ ដោយសារតែប្រាក់កម្រៃបានតិចបែបនេះ ទើបក្មេងៗជំនាន់ក្រោយ គ្មាននរណាធ្វើការងារនេះទេ សព្វថ្ងៃមានតែយាយៗចាស់ៗប៉ុណ្ណោះដែលនៅធ្វើ ព្រោះមិនមានការងារផ្សេង។

លោក ងៀន ណាន់យី មេភូមិព្រែកចង្ក្រាន្តបានឲ្យដឹងដែរថា ពីមុនអ្នកភូមិរបស់គាត់ប្រកបមុខរបរត្បាញហូល ផាមួង នេះច្រើនណាស់ ប៉ុន្តែពេលនេះនៅសល់តែ46គ្រួសារប៉ុណ្ណោះ ដោយគ្រួសារភាគច្រើនបានបោះបង់មុខរបរនេះចោល ហើយនាំគ្នាចំណាកស្រុក ទៅធ្វើការនៅកន្លែងផ្សេង ។

លោកមេភូមិបានបញ្ជាក់ថា មូលហេតុដែលអ្នកភូមិភាគច្រើន បោះបង់មុខរបរត្បាញហូលនេះ គឺដោយសារតែតម្លៃសូត្រឡើងថ្លៃ តែហូលផាមួងដែលត្បាញបានលក់មិនបានថ្លៃ។ អ្នកភូមិចង់មានបាន មិនចង់ក្រលំបាក ទើបនាំគ្នាបោះបង់មុខរបរត្បាញហូលចោល ហើយធ្វើចំណាកស្រុកទៅរកការងារផ្សេងធ្វើ ដើម្បីឲ្យជីវភាពបានធូរធាជាងមុន ។

លោកមេភូមិបានអះអាងថា ដោយសារតែមនុស្សចាស់ៗដែលចេះត្បាញហូលផាមួង នាំគ្នាបោះបង់មុខរបរនេះចោល ហើយក្មេងជំនាន់ក្រោយគ្មានអ្នកបន្តវេន ទើបលោកបារម្ភថាទៅថ្ងៃខាងមុខ មុខរបរត្បាញហូលផាមួងដែលជាកេមរតកពីដូនតា អាចនឹងបាត់បង់ ។
ចែករំលែកព័តមាននេះ