ទីក្រុងវូហាន ៖ លោក Li Gang អាយុ៦០ឆ្នាំ អតីតមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គភាពឃ្លាំមើលប្រឆាំងអំពើពុករលួយកំពូលរបស់ចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ពីបទទទួលសំណូកមានតម្លៃជាង ១០២ លានយ័ន ឬ ១៤,៤៤ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ (Xinhua)។
ប្រភពពី Xinhua ដោយបានស្រង់សេចក្តីសម្រេចរបស់តុលាការប្រជាជនកម្រិតមធ្យមទីក្រុងវូហាន (Wuhan) ខេត្តហ៊ូប៉ី (Hubei) បានឱ្យដឹងថា លោក Li ដែលពីមុនបានដឹកនាំក្រុមត្រួតពិនិត្យវិន័យ និងក្រុមត្រួតពិនិត្យជាតិ ដែលត្រូវបានបញ្ជូនទៅក្នុងនាយកដ្ឋានអង្គភាពនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) ក៏ត្រូវបានពិន័យជាប្រាក់ ចំនួន ៦ លានយ័ន ឬជាង ៨៤ ម៉ឺនដុល្លារផងដែរ។
តុលាការក៏បានប្រកាសផងដែរថា ប្រាក់ចំណេញខុសច្បាប់ និងផលប្រយោជន៍ពាក់ព័ន្ធរបស់លោក Li គួរតែត្រូវបានរឹបអូស និងប្រគល់ទៅឱ្យរតនាគាររដ្ឋ។ តុលាការបានរកឃើញថា លោក Li ចាប់តាំងពីពាក់កណ្តាលឆ្នាំ ១៩៩៨ ដល់ខែ មិថុនា ឆ្នាំ ២០២៤ បានប្រើប្រាស់មុខតំណែងខ្លួនក្នុងខេត្តស៊ីឈួន (Sichuan) និងយូណាន (Yunnan) រួមទាំងតំណែងជាអភិបាលរងខេត្តស៊ីឈួន ដើម្បីស្វែងរកអត្ថប្រយោជន៍ពីនាយកដ្ឋាន និងបុគ្គលផ្សេងទៀតនៅក្នុងបញ្ហាផ្សេងៗដូចជា ប្រតិបត្តិការអាជីវកម្ម ការចុះកិច្ចសន្យាគម្រោង ការផ្ទេរកម្មសិទ្ធិដីធ្លី និងការឡើងឋានៈការងារ ជាថ្នូរនឹងការទទួលយកសំណូក មានតម្លៃជាង ១០២ លានយ័ន។ តុលាការបានកំណត់ថា អាកប្បកិរិយារបស់លោក Li គឺជាបទឧក្រិដ្ឋសូកប៉ាន់ ហើយបានកត់សម្គាល់ថា លោកគួរតែត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ដោយសារតែការសូកប៉ាន់ជាច្រើនរបស់លោក បណ្តាលឱ្យមានការខាតបង់យ៉ាងធំធេងដល់ប្រទេសជាតិ ព្រមទាំងប្រជាជន។
តុលាការប្រជាជនកម្រិតមធ្យមទីក្រុងវូហានបានស្តាប់សំណុំរឿងនេះជាសាធារណៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានមនុស្សជាង ២០ នាក់ រួមទាំងសមាជិកសភាជាតិ និងទីប្រឹក្សានយោបាយចូលរួមក្នុងសវនាការនេះផងដែរ៕ ប្រភពពីកាសែតរដ្ឋចិន Global Times
ចែករំលែកព័តមាននេះ