ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ហ្សា​ការ​តា​» វ៉ា​ដាច់ «​តូ​ក្យូ​» ក្លាយជា​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​លើ​ពិភពលោក

2 នាទី មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​របស់​អង្គការសហប្រជាជាតិ (UN) បាន​បង្ហាញ​ថា ទីក្រុង​ហ្សា​ការ​តា​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​វ៉ា​ដាច់​ទីក្រុង​តូ​ក្យូ​របស់​ប្រទេស​ជប៉ុន ដើម្បី​ក្លាយជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក ពោល​ជិត ៤២…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​របស់​អង្គការសហប្រជាជាតិ (UN) បាន​បង្ហាញ​ថា ទីក្រុង​ហ្សា​ការ​តា​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​វ៉ា​ដាច់​ទីក្រុង​តូ​ក្យូ​របស់​ប្រទេស​ជប៉ុន ដើម្បី​ក្លាយជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក ពោល​ជិត ៤២ លាន​នាក់​។

ទីក្រុង​តូ​ក្យូ ដែល​ធ្លាប់​ជាទី​ក្រុង​ធំ​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​លើ​ពិភពលោក​តាំងពី​ឆ្នាំ ២០០០ នោះ បានឃើញ​កំណើនប្រជាជន​យឺត រហូត​បាត់បង់​តំណែង​ដ៏​សំខាន់​នេះ ដោយ​បាន​ធ្លាក់​ទៅ​លើ​ទីក្រុង​ហ្សា​កា​តា (​ឥណ្ឌូ​ណេ​ស៊ី​) និង​ទីក្រុង​ដា​កា​របស់​ប្រទេស​បង់​ក្លា​ដែ​ស​។ UN បាន​រក​ឃើញ​ថា ឥឡូវនេះ ប្រជាជន​រស់នៅ​ទីក្រុង​ហ្សា​កា​តា​បាន​កើនឡើង​ដល់​ជិត ៤២ លាន​នាក់ តាម​ពីក្រោយ​ទីក្រុង​ដា​កា ដែល​មាន​ប្រជាជន​ជិត ៣៧ លាន​នាក់ ខណៈ​ដែល​ទីក្រុង​តូ​ក្យូ​ធ្លាក់​ទៅ​លំដាប់​ទី ៣ ដែល​មាន​ប្រជាជន​ជិត ៣៣ លាន​នាក់​។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា ទីក្រុង​ដា​កា​ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយជា​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​លើ​ពិភពលោក​នៅ​ឆ្នាំ ២០៥០​។ ចំណែក​ចំនួន​ប្រជាជន​ទីក្រុង​តូ​ក្យូ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ក្នុង​រយៈពេល ២៥ ឆ្នាំ​ខាង​មុខ ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ដែល​កំពុង​ថយ​ចុះ​របស់​ប្រទេស​នេះ​។

ជា​ការ​កត់សម្គាល់ របាយការណ៍​បង្ហាញ​ថា ទីក្រុង​ចំនួន ៩ ក្នុង​ចំណោម​ទីក្រុង​ចំនួន ១០ ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក​ស្ថិត​ក្នុង​ទ្វីបអាស៊ី ដោយ​ទីក្រុង​គែរ​របស់​ប្រទេស​អេ​ហ្ស៊ី​ប គឺជា​ទីក្រុង​តែ​មួយ​គត់​មិន​ស្ថិត​នៅ​អាស៊ី ដោយ​ជាប់​នៅ​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ១០​។

លោកស្រី Elisa Sutanudjaja នាយិកា​មជ្ឈមណ្ឌល​សិក្សា Rujak ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សា​ការ​តា បាន​ថ្លែង​ថា របាយការណ៍​នេះ បាន​បញ្ជាក់​ពី​អ្វី​ដែល​អ្នក​ទីក្រុង​បានដឹង​រួច​ហើយ​ថា ចំនួន​ប្រជាជន​នៅ​ទីក្រុង​ហ្សា​ការ​តា​មាន​ច្រើន​ជាង​ទីក្រុង​តូ​ក្យូ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោកស្រី​បន្ថែម​ថា ទំហំ​ប្រជាជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ទីក្រុង​ហ្សា​ការ​តា​បាន​បង្ក​បញ្ហា​ប្រឈម​ធំ​ៗ ជា​ពិសេស​ដោយសារ​តែ​ការ​សម្របសម្រួល​មិនល្អ​រវាង​រដ្ឋាភិបាល​មូលដ្ឋាន​។

ប្រជាជន​ទីក្រុង​ហ្សា​ការ​តា​តែងតែ​ជួប​ប្រទះ​នឹង​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង ការ​បំពុល និង​គ្រោះ​ទឹកជំនន់​។ ជា​ការ​ឆ្លើយ​តប រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រកាស​នៅ​ឆ្នាំ ២០១៩ ថា​នឹង​ផ្លាស់​ប្តូរ​ទីក្រុង​នេះ​ចេញពី​កោះ​ជ្វា (Java) ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ទៅ​កាន់​កោះ​ប័​រ​ណេ​អូ (Borneo)​។ ប៉ុន្តែ​គម្រោង​សាងសង់​ទីក្រុង​នូ​សាន់​តារា (Nusantara) ដែល​ជា​រដ្ឋធានី​ថ្មី ស្ថិត​ក្នុង​យឺតយ៉ាវ ហើយ​បាន​តស៊ូ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​៕ ប្រភព ៖ ABC Australia និង NBC News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ