ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​​​បដិ​សេធ​​ការ​ផ្សាយ​​របស់កា​សែត​ថៃ​​ថា​ មាន​ទាហាន​បរទេស​នៅ​កម្ពុជា​

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ទៅ​នឹង​កាសែត​ថៃ មិនមែន​តែ​មន្ត្រី​ទូត​រុ​ស្ស៊ី​ទេ ជុំវិញ​ការ​ចុះ​ផ្សាយថា មាន​ពលរដ្ឋ​រុ​ស្ស៊ី​ស៊ីឈ្នួល​ធ្វើ​ទាហាន​នៅ​កម្ពុជា និង​ជនបរទេស​មួយ​ចំនួន​កំពុង​ចូលរួម​ប្រយុទ្ធ​នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ទៅ​នឹង​កាសែត​ថៃ មិនមែន​តែ​មន្ត្រី​ទូត​រុ​ស្ស៊ី​ទេ ជុំវិញ​ការ​ចុះ​ផ្សាយ
ថា មាន​ពលរដ្ឋ​រុ​ស្ស៊ី​ស៊ីឈ្នួល​ធ្វើ​ទាហាន​នៅ​កម្ពុជា និង​ជនបរទេស​មួយ​ចំនួន​កំពុង​ចូលរួម​ប្រយុទ្ធ​នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​បដិសេធ​ថា កម្ពុជា​ពុំ​មាន​ជនជាតិ​រុ​ស្ស៊ី​ឬ​ជនបរទេស​ផ្សេង ចូលរួម​ការ​ប្រយុទ្ធ​លើ​សមរភូមិ ឬ​ធ្វើ​ជាទី​ប្រឹក្សា​សម្រាប់​កងទ័ព​កម្ពុជា​ឡើយ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថៃ​បែប​នេះ នៅ​លើ​គេហទំព័រ​របស់​សម្ដេច​ផ្ទាល់​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ។ សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ​មានការ​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​ថៃ​មួយ​ចំនួន ដោយ​បាន​លើក​ឡើង​ថា​មាន​ទាហាន​រុ​ស្ស៊ី និង​ជនបរទេស​មួយ​ចំនួន​កំពុង​ចូលរួម​ប្រយុទ្ធ​នៅ​កម្ពុជា ។

ដើម្បី​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា ក៏​ដូច​ជា​របស់​រុ​ស្ស៊ី និង​ជន​បរទេស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចោទ ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា កម្ពុជា​ពុំ​មាន​ជន​ជនជាតិ​រុ​ស្ស៊ី ឬ​ជនជាតិ​បរទេស​ផ្សេង​ទៀត​ចូលរួម​ការ​ប្រយុទ្ធ​លើ​សមរភូមិ ឬ​ធ្វើ​ជា​ទីប្រឹក្សាយោធា​សម្រាប់​កងទ័ព​កម្ពុជា​នោះ​ឡើយ ។

យើង​មិន​មាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា ចាប់តាំងពី​អ៊ុ​ន​តាក់​ដក​ចេញ​ចេញពី​កម្ពុ​ជានា​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ។ យើង​ទទួលស្គាល់​ថាយើង​ធ្លាប់​មាន​យោធា​បរទេស​ចូល​មក​ដើម្បី​ធ្វើសមយុទ្ធ​ចម្រុះ​ជាតិ​សាសន៍ ឬ​ទ្វេភាគី​នៅ​លើ​ទឹកដី​កម្ពុជា ពិសេស​កងទ័ពជើងទឹក​បរទេស​ដែល​មក​តាម​ច្រក​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ដែល​នេះ​ជា​ទម្លាប់​ធម្មតា​ដែល​ប្រទេស​ផ្សេង​ទៀត​ធ្លាប់បាន​ធ្វើ​ដូច​គ្នា ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចសហការ​ក្នុងវិស័យ​ការពារ​ជាតិ ។

យើង​ក៏​ទទួលស្គាល់​ផង​ដែរ​ថា ពេល​នេះ​មាន​ជនជាតិ​បរទេស​ជា​ច្រើន​ជាតិ​សាសន៍​កំពុង​ស្នាក់​នៅ​កម្ពុជា ដែល​ជា​ទេសចរ វិនិយោគិន​អ្នកបច្ចេកទេស អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​បរទេស ឬ​ក្នុងស្រុក​។​ល​។ តែ​អ្នក​ទាំងនោះ​មិន​ពាក់ព័ន្ធជាមួយ​វិស័យ​យោធា​ឬ​ការ​ប្រយុទ្ធ​នោះ​ឡើយ ។ បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ថា ចាប់តាំងពី​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា ឬ​អ៊ុ​ន​តាក់ (UNTAC) ត្រូវ​បាន​ដក​ចេញពី​កម្ពុជា​នៅ​ឆ្នាំ​១៩៩៣​មក កម្ពុជា​ពុំ​មាន​យោធា​បរទេស​ណា​ម្នាក់​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ។ ប៉ុន្តែ​សម្តេច​តេ​ជោ​ទទួលស្គាល់​ថា ធ្លាប់​មាន​យោធា​បរទេស​ចូល​មក​ដើម្បី​ធ្វើ​សមយុទ្ធ​ចម្រុះ​ជាតិ​សាសន៍ ឬ​ទ្វេភាគី​នៅ​លើ​ទឹកដី​កម្ពុជា ពិសេស​កងទ័ពជើងទឹក​បរទេស ដែល​ចូល​តាម​ច្រក​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ។

ការ​ធ្វើ​សមយុទ្ធ​យោធា បើ​តាម​សម្តេច​តេ​ជោហ៊ុន សែន គឺជា​ទម្លាប់​ធម្មតា​ដែល​ប្រទេស​ផ្សេង​ទៀត​ធ្លាប់​បាន​ធ្វើ​ដូច​គ្នា ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ ។សូម​ជម្រាប​ថា ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​ច្រាន​ចោលការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​មួយ​ចំនួន​ដែល​ថា មាន​ទាហាន​រុ​ស្ស៊ី​ស៊ីឈ្នួល​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ ចំណែក​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម Anatoly Boravik នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ២០២៥ ក៏​បាន​ច្រានចោល​ព័ត៌មាន​នេះ​ដូច​គ្នា ។

ចំពោះ​រុ​ស្ស៊ី ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​បែប​នេះ គឺ​បាន​រំលោភ​បំពាន​ដល់​សិទ្ធិ​ពលរដ្ឋ​ខ្លួន និង​ប៉ះពាល់​ដល់​ទំនាក់​ទំនងជា​ប្រពៃណី​ជាមួយ​កម្ពុជា និង​ថៃ ។ អ្វី​ដែលទីក្រុង​មូ​ស្គូ​ចង់​ឃើញ និង​ចង់បាន​ពេល​នេះ គឺ​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​បិទ​បញ្ចប់​ជម្លោះព្រំដែន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ