ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ព្រះរាជ​ពិធី​ពន្លត់​ទៀនជ័យ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី​៧៣

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​រសៀល​វិមាន​ឯករាជ្យ​ ថ្ងៃ​ពុធ ២​កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេច​យាង​ក្នុង​ព្រះរាជ​ពិធី​ពន្លត់​ទៀនជ័យ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ខួប​លើក​ទី​៧៣ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ស្រប​ជាមួយនឹង​ខួប​៧៣​ឆ្នាំ នៃ​ការ​បង្កើត​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ​។ ព្រះរាជ​ពិធី​ពន្លត់​ទៀនជ័យ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ​លើក​ទី​៧៣​នេះ គឺ​មានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ន​តុលាការ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រីរាជការ យុវជន យុវតី សិស្សានុសិស្ស និង​មហាជន​យ៉ាងច្រើន​កុះករ​ ។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឱ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ ៕