កម្មកររោងចក្រប្រមាណ៥០០នាក់ធ្វើកូដកម្ម ដោយសារតែថៅកែបើកប្រាក់ខែយឺតយ៉ាវ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កម្មកររោងចក្រយីហោ (ប្រាយ ធើ ភ្យូ ឈ័រ អ៊ិនដាសស្ទ្រី ឯ.ក) ប្រមាណជា៥០០នាក់នាំគ្នាធ្វើការតវ៉ាទាមទារប្រាក់ខែ ដោយសារខាងថៅកែរោងចក្របើកប្រាក់ខែមានការយឺតយ៉ាវ ។ ការធ្វើកូដកម្មតវ៉ាទាមទារ បើកប្រាក់ខែរបស់ក្រុមកម្មកររោងចក្របានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមការលើកឡើងរបស់ក្រុមកម្មកររោងចក្រថា សូមភាគីក្រសួងការងារជួយអន្តរាគមន៍ដល់កម្មករផង ។ យោងតាមផេកផ្លូវការរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៦ នេះ កំពុងចុះដោះស្រាយបន្ទាន់ករណីការប្រមូលផ្តុំរបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រ (ប្រាយធើ ភ្យូឈ័រ អ៊ិនដាសស្ត្រីឯ.ក) ដែលមានទីតាំងស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីជំនាញកំពុងស្តាប់កង្វល់នៃការទាមទាររបស់បងប្អូនកម្មករ និងស្តាប់គ្រប់ភាគីពាក់ព័ន្ធដើម្បីធានាពីការគោរពសិទ្ធិរបស់បងប្អូនកម្មករ ស្របតាមច្បាប់ការងារ ។ ទាំងនេះគឺជាអ្វីដែលក្រសួងការងារតែងតែចង់បាន ៕

ចែករំលែកព័តមាននេះ