ទីក្រុងបាងកក ៖ ប្រទេសថៃកំពុងតែពង្រឹងវិធានការសុវត្ថិភាពទេសចរណ៍ និងសហការជាមួយប្រទេសចិន ដើម្បីស្ដារទំនុកចិត្តភ្ញៀវទេសចរ បន្ទាប់ពីមានការព្រមានពីហានិភ័យសុវត្ថិភាព និងឱកាសការងារបោកប្រាស់ ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Vietnam Express (VnExpress) នៅថ្ងៃទី១១ ខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Surasak Phancharoenworakul បានថ្លែងថា ប្រទេសទាំងពីរគ្រោងនឹងបង្កើតក្រុមការងាររួមមួយ ដើម្បីការពារភ្ញៀវទេសចរ ផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហការជំនួយ។ លោកបានពិភាក្សាអំពីសំណើ នេះ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Zhang Jianwei កាលពីថ្ងៃទី ៥ ខែវិច្ឆិកា បន្ទាប់ពីស្ថានទូតចិនបានចេញសេចក្តីណែនាំកាលពីខែតុលាកន្លងទៅ ដោយព្រមានពលរដ្ឋខ្លួន ដែលធ្វើដំណើរទៅប្រទេសថៃ សម្រាប់ឱកាសការងារ ដែលជាការបោកប្រាស់។
ក្រសួងទេសចរណ៍ថៃ ក៏នឹងធ្វើការជាមួយទីភ្នាក់ងារសន្តិសុខ ដើម្បីពង្រឹងគោលដៅត្រួតពិនិត្យ ការល្បាត និងការអនុវត្តច្បាប់ក្នុងតំបន់ងាយរងគ្រោះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អសុវត្ថិភាពភ្ញៀវទេសចរ និងស្តារទំនុកចិត្តឡើងវិញ។
យោងតាមកាសែត Bangkok Post បានរាយការណ៍ថា ចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះ ១៣,៥៧% ធៀបនឹងឆ្នាំមុន គិតត្រឹមខែតុលា មកត្រឹម ៣០៨ ៩៤២នាក់ ដែលជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីខែកុម្ភៈមក ដែលធ្វើឱ្យអាក់ខានដល់ការងើបឡើងវិញនៃទំនុកចិត្តភ្ញៀវទេសចរ បន្ទាប់ពីកង្វល់ជុំវិញបញ្ហាសុវត្ថិភាព។
លោក Phancharoenworakul បន្ថែមថា រដ្ឋាភិបាលថៃ នឹងប្រើប្រាស់កិច្ចប្រជុំកំពូលមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងសិនជិន ប្រទេសចិន នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថៃ នៅក្នុងការការពារភ្ញៀវទេសចរអន្តរជាតិ។
យោងតាមក្រសួងទេសចរណ៍ និងកីឡាបានឱ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៥,៤ លាននាក់ អំឡុងខែមករាដល់ខែតុលា ថយចុះ ៤,៥៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយប្រទេសចិននៅតែជាប្រភពធំជាងគេ ជាមួយចំនួនភ្ញៀងមកដល់ចំនួន ៤,២ លាននាក់។ ដ្បិតប្រទេសថៃបានកំណត់គោលដៅភ្ញៀវទេសចរចិនចំនួន ៥,១ ដល់ ៥,៥ លាននាក់ សម្រាប់ពេញមួយឆ្នាំ ២០២៦៕

ចែករំលែកព័តមាននេះ