ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីកមាត់ស្បូនអាចការពារបាន! នាំកូនស្រីអាយុ ៩-១៤ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារពេញមួយជីវិតឥឡូវនេះ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុំឱ្យ​ខកខាន​ឱកាស​មាស​នេះ​ឱ្យ​សោះ​! ក្រសួងសុខាភិបាល អំពាវនាវ​ឱ្យ​មាតាបិតា​នាំ​កូនស្រី​អាយុ ៩-១៤ ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង HPV ការពារ​ជំងឺមហារីក​មាត់ស្បូន​ពេញ​មួយ​ជីវិត ។

ជាក់ស្តែង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​នេះ​ថា ៖ ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក​ជំទាវ​សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាង​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនាការ​សុខាភិបាល «​ផ្តល់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ដល់​កុមារី​អាយុ​ពី ៩ ដល់ ១៤​ឆ្នាំ​» នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន ដល់​កុមារី​អាយុ​ពី ៩ ដល់ ១៤​ឆ្នាំ នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ​សាស្ត្រាចារ្យ​រដ្ឋលេខាធិការ បាន​ពាំនាំ​អនុសាសន៍​សំខាន់​ៗ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ រដ្ឋមន្ត្រី ដោយ​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូច​តទៅ ៖

ក​-​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី ខេត្ត​ទាំង​២៥ និង​មន្ត្រី​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រៀបចំ​ផែនការ​អនុវត្ត​ឱ្យ​បាន​ច្បាស់លាស់​តាម​ដំណាក់កាល​នីមួយ​ៗ ពង្រឹង​ការ​សម្របសម្រួល ផ្សព្វផ្សាយ​សម្ភារ​អប់រំ​សុខភាព (​វី​ដេ​អូ និង​សារ​សម្លេង​) និង​ធានា​ការ​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​សមធម៌ ព្រមទាំង​តាមដាន​វឌ្ឍនភាព និង​លទ្ធផល​នៃ​ការ​អនុវត្ត​ឱ្យ​បានជា​ប្រចាំ ។

ខ​-​អាជ្ញាធរ​រាជធានី ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទីរ​អប់រំ យុវជន និង​កីឡា និង​គណៈ​គ្រប់គ្រង​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ទាំង​សាធារណៈ និង​ឯកជន សូម​បន្ត​ចូលរួម​សហការ​គាំទ្រ​យ៉ាង​សកម្ម ក្នុង​ការ​ផ្សព្វផ្សាយ កំណត់​អត្តសញ្ញាណ និង​កៀរគរ​កុមារី ដែល​មាន​អាយុ​គោលដៅ​ទាំងអស់ ជា​ពិសេស​កុមារី​ដែល​មិន​បាន​ចូល​រៀន ឬ​គ្មាន​ឱកាស​ទទួល​សេវា​តាម​សាលារៀន ឱ្យមក​ទទួល​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព ឬ​ទីតាំង​ផ្តល់​ថ្នាំ​បង្ការ​តាម​សហគមន៍​។

គ​-​មាតាបិតា និង​អាណាព្យាបាល សូម​ចូលរួម​សហការ និង​នាំ​កូនស្រី​ដែល​មាន​អាយុ​ស្រប​តាម​លក្ខខណ្ឌ​កំណត់ មក​ទទួល​វ៉ាក់សាំង HPV នៅ​តាម​សាលារៀន ឬ​មណ្ឌល​សុខភាព តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ដោយ​កុំឱ្យ​កុមារី​ណា​ម្នាក់​ខកខាន​ឱកាស​ទទួល​បានការ​ការពារ​ដ៏​មាន​តម្លៃ​ពេញ​មួយ​ជីវិត​នេះ ។

ឃ​-​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ហិរញ្ញវត្ថុ និង​ការ​កសាង​សមត្ថភាព ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​ផ្តល់​វ៉ាក់សាំង HPV និង​ការ​ពង្រឹង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​។

បន្ថែម​ពី​នេះ ​លោក​ជំទាវ​សាស្ត្រាចារ្យ បាន​កត់សម្គាល់ និង​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ទន្ទឹម​គ្នា​នឹង​យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន យើង​មិន​ត្រូវ​ភ្លេច​ការ​ផ្តល់​ថ្នាំ​បង្ការ​ជា​ប្រចាំ​ទេ ដោយ​ត្រូវ​បន្ត​ពង្រឹង និង​បង្កើន​អត្រា​គ្របដណ្តប់ នៃ​ការ​ចាក់​វ៉ាក់សាំង​ជា​ប្រចាំ​ ៕