ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​ថ្នាក់​ជាតិ ​នឹង​ឆ្លើយតបពីបច្ចុប្បន្នភាព​កម្ពុជា និង​តំបន់ ពាក់ព័ន្ធសេដ្ឋកិច្ច ឌី​ជី​ថ​លូ​ប​នី​យ​កម្ម បញ្ញា​សិប្បនិម្មិត ​បម្រែបម្រួល​ប្រជាសាស្ត្រ និងការ​ប្រែប្រួល​អាកាសធាតុ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ សន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពី​សេដ្ឋកិច្ច​ការងារ លើក​ទី​៣ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​បរិវត្ត​កម្ម​ទីផ្សារ​ការងារ និង​អន្តរកាល​សេដ្ឋកិច្ច​កម្ពុជា ​ក្នុង​បរិបទ​អាស៊ាន​៖ ជំនាញ បច្ចេកវិទ្យា និង​ភាព​ធន់ ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​” ត្រូវ​បាន​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Shangri-La ​។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ លោក​ជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោកស្រី Xiaoyan Qian នាយិកា​ក្រុមការងារ​នៃ​កម្មវិធី​ការងារ​សមរម្យ និង​ជា​នាយិកា​ការិយាល័យ​អង្គការ ILO ប្រចាំ​កម្ពុជា ឡាវ និង​ថៃ ដៃគូ​អភិវឌ្ឍន៍ តំណាង​និយោជក តំណាង​កម្មករនិយោជិត ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ​សរុប​ជាង ​៣៣០​នាក់ ​។

ថ្លែង​ក្នុង​ពិធី​បើក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា សន្និសីទ​ថ្នាក់​ជាតិ​នេះ​ជា​វេទិកា​សម្រាប់​ការ​ពិភាក្សា​ ទៅ​លើ​បញ្ហា​ទីផ្សារ​ការងារ ផលិតភាព​ការងារ ជំនាញ និង​អនាគត​នៃ​ការងារ​ដោយ​ផ្អែក​លើ​ភស្តុ​តាង​។ ប្រធានបទ​ដ៏​សំខាន់​នា​ឆ្នាំ​នេះ ឆ្លើយ​តប​នឹង​បច្ចុប្បន្នភាព​កម្ពុជា និង​តំបន់ ដែល​កំពុង​ឈាន​ចូល​របត់​ថ្មី​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ឌី​ជី​ថ​លូ​ប​នី​យ​កម្ម បញ្ញា​សិប្បនិម្មិត (AI) បម្រែបម្រួល​ប្រជាសាស្ត្រ ការ​ប្រែប្រួល​អាកាសធាតុ ការ​វិភា​ជ​ឡើង​វិញ​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល និង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា ដើម្បី​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ ​។

សន្និសីទ​ឆ្នាំ​នេះ ក៏​បាន​ដាក់​បញ្ចូល​សកម្មភាព​ថ្មី​ៗ ដូច​ជា ការ​ជ្រើសរើស​អត្ថបទ​ស្រាវជ្រាវ កា​រៀបចំ​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ការ​ភ្ជាប់​ភស្តុ​តាង​ទៅ​នឹង​គោលនយោបាយ និង​ការ​តាំង​បង្ហា​ញន​វា​នុ​វត្ត​ទីផ្សារ​ការងារ ដើម្បី​ធានា​ថា​លទ្ធផល​នៃ​សន្និសីទ​នេះ​ នឹង​ផ្តល់​ជា​ធាតុ​ចូល​ប្រកបដោយ​ភស្តុ​តាង​វិទ្យាសាស្ត្រ​រឹង​មាំ​ ។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ដើម្បី​ព​ន្លឿ​ន​បម្រែបម្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច វិសិដ្ឋ​កម្ម​ឧស្សាហកម្ម និង​ឆ្លើយ​តប​នឹង​ដំណើរ​អន្តរកាល​សេដ្ឋកិច្ច ក្រសួង​ចាត់​ទុក​ការ​កសាង “​ភាព​ធន់​” និង “​ផលិតភាព​” នៃ​កម្លាំង​ពលកម្ម​ជា​ អាទិភាព​ខ្ពស់​បំផុត ដោយ​ព​ន្លឿ​ន​បញ្ចប់​ការ​រៀបចំ​និង​អនុវត្ត​នូវ​ឯកសារ​គោលនយោបាយ​ជាតិ​ ដ៏​មាន​តម្លៃ សម្រាប់​ជា​ត្រីវិស័យ​តម្រង់​ទិស ​ក្នុង​មួយ​ទសវត្សរ៍​បន្ទាប់ គឺ (១) គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ ឆ្នាំ​២០២៦-២០៣៥ និង (២) គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឆ្នាំ​២០២៦-២០៣៥ ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​សំខាន់​ៗ ​នៃ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់ ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​បង្កើត​ឱកាស​ការងារ លើកកម្ពស់​ជីវភាព​កម្មករនិយោជិត អភិវឌ្ឍ​មូលធន​មនុស្ស និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​បរិ​យា​បន្ន ​។ ឯកឧត្តម​ជឿជាក់​យ៉ាង​មុតមាំ​ថា សន្និសីទ​នេះ​នឹង​បន្ត​ដើរតួ​នាទី​ជា​វេទិកា​ដ៏​សំខាន់ ជំរុញ​ការ​ពិភាក្សា​គោលនយោបាយ​ផ្អែក​លើ​ភស្តុ​តាង ដើម្បី​ធានា​ថា​បរិវត្ត​កម្ម​ទីផ្សារ​ការងារ​កម្ពុជា​ មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជិត​ស្និទ្ធ​ទៅ​នឹង​គោលនយោបាយ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្នាក់​ជាតិ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ក្នុង​គោលដៅ​ឈាន​ឆ្ពោះទៅ​ សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​ ។

នា​ឱកាស​នោះ ក្នុង​នាម​រាជរដ្ឋាភិបាល ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​កោតសរសើរ​ចំពោះ​ក្រសួង​ការងារ និង​ដៃគូ​ ដែល​បាន​សហការ​រៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​នេះ​ឡើង ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​វឌ្ឍនភាព​ការងារ ​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា សន្និសីទ​នេះ​ជា​ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ទីផ្សារ​ការងារ​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ចាត់​ទុក​មនុស្ស​ជា “​អាទិភាព​គន្លឹះ​” ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

ដើម្បី​តម្រង់​ទិស និង​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ទីផ្សារ​ការងារ និង​ការ​កសាង​មូលធន​មនុស្ស​ ដើម្បី​ធានា​ភាព​ប្រកួតប្រជែង និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ ដូច​ជា​៖ ការ​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ តាម​ពេល​ជាក់ស្តែង និង​តាម​តំបន់​, ការ​បន្ស៊ី​ការ​បណ្តុះបណ្តាល​ជំនាញ​ ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​, ការ​ត្រៀមលក្ខណៈ​ចាប់​យក​កាលានុវត្តភាព​ពី “​បរិវត្ត​កម្ម​” និង “​អន្ដរកាល​កម្ម​”, ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​, ការ​ជំរុញ​អន្តរ​កាលពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មក​ក្នុង​ប្រព័ន្ធ និង​ការ​ពង្រីក​កិច្ច​គាំពារ​សង្គម និង​ការ​ពង្រឹង​ចីរភាព​ហិរញ្ញប្បទាន និង​ភាព​ជា​ដៃគូ​ រវាង​រដ្ឋ​និង​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ជាដើម ៕ អត្ថបទសហការ