ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណា​នៅ​ក្នុង​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​ៗ​ជាមួយ​កម្ពុជា ?

5 ម៉ោង មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​កម្ពុជា​​កំពុង​តែ​រៀបចំ​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០​នៅ​រាជធានី​ភ្នំពេញ​​នៅ​ចុង​ស​ប្តា​ហ៍​នេះ និង​ដើម​ស​ប្តា​ហ៍​ក្រោយ ប្រទេស​បី​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​លេចធ្លោរ​ជាមួយ​កម្ពុជា គឺ​វៀតណាម កា​ណា​ដា និង​
បារាំង ។

តាម​ស្ថិតិ​ដែល​ប្រកាស​ដោយ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា វៀតណាម​ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា​ផង​នោះ គឺ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​ជាងគេ ។ នៅ​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៦ ពាណិជ្ជកម្ម​កម្ពុជា​ និង​វៀតណាម​មាន​ទំហំ​សរុប​៧,១៦ពាន់​លាន​ដុល្លារកើនឡើង​៨,៨​ភាគរយ ដោយនៅ​ក្នុង​នោះ​ កម្ពុជា​នាំ​ចេញ​៣,៤ពាន់​លាន​ដុល្លារ កើនឡើង​៨,៤ ភាគរយ ហើយ​នាំ​ចូល​មាន​តម្លៃ៣,៧៦​ពាន់​លាន​ដុល្លារ​កើនឡើង​៩,២ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​ពាណិជ្ជកម្ម​កម្ពុជា​ និង​កា​ណា​ដា​វិញ ពី​ខែមករាដល់​ខែតុលា ឆ្នាំ​២០២៦ មាន​តម្លៃ​សរុប១,២២ពាន់​លាន​ដុល្លារ​កើនឡើង​៨,៣​ភាគរយ នៅ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កា​ណា​ដា​មាន​តម្លៃ​១,១៤ពាន់​លាន​ដុល្លារ កើនឡើង​៧,២ ភាគរយ ហើយ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​តម្លៃ​៧៥,៥លាន​ដុល្លារ​ប៉ុណ្ណោះ តែ​មាន​កំណើន​២៧,៨ភាគរយ ។

ដោយឡែក​ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​បារាំង​វិញ​​នៅ​ក្នុង​រង្វង់​១០​ខែ​នៃ​ឆ្នាំ​២០២៦​នេះ ប្រទេស​ទាំង​ពីរ​មាន​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​ជិត៥៦១លាន​ដុល្លារ កើនឡើង​ជិត១៦​ភាគរយ ។

កម្ពុជា​នាំ​ចេញ​ទៅ​បារាំង​៤៣១,៤លាន​ដុល្លារ​កើន​១២,៦​ភាគរយ ហើយ​នាំ​ចូល​មក​វិញ​មាន​តម្លៃ​ជាង១២៩លាន​ដុល្លារ​កើនឡើង២៨,៤លាន​ដុល្លារ ។