ទីក្រុងវ៉ាស៊ីនតោន៖ ជុំវិញរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាសរបស់នាយកប្រតិបត្តិក្រុមហ៊ុនអឹនវីឌា (Nvidia) លោកជេនសិន ហួង និងអ្នកស្រីអាលីស ហួង (Alice Huang) ដែលមានស្វាមីរួចទៅហើយ ហើយត្រូវរដ្ឋាភិបាលអាមេរិកដាក់ការសង្ស័យថាអ្នកស្រីជាភ្នាក់ងារសម្ងាត់របស់រដ្ឋាភិបាលចិន។ មានសេចក្ដីរាយការណ៍បែកធ្លាយជាបន្តបន្ទាប់ថាមែនទែនទៅ អ្នកស្រីអាលីស ហួងប្រើប្រាស់ទំនាក់ទំនងស្នេហាជាមួយលោកជេនសិន ហួងដើម្បីបញ្ជូនបន្ទះឈីបដែលបំពាក់បច្ចេកវិទ្យាអេអាយរបស់អាមេរិកទៅឱ្យប្រទេសចិន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយថាតាមរយៈទំនាក់ទំនងស្នេហានេះ អ្នកស្រីអាលីស ហួងអាចដឹកជញ្ជូនលួចលាក់ (smuggle) នូវបន្ទះឈីបម៉ាក Nvidia បំពាក់អេអាយដែលមានតម្លៃសរុបយ៉ាងតិច៧,៥ពាន់លានដុល្លារពីអាមេរិកទៅឱ្យក្រុមហ៊ុនជាច្រើននៅប្រទេសចិន។

យោងតាមការចុះផ្សាយដដែលនេះ អ្នកស្រីអាលីស ហួងអាចលួចបញ្ជូនបន្ទះឈីបទាំងនោះតាមរយៈការបង្កើតបណ្ដាញសាជីវកម្មដ៏ស្មុគស្មាញប្រទាក់ក្រឡាគ្នាដែលអ្នកល្មមៗមិនអាចដេញជើងទាន់នោះទេ។ បណ្ដាញនេះមានខ្សែរយៈតភ្ជាប់តាំងពីប្រទេសចិន សិង្ហបុរី និងម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពីសមាជិកគ្រួសារដូចជាលោកកាងវៃ (Kang Wei) ដែលជាស្វាមីរបស់អ្នកស្រីអាលីស ហួង និងប្អូនស្រីរបស់អ្នកស្រីអាលីស ហួងឈ្មោះហួង វៃ (Huang Wei) ផងដែរ។ ប្រភពខ្លះថាលោកកាងវៃគ្រាន់តែជាស្វាមីសម្ដែងពីសម្បកក្រៅតែប៉ុណ្ណោះដើម្បីបិទបាំងសមាសភាពចារកម្មរបស់អ្នកស្រីអាលីស ហួង។

សារព័ត៌មានញូយ៉កថាមស៍ផ្សាយថាគ្មានប្រភពច្បាស់ការណ៍ថាអ្នកស្រីអាលីស ហួង និងលោកកាងវៃបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានោះទេ។ ប៉ុន្តែច្បាស់ណាស់ថាអ្នកទាំង២បានប្រើប្រាស់អង្គភាពជាច្រើនធ្វើជាខ្សែច្រវាក់នៃបណ្ដាញទំនាក់ទំនង។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Shanghai Century Lirong ដែលជាក្រុមហ៊ុនចិនបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៣, ក្រុមហ៊ុន Megaspeed ជាក្រុមហ៊ុនចុះបញ្ជីនៅសិង្ហបុរី និងក្រុមហ៊ុន Speedmatrix ដែលបង្កើតឡើងនៅម៉ាឡេស៊ី និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Megaspeed។ ក្រុមហ៊ុន Century Lirong ដែលមានហួងវៃជាម្ចាស់ភាគហ៊ុនធំ និងជាស្ថាបនិកអាចទទួលបានសិទ្ធិជាដៃគូរបស់ Nvidia កាលពីខែតុលា ឆ្នាំ២០២៣ និងក្លាយជាអ្នកមានអាទិភាពក្នុងការផ្គត់ផ្គង់បន្ទះឈីប។ ពោលគឺក្រោយពេលបង្កើតក្រុមហ៊ុនត្រឹមតែ៤ខែប៉ុណ្ណោះ។

នៅពេលអាមេរិកគ្រប់គ្រងការនាំចេញបន្ទះឈីបរបស់ Nvidia ទៅកាន់ប្រទេសចិន និងនាំទៅដល់ការផ្អាក ឬពន្យារពេលបញ្ជាទិញ អ្នកស្រីអាលីស ហួងក៏បានធ្វើអន្តរាគមន៍នៅក្នុងរឿងនេះដើម្បីពង្រឹងទំនាក់ទំនងរវាងអ្នកស្រីជាមួយក្រុមហ៊ុន Nvidia និងអង្គភាពដទៃទៀតដើម្បីធានានិរន្តរភាពក្នុងការផ្គត់ផ្គង់។ បន្ទះឈីប Nvidia ដែលមានថាមពលខ្លាំង និងដែលបញ្ជូនទៅប្រទេសចិនតាមរយៈក្រុមបណ្ដាញដឹកជញ្ជូនលួចលាក់របស់អ្នកស្រីអាលីស ហួង ឬតាមរយៈមជ្ឈមណ្ឌលទិន្នន័យ (data center) មានចំនួន២,៤សែនគ្រឿង។ ក្នុងនោះមានប្រភេទ H100, H200 និង A100។

សមត្ថភាពគណនាតាមម៉ាស៊ីនកុំព្យូទ័រដែលផលិតដោយបន្ទះឈីបទាំងនេះត្រូវបានចែកចាយទៅក្រុមហ៊ុនអាលីបាបា (Alibaba), ថេនសិន (Tencent) និងក្រុមហ៊ុនអេអាយធុនតូច និងមធ្យមនៅទូទាំងប្រទេសចិន។ បន្ទះឈីបទាំងនេះប្រើប្រាស់សម្រាប់បង្វឹកអេអាយ។ ទំនាក់ទំនងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia ជាមួយអ្នកស្រីអាលីស ហួងមិនទាន់បិទបញ្ចប់ត្រឹមនេះទេ ហើយនៅមានរឿងវែងឆ្ងាយដែលត្រូវនិយាយគ្នាតទៅទៀត។ បើជាទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ជារឿងមួយ។ ប៉ុន្តែរឿងនេះត្រូវអាមេរិកដាក់ការសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងផ្នែកចារកម្ម និងរដ្ឋាភិបាលចិន ទោះបីចិនចេញមុខបដិសេធយ៉ាងណាក្ដី៕ ប្រភព៖ sbs.co.kr

ចែករំលែកព័តមាននេះ