ទីក្រុងប៉េកាំង ៖ អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន បានកើនលើសពី១ទ្រីលានដុល្លារអាមេរិក នៅក្នុងរយៈពេលត្រឹម១០ខែ ឆ្នាំ ២០២៦ ដែលនេះគឺជាឆ្នាំទី ២ ជាប់គ្នាហើយ ដែលប្រទេសចិនឈានដល់តួលេខដ៏ខ្ពស់បែបនេះ ហើយក៏បានកើតឡើងលឿនជាងឆ្នាំមុនដល់ទៅ១ខែ។
យោងតាមទិន្នន័យផ្លូវការរបស់គយចិន ដែលចេញផ្សាយកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានបង្ហាញថា ចន្លោះពីខែមករាដល់ខែតុលា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនកើនដល់ចំនួន ១,០៤ ទ្រីលានដុល្លារ ខណៈដែលការប្រកួតប្រជែងជាសកលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) បានជម្រុញការលក់ផលិតផលបច្ចេកវិទ្យា និងជួយទូទាត់សងចំពោះតម្រូវការក្នុងស្រុកធ្លាក់ចុះ។
ទិន្នន័យគយបង្ហាញថា ការនាំចេញបានកើនឡើងយ៉ាងគំហុក ៣៥,២% ក្នុងខែតុលា បើធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន ដល់ ៤១២,៣ ពាន់លានដុល្លារ ប៉ុន្តែទាបជាងការកើនឡើង ៣៦,៣% ក្នុងខែកញ្ញា ប៉ុន្តែខ្ពស់ជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលព្យាករថាកើនឡើងត្រឹម ៣៣,៥%។ ចំណែកការនាំចូលក្នុងខែតុលា បានកើនឡើង ៤១,៦% បើធៀបនឹងឆ្នាំមុន ដល់ ៣០៧,១ពាន់លានដុល្លារ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មសរុបរបស់ចិនរយៈពេល១០ខែ នៃឆ្នាំ២០២៦ មានចំនួន ១០៥,៣ ពាន់លានដុល្លារ។
តួលេខទាំងនេះ បានបញ្ជាក់ពីការពឹងផ្អែកខ្លាំងឡើងរបស់ចិនទៅលើតម្រូវការពីបរទេស ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងញាំញីដោយការប្រើប្រាស់ក្នុងស្រុកមានកម្រិតទាប និងវិបត្តិវិស័យអចលនទ្រព្យដែលបានអូសបន្លាយពេលយូរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការវិនិយោគលើ AI ជាសកលត្រូវបានរំពឹងថា នឹងរក្សាតម្រូវការផលិតផលបច្ចេកវិទ្យាចិនឱ្យនៅខ្លាំងរហូតដល់ឆ្នាំ ២០២៧។
ទិន្នន័យនេះ ត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC សប្តាហ៍ក្រោយ នៅទីក្រុងសិនជិន (Shenzhen) ដែលនៅទីនោះ ជាកន្លែងដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានរំពឹងថានឹងជួបគ្នាជាលើកទីបីក្នុងឆ្នាំនេះ ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើទំនាក់ទំនងសេដ្ឋកិច្ច និងគោលនយោបាយពន្ធគយ៕ ប្រភព ៖ Reuters និង AFP

ចែករំលែកព័តមាននេះ