ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កំពុង​ពិចារណា​ដាក់​កំហិត​លើ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​សម្រាប់​ក្មេ.ង​​ក្រោ.ម​អា.យុ​១៦​ឆ្នាំ

3 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ​ការ​ជះ​ឥទ្ធិ​ពល​របស់​​ស្មាត​ហ្វូន និង​បណ្ដាញ​សង្គម​ទៅ​លើ​អនីតិ​ជន​កំពុង​ឆ្លង​កាត់​ការ​សិក្សា​-​វិភាគ​អំពី​ផល​ល្អ​ និង​ផល​អាក្រក់​មិន​ថា​តែ​នៅ​បស្ចិម​ប្រទេស​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ក៏​កំពុង​គិត​គូរ​អំពី​បញ្ហា​នេះ​ផង​ដែរ​។ ថ្មី​ៗ​នេះ​​នៅ​វៀតណាម អ្នក​តំណាង​រាស្ត្រ​​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដាក់​ចេញ​វិធាន​ការ​​ហាម​ឃាត់​​កុមារ​ក្រោម​អាយុ​១៦​ឆ្នាំ​មិន​ឱ្យ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​។ សំណើ​នេះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖ ការ​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​មួយ​​ថ្ងៃ​ៗ​​នៅ​មុខ​អេក្រង់​ទូរ​ស័ព្ទ, ​ការ​​ញៀន​នឹង​បណ្ដាញ​សង្គម និង​ការ​​ប្រឈម​​នឹង​ហានិ​ភ័យ​ពាក់​ព័ន្ធ​​នឹង​សុវត្ថិ​ភាព​របស់​កុមារ​។​

មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធ​ន​កម្ម​ច្បាប់​ស្ដី​ពី​ការ​ការ​ពារ​កុមារ​ លោក​ហ្វាម​វ៉ាន់​ហោ (Pham Van Hoa) ​ជា​អ្នក​តំណាង​រាស្ត្រ​​​មក​ពី​​ខេត្ត​ដុង​ថាប (Dong Thap) ស្នើ​សុំ​ឱ្យ​​រដ្ឋាភិបាល​​​ចាត់​វិធាន​ការ​រឹត​ត្បិត​លើ​ចំណុច​​​នេះ​បន្ទាប់​ពី​ប្រទេស​អភិ​វឌ្ឍ​មួយ​ចំនួន​បាន​អនុ​ម័ត​ច្បាប់​នេះ​រួច​ហើយ​។ លោក​ដាក់​ជា​សំណួរ​ថា​តើ​វៀតណាម​អាច​ធ្វើ​ដូច​ប្រទេស​ទាំង​នោះ​ទេ? ដ្បិត​អី​​មាន​ភស្តុ​តាង​បង្ហាញ​ច្បាស់​ៗ​ហើយ​​អំពី​ផល​អាក្រក់​​នៃ​​​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​មិន​បាន​ត្រឹម​ត្រូវ។ ហេតុ​នេះ លោក​សូម​​ឱ្យ​រដ្ឋាភិបាល​សិក្សា​ករណី​នេះ​។ រដ្ឋាភិបាល​បាន​ចាត់​តាំង​ឱ្យ​ក្រសួង​អប់​រំ​ និង​វិក្រឹត​ការ​​ដឹក​នាំ​គម្រោង​សិក្សា​ស៊ី​ជម្រៅ​ដើម្បី​រៀប​ចំ​តាក់​តែង​ជា​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន និង​បណ្ដាញ​សង្គម​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​​។

អស់​រយៈ​ពេល​៦​ឆ្នាំ​​កន្លង​ទៅ​នេះ​ ការ​កំណត់​បទ​បញ្ញត្តិ​នានា​ដើម្បី​អនុញ្ញាត​​ឱ្យ​សិស្ស​ប្រើ​ប្រាស់​ស្មាត​ហ្វូន​​​​បង្កើន​ប្រសិទ្ធ​ភាព​រៀន​សូត្រ​ជា​មួយ​គ្រូ​នៅ​តែ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស​។ នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ សាលា​​​រៀន​ជា​ច្រើន​បានដាក់​ចេញ​នូវ​វិធាន​ការ​តឹង​រ៉ឹង​ពិត​មែន​ហើយ​។ ក្នុង​នោះ សាលា​ខ្លះ​រហូត​ដល់​ទៅ​ដើរ​​ប្រមូល​ទូរ​ស័ព្ទ​របស់​សិស្ស​ទុក​មួយ​ដុំ​នៅ​ពេល​ចាប់​ផ្ដើម​ចូល​ថ្នាក់​រៀន​​​។ ប៉ុន្តែ​នៅ​តែ​មាន​សិស្ស​ខ្លះ​លួច​ប្រើ​ទូរ​ស័ព្ទ​ក្រោម​តុ​ដើម្បី​ផ្ញើ​សារ​ ឬ​អូស​វីឌីអូ​នៅ​លើ​ទីក​តុក​ជា​ដើម​​។ ​​មាន​ន័យ​ថា​ថ្វី​ដ្បិត​ពួក​គេ​​កំពុង​ស្ថិត​នៅ​ក្នុង​ថ្នាក់​រៀន​ ប៉ុន្តែ​អារម្មណ៍​​ហោះ​ហើរ​អណ្ដែត​ត្រសែត​​នៅ​​លើ​បណ្ដាញ​សង្គម​។

ក្មេង​ឆាប់​ចម្លង​តាម។​​ ឧទាហរណ៍ ការ​ឈ្លោះ​​គ្នា​​តាម​​បណ្ដាញ​សង្គម​អាច​ផ្ដល់​ជា​គំរូ​ឱ្យ​ពួក​គេ​យក​មក​អនុ​វត្ត​ជាក់​ស្ដែង​ក្រោយ​ពេល​ចេញ​ពី​ថ្នាក់​រៀន​។ ចំណុច​នេះ​ហើយ​ដែល​នាំ​ឱ្យ​គេ​ចោទ​ជា​សំណួរ​ថា​តើ​ការ​ដាក់​កំហិត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​នៅ​ក្នុង​ថ្នាក់​រៀន​តែ​មួយ​មុខ​ពិត​ជា​អាច​ដោះ​ស្រាយ​ការ​ញៀន​នឹង​បណ្ដាញ​សង្គម​ដែរ​ឬ​ទេ​? ចុះ​ពេល​ក្មេង​ៗ​ចេញ​ពី​រៀន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពួក​គេ​នៅ​តែ​មាន​ឱកាស​បើក​មើល​ស្មាត​ហ្វូន​ និង​អូស​មើល​វីឌីអូ​នៅ​លើ​បណ្ដាញ​សង្គម​តែ​ដដែល​​ហ្នឹង​? អ្នក​តំណាង​មន្ទីរ​អប់​រំ​ និង​វិក្រឹត​ការ​ខេត្ត​ហុង​យ៉េន (Hung Yen) ទទួល​ស្គាល់​ថា​បណ្ដាញ​សង្គម​ពិត​ជា​ផ្ដល់​អត្ថ​​​ប្រយោជន៍​​​គួរ​ឱ្យ​កត់​សម្គាល់ ​ប្រសិន​បើ​យើង​ចេះ​ប្រើ​វា​ឱ្យ​បាន​ត្រឹម​ត្រូវ​។

ប៉ុន្តែ​បើ​គ្មាន​គោល​ការណ៍​ណែ​នាំ​ និង​គ្មាន​អ្នក​ចាំ​ត្រួត​ពិនិត្យ​ពី​ខាង​លើ​ទេ​ ក្មេង​ៗ​អាច​ប្រឈម​នឹង​ផល​វិបាក​ធ្ងន់​ធ្ងរ​។ ថ្នាក់​ដឹក​នាំ​មន្ទីរ​ខាង​លើ​ស្នើ​សុំ​ឱ្យ​​រដ្ឋាភិបាល​ពិចារណា​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​ដាក់​កំហិត​លើ​កុមារ​​នៅ​អាយុ​កម្រិត​ណា​មួយ (ឧទាហរណ៍​​កុមារ​ក្រោម​អាយុ​១៦​ឆ្នាំ​​) មិន​ឱ្យ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​​មាន​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​​​អាចបង្ក​​គ្រោះ​ថ្នាក់​ ឬ​ពោរ​ពេញ​ដោយ​​គ្រោះ​ថ្នាក់​សម្រាប់​ពួក​គេ​។ នៅ​ក្នុង​​សំណើ​នោះ​មាន​ការ​អំពាវ​នាវ​ឱ្យ​​រឹត​បន្តឹង​វិធាន​ការ​នានា​ដើម្បី​ការ​ពារ​កុមារ​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​ឌីជីថល។ មាន​ន័យ​ថា​ជា​ការ​ផ្សំ​បញ្ចូល​គ្នា​ទាំង​ការ​ដាក់​កំហិត​ផ្អែក​លើ​អាយុ​, ការ​គ្រប់​គ្រង​ពី​អា​ណា​​ព្យាបាល និង​ការ​គ្រប់​គ្រង​ស្មាត​ហ្វូន​ឱ្យ​បាន​តឹង​រ៉ឹង​៕ ប្រភព៖ សារ​ព័ត៌​មាន​ Tuoitre​