ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.ក​ស្ដា.យ!​ កូន​ក្រមុំ​នៅ​វៀតណាម​ក្រ.ឡាប់​ឡាន​ប្រឡាក់​ភក់​ពេញ​មុខ និង​សំលៀក​បំពាក់​​នៅ​ថ្ងៃ​មង្គល​ការ

2 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ នេះ​ជា​រឿង​គួរ​ឱ្យ​សោ​ក​ស្ដាយ​​សម្រាប់​ស្វាមី​-​ភរិយា​មួយ​គូ ​នៅ​ក្នុង​ពិធី​មង្គល​ការ​បែរ​ជា​ជួប​ប្រ​ទះ​នឹង​​រឿង​អព​មង្គល។​ កូន​ក្រមុំ​​ប្រឡាក់​ភក់​ពេញ​មុខ​ និង​ពេញ​សំលៀក​បំពាក់​​នៅ​ពេល​ឡាន​ដឹក​កូន​ក្រមុំ​ និង​កូន​កំលោះ​កំពុង​បើក​នៅ​លើ​ផ្លូវ​សុខ​ៗ​ក៏​ជ្រុល​ចង្កូត​​ធ្លាក់​ចូល​​​វាល​ស្រែ​ដោយ​​សារ​តែ​កម្រង​ផ្កា​ដែល​គេ​តុប​តែង​ពី​មុខ​កញ្ចក់​រថ​យន្ត​នោះ​​ធ្លាក់​មក​បាំង​ពី​មុខ​តៃ​កុង​ឡាន​ ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​មើល​ផ្លូវ​មិន​ឃើញ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វៀតណាម​ភាគ​ខាង​ជើង​ វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ពេល​កូន​កំលោះ​​​ឈ្មោះ​លី​វ៉ាន់​វៀត (Ly Van Viet)​ អាយុ​២១​ឆ្នាំ​ និង​កូន​ក្រមុំ​​ឈ្មោះ​ដាំ​ធី​សួន (Dam Thi Xuan) អាយុ​១៩​ ចាក​ចេញ​ដំណើរ​ពី​ផ្ទះ​ខាង​ស្រី​នៅ​ភូមិ​ថូ (Tho) ឆ្ពោះ​ទៅ​កាន់​ផ្ទះ​ខាង​ប្រុស​ស្ថិត​នៅ​ភូមិ​បាន​បាន (Ban Ban) ឃុំ​ហ្វ៊ូលូ (Phu Luu) ខេត្ត​ធ្វាន​គ័ង (Tuyen Quang)​។

នៅ​ពេល​ក្បួន​ហែ​កូន​កំលោះ​ និង​កូន​ក្រមុំ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ខាង​ប្រុស​ ឡាន​ដឹក​ពួក​គេ​ក៏​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​ ហើយ​ក៏​ផ្អៀង​ទៅ​ម្ខាង​ ធ្វើ​ឱ្យ​ដីភក់​ខ្ទាត​ប្រឡាក់​អ្នក​អង្គុយ​នៅ​ក្នុង​ឡាន​។ មុន​ពេល​កើត​ហេតុ​មាន​ខ្យល់​បក់​ខ្លាំង​ ជា​ហេតុ​​​ធ្វើ​ឱ្យ​កម្រង​ផ្កា​ដែល​គេ​ចង​ជា​រំយោល​នោះ​ធ្លាក់​ចុះ​មក​ក្រោម​បិទ​បាំង​ពី​មុខ​អ្នក​បើក​បរ​។ លោក​លី​ដាន​ស៊ូ (Ly Dan Su) ជា​ជាង​ថត​រូប​ និង​ជា​អ្នក​ធ្វើ​ដំណើរ​ហែ​ហម​ក្បួន​ដឹក​កូន​កំលោះ​ និង​កូន​ក្រមុំ​​នោះ​ ប្រាប់​ថា​រថ​យន្ត​កើត​ហេតុ​រមៀល​ជា​ច្រើន​ត្រឡប់​ទម្រាំ​ផ្អៀង​ទៅ​ម្ខាង​។ កូន​ក្រមុំ​អង្គុយ​កៀក​នឹង​ទ្វារ​ឡាន​ដែល​បើក​កញ្ចក់ ​ជា​ហេតុ​ធ្វើ​ឱ្យ​ភក់​ប្រឡាក់​ពាស​ពេញ​មុខ និង​សំលៀក​បំពាក់​របស់​នាង​។

ហេតុ​ការណ៍​នោះ​ធ្វើ​ឱ្យ​អ្នក​ហែ​ហម​ក្បួន​រថ​យន្ត​ដឹក​កូន​កំលោះ និង​កូន​ក្រមុំ​ភ្ញាក់​ផ្អើល​គ្រប់​ៗ​គ្នា​។ ពួក​គេ​ក៏​ប្រញាប់​ចុះ​ទៅ​ជួយ​ប្រមៀល​ឡាន​ និង​ជួយ​គ្រាហ៍​​គូស្វាមី-​ភរិយា​ទាំង​២​។ មុន​ដំបូង​ មនុស្ស​ប្រុស​ពេញ​កម្លាំង​បួន​ប្រាំ​នាក់​ព្យាយាម​លើក​រថ​យន្ត​នោះ​ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ទេ​ព្រោះ​ជា​រថ​យន្ត​ខ្នាត​ធំ​គួរ​សម​ និង​មាន​ទម្ងន់​ធ្ងន់​។ ក្រោយ​មក​ អ្នក​រស់​នៅ​ម្ដុំ​នោះ​ក៏​ប្រមូល​កម្លាំង​រាប់​សិប​នាក់​ ទម្រាំ​​​អាច​លើក​រថ​យន្ត​នោះ​ឱ្យ​ហើប​ខ្ពស់​បន្តិច​ដើម្បី​ឱ្យ​កូន​កំលោះ និង​កូន​ក្រមុំ​អាច​លូន​ចេញ​មក​ខាង​ក្រៅ​បាន​។ ជាង​ថត​រូប​ឈ្មោះ​លី​ដាន​ស៊ូ​ប្រាប់​ថា​កូន​ក្រមុំ​មាន​គភ៌​នៅ​ក្នុង​ផ្ទៃ​ ហេតុ​នេះ​នៅ​ពេល​រថ​យន្ត​ប្រមៀល​ក្រឡាប់​ផ្កាប់​ផ្ងារ​យ៉ាងដូច្នេះ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​សម្លឹង​មើល​ទាំង​លស់​ព្រលឹង​។ ប៉ុន្តែ​សំណាង​ល្អ​ទាំង​កូន​ក្រមុំ​ និង​កូន​កំលោះ​មិន​បាន​រង​របួស​អ្វី​ទេ​ គ្រាន់​តែ​ថា​ឈុត​កូន​ក្រមុំ​ និង​សក់​របស់​នាង​ប្រឡាក់​​សុទ្ធ​តែ​ភក់​។

មិន​បង្អែ​បង្អង់​យូរ​ទេ នាង​ត្រូវ​គេ​ដឹក​ទៅ​ផ្ទះ​កូន​កំលោះ​ដើម្បី​ដុស​លាង​សម្អាត និង​ដូរ​សំលៀក​បំពាក់​។ ដូច្នេះ ពិធី​ផ្សេងៗ​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​នេះ​បាន​ប្រព្រឹត្ត​ទៅចប់​ចុង​ចប់​ដើម​។ នៅ​ពេល​រសៀល ក្រុម​គ្រួសារ​បាន​នាំ​កូន​ក្រមុំ​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខ​ភាព​។ គ្រូ​ពេទ្យ​បញ្ជាក់​ថា​ទាំង​ស្ត្រី​ជា​ម្ដាយ​ និង​កូន​នៅ​ក្នុង​ផ្ទៃ​មាន​សុខ​ភាព​ល្អ​ជា​ធម្ម​តា​។ កូន​កំលោះ​​ប្រាប់​ថា​នេះ​ជា​ហេតុ​ការណ៍​ដែលមិន​នឹក​ស្មាន​ដល់​។ វា​ជាសំណាង​ល្អ​ដែល​ភរិយា​របស់​គាត់ និង​កូន​នៅ​ក្នុង​ផ្ទៃ​មាន​សុវត្ថិ​ភាព​ ហើយ​ពិធី​មង្គល​ការ​អាច​រៀប​ចំ​រហូត​ដល់​ចប់​សព្វ​គ្រប់​។ រូប​វីឌីអូ​ឃ្លីប​ដែល​បង្ហាញ​កូន​ក្រមុំ​ប្រឡាក់​ភក់​ពេញ​ខ្លួន​នោះ​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ ប្រិយ​មិត្ត​អ្នក​ទស្ស​នា​ភាគ​ច្រើន​បង្ហាញ​សមាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​​ស្វាមី​-ភរិយា​ថ្មី​ថ្មោង​មួយ​គូ​នេះ​ដោយ​សារ​តែជា​ថ្ងៃ​មង្គល​សិរី​សួ​ស្ដី មិន​គួរ​ណា​មាន​បញ្ហា​ល្អក់​កករ​កើត​ឡើង​បែប​នេះ​សោះ​។ អ្នក​ខ្លះ​ទៀត​ជួយ​ត្រេក​អរ​នៅ​ពេលអ្នក​ទាំង​២​មិន​មាន​បញ្ហា​អ្វី​ធ្ងន់​ធ្ងរ​​កើត​ឡើង​ក្រៅ​ពី​ការ​ប្រឡាក់​ភក់​​៕ ប្រភព៖ Vietnam Express​