ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ​ ៖ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​ចេះ​ប្រើប្រាស់​ជំនាញ​បច្ចេកទេស ឌី​ជី​ថ​ល និង AI ជា​គន្លឹះ​បំពេញតម្រូវការ​ឧស្សាហកម្ម និង​លើកកម្ពស់​ផលិតភាព​ការងារ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​គោលនយោបាយ​កម្រិត​ខ្ពស់​ពិសេស​ ស្តី​ពី​ទីផ្សារ​ការងារ និង​គោលនយោបាយ​ឧស្សាហកម្ម​ថ្មី​របស់​កម្ពុជា ​៖ ផលិតភាព ជំនាញ និង​បរិវត្ត​កម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដែល​រៀបចំ​ឡើង​ក្នុង​ឱកាស​សន្និសីទ​ថ្នាក់​ជាតិ​ស្ដី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ​២០២៦ នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Shangri-La ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​បច្ចេកទេស និង​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា គឺជា​កត្តា​ស្នូល​ក្នុង​ការ​លើកកម្ពស់​ផលិតភាព​ការងារ បង្កើន​ប្រសិទ្ធភាព​ខ្សែ​ច្រវាក់​ផលិតកម្ម និង​បន្ថែម​តម្លៃ​ក្នុង​វិស័យ​ឧស្សាហកម្ម ខណៈ​ការ​កំណត់​ទិស​ដៅ​គោលនយោបាយ​ឧស្សាហកម្ម​ឱ្យ​បាន​ច្បាស់លាស់ និង​ការ​ចូលរួម​ពី​វិស័យ​ឯកជន គឺជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​ធានា​ថា ការ​បណ្តុះបណ្តាល​ជំនាញ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ជាក់ស្តែង ​។

ឯកឧត្តម​ បាន​គូសបញ្ជាក់​ថា ធនធានមនុស្ស​ជា​កត្តា​កំណត់​ដ៏​សំខាន់​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ប៉ុន្តែ​ការ​អភិវឌ្ឍ​ជំនាញ​មិន​អាច​សម្រេច​បាន​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ ប្រសិនបើ​គ្មាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​ការ​កំណត់​វិស័យ​ឧស្សាហកម្ម​អាទិភាព​ ។

ជុំវិញ​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ឯកឧត្តម​បាន​លើក​ឡើង​ថា ក្រសួង​បាន​បន្ត​ពង្រីក​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ ដោយ​ផ្តោត​ទាំង​លើ​ជំនាញ​រឹង ជំនាញ​ទន់ និង​សហគ្រិនភាព ព្រមទាំង​ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជាមួយ​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​សិប្បកម្ម​គ្រប់​កម្រិត ដើម្បី​លើកកម្ពស់​ការ​ចូលរួម​របស់​និយោជក​ក្នុង​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ជំនាញ​កម្លាំង​ពលកម្ម​ឱ្យ​ត្រូវ​នឹង​តម្រូវការ​អាជីវកម្ម​របស់​ខ្លួន​ ។

ទន្ទឹម​នឹង​នេះ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​បញ្ញា​សិប្បនិម្មិត (AI) បាន​បង្កើត​ឱកាស​ថ្មី​សម្រាប់​ការ​អប់រំ និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ បច្ចុប្បន្ន គ្រឹះស្ថានឧត្តមសិក្សា និង​ស្ថាប័ន​អប់​រំជា​ច្រើន​បាន​ចាប់ផ្តើម​បញ្ចូល​ចំណេះដឹង​ឌី​ជី​ថ​ល និង AI ទៅ​ក្នុង​កម្មវិធី​សិក្សា ដែល​អាច​ឱ្យ​សិស្ស​-​និស្សិត​ស្គាល់ និង​ចេះ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ស្វែងរក​ព័ត៌មាន និង​វិភាគ​ការ​ផ្លាស់​ប្តូរ​នៃ​ឧស្សាហកម្ម ព្រមទាំង​បង្កើន​សមត្ថភាព​បត់បែន និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​ការងារ​ថ្មី​ៗ​។ ទោះ​យ៉ាងណា ជំនាញ​បច្ចេកទេស​នៅ​តែ​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ធានា​ថា​កម្លាំង​ពលកម្ម​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការ​បំពេញការងារ​។ ក្នុង​ន័យ​នេះ កម្មវិធី​បណ្តុះបណ្តាល​ផ្អែក​លើ​ការងារ (Work-Based Learning) និង​កម្មវិធី​រៀន​ផង ធ្វើការ​ផង (Earn and Learn) ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យន្តការ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ភ្ជាប់​ការ​សិក្សា​ទ្រឹស្តី​ទៅ​នឹង​បទ​ពិសោធ​ការងារ​ជាក់ស្តែង​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​កម្មវិធី​ទាំងនេះ​ទាមទារ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន ដែល​ជា​អ្នក​ប្រើប្រាស់​កម្លាំង​ពលកម្ម និង​យល់​ច្បាស់​ពី​តម្រូវការ​ជំនាញ ព្រមទាំង​កម្រិត​សមត្ថភាព​ដែល​ខ្លួន​ត្រូវការ​។ តាម​រយៈ​យន្តការ​នេះ សិស្ស​អាច​ទទួល​បាន​ចំណេះដឹង​នៅ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ផង និង​បទ​ពិសោធ​ការងារ​ផ្ទាល់​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ផង ដែល​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​ជំនាញ និង​បង្កើន​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​កាន់តែ​ច្រើន ក្រោយ​បញ្ចប់​ការ​សិក្សា ​៕