រាជធានីភ្នំពេញ ៖ នាចុងខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាននឹងចាប់ផ្ដើម ហើយក្នុងចំណោម ការប្រកួតជាច្រើនវិញ្ញាសានិងច្រើនប្រភេទកីឡា ក៏មានវិញ្ញាសាបាល់ទាត់ ដែលមានហ្វេននៅកម្ពុជា និងក្រៅប្រទេសរាប់សែននាក់តាមដានផងដែរ ។ លទ្ធផលចាប់ឆ្នោតជ្រើសរើសពូលរបស់ក្រុមកម្ពុជា ត្រូវបានបង្ហាញឡើងដោយមានអ្នកខ្លះក៏ភ័យ ហើយអ្នកខ្លះក៏រំពឹងពីផលវិជ្ជមាន ។

យោងតាមការប្រកាសរបស់គណៈកម្មការស៊ីហ្គេម ដែលការប្រកួតដ៏ធំ២ឆ្នាំម្ដងនឹងធ្វើឡើង នៅប្រទេសហ្វ៊ីលីពីននាប៉ុន្មានសប្ដាហ៍ខាងមុខនេះបង្ហាញថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាស្ថិតក្នុងពូលA ដោយត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះហ្វ៊ីលីពីន ក្រុមម៉ាឡេស៊ីក្រុមមីយ៉ាន់ម៉ា និងក្រុមទីម័រខាងកើត ។

ការចាប់ឆ្នោតប៉ះក្រុមទាំងនេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Game)ឆ្នាំ២០១៩ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែក្នុងចំ ណោម៤ក្រុមដែលក្រុមកម្ពុជាត្រូវប្រកួតជាមួយ គឺអាចនិយាយបានថា មិនមានក្រុមណានៅក្រោមក្រុមកម្ពុជានោះឡើយ សូម្បីតែក្រុមទីម័រខាង កើតដែលមានប្រវត្តិចូលស៊ីហ្គេមតិចជាងគេ ក៏ដោយ ។ ក្រុមទាំង៤នេះ មិនមានក្រុមណាមិនធ្លាប់ឈ្នះក្រុមកម្ពុជានោះទេ ដោយក្រុមខ្លះ មានប្រវត្តិស៊ីកម្ពុជាក្នុងជំនួបកន្លងមកច្រើនគ្រាប់ផង។

បើក្រឡេកទៅមើលវិញ្ញាសាបាល់ទាត់បុរសនេះដែរ សម្រាប់ពូលB មាន៦ក្រុមពោរពេញដោយក្រុមខ្លាំងជាងនេះទៅទៀត ដែលមានដូចជា ថៃ ឥណ្ឌូណេស៊ី វៀតណាម ឡាវ សិង្ហបុរី និងប្រ៊ុយណេ ។ សរុបមក បើទោះជាក្រុមកម្ពុជា ស្ថិតក្នុងពូលប៉ះជាមួយក្រុមប្រទេសណា ក៏មិនមែនជារឿងងាយស្រួលដូចគ្នា ជាពិសេសនៅក្នុងបរិបទដែលក្រុមបាល់ទាត់នៃប្រទេសទាំងនោះកាន់តែបង្កើនសមត្ថភាព ។

ប្រទេសហ្វ៊ីពីន គឺជាម្ចាស់ទឹកដីដែលត្រូវធ្វើជាម្ចាស់ផ្ទះកីឡាប្រចាំតំបន់អាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រោយការចាប់ឆ្នោតរើសពូលសម្រាប់វិញ្ញាសាបាល់ទាត់ កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ ក្រុមកម្ពុជាស្ថិតក្នុង ពូលA ប៉ុន្តែក៏ត្រូវគេចាត់ទុកថា បានគេចផុតពីពូលមរណៈបើធៀបនឹងពូលB ដែលសុទ្ធសឹង តែជាក្រុមខ្លាំងដែលរួមមានថៃ ឥណ្ឌូណេស៊ី និងវៀតណាមជាដើមនោះ ។

ក្រុមកម្ពុជានៅមិនទាន់ត្រូវបានគេព្យាករណ៍ថា នឹងបានឡើងវគ្គ១ភាគ៤ជាប្រវត្តិសាស្ត្រ សម្រាប់ការប្រកួតបាល់ទាត់បុរសនៅស៊ីហ្គេមសម្រាប់ឆ្នាំនេះនៅឡើយទេ បើទោះជាក្រុមបាល់ទាត់កម្ពុជាកាន់តែមានសមត្ថភាព ហើយស្ថិតក្នុងក្រុមដែលមិនមែនជាក្រុមមរណៈ ដូចក្រុមខ្លាំងក្នុងពូលថៃស្ថិតនៅក្តី ។ អ្នកគាំទ្ររំពឹងថា ក្រុមកម្ពុជានឹងមានឱកាស ម្យ៉ាងក្នុងចំណោមក្រុមដែលកម្ពុជាប៉ះជាមួយ សុទ្ធតែជាក្រុមដែលកម្ពុជាអាចសង្ឃឹមស្មើ និងស៊ីបានដោយមិនតានតឹង ជាពិសេសក្នុងកាលៈទេសៈដែលក្រុមជម្រើសជាតិកម្ពុជា កាន់តែល្អជាងមុននាពេលនេះ ។

គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង១១ នៅតំបន់អាស៊ាន សម្រាប់វិញ្ញាសាបាល់ទាត់បុរស គឺក្រុមថៃជាក្រុមខ្លាំងជាងគេ ។ ក្រុមនេះមានប្រវត្តិ ទទួលបានមេដាយមាសឬជើងឯករហូតដល់
១៦លើក ជើងឯករងឬមេដាយប្រាក់៤លើក និងលេខ៣ឬមេដាយសំរឹទ្ធិ៥លើក ។
ក្រុមម៉ាឡេស៊ី ស្ថិតនៅលេខរៀងទី២ ដោយធ្លាប់ទទួលបានមេដាយមាស៦លើក ប្រាក់៦លើក និងសំរឹទ្ធិ៧លើក តាមពីក្រោយដោយក្រុមមីយ៉ាន់ម៉ាដែលឈ្នះមេដាយមាស៥លើក ប្រាក់៤លើក និងសំរឹទ្ធិ៤លើក ។

ក្រុមឥណ្ឌូណេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី៤ ឈ្នះមេដាយមាស២លើក ប្រាក់៤លើក និងសំរឹទ្ធិ៤លើក ។ ដោយឡែក ក្រុមវៀតណាមទើបឈ្នះមេដាយមាស១លើក តែមេដាយប្រាក់លើសគេ គឺរហូតដល់៧លើក និងសំរឹទ្ធិ៥លើក ។
ក្រុមសិង្ហបុរីមិនធ្លាប់ឈ្នះមេដាយមាសទេ តែឈ្នះមេដាយប្រាក់៣លើក និងសំរឹទ្ធិ៦លើក ឯក្រុមឡាវធ្លាប់ឈ្នះមេដាយសំរឹទ្ធិតែ១លើកគត់។

អ៊ីចឹងហើយ ទើបក្រុមកម្ពុជានឹងប្រឈមភាពតានតឹងខ្លាំងតែ២ក្រុមប៉ុណ្ណោះ គឺក្រុមម៉ាឡេស៊ី និងក្រុមមីយ៉ាន់ម៉ា ។ បើការប៉ះគ្នា ក្រុមកម្ពុជាអាចឆ្លងកាត់ក្រុមទាំង២បាន នោះប្រវត្តិរបស់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនឹងអាចកើតឡើងសម្រាប់វិស័យបាល់ទាត់ ។ វិញ្ញាសានេះ តម្រូវឲ្យប្រើប្រាស់តែកីឡាករដែលមានអាយុក្រោម២២ឆ្នាំ(U-22)ប៉ុណ្ណោះ តែក៏អនុញ្ញាតឲ្យមានកីឡាករលើសអាយុចំនួន២នាក់ចូលរួមផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ