ខេត្តស្វាយរៀង ៖ ករណីចាក់ដីរំលោភយកចំណីព្រែកសាធារណៈធ្វើជាកម្មសិទ្ធិ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីមន្ត្រីរាជការនិងប្រជាពលរដ្ឋ ដោយចោទថាមានការឃុបឃិតគ្នាពីសំណាក់អាជ្ញាធរជាលក្ខណៈប្រព័ន្ធ ទើបគ្មានស្ថាប័នណាមើលឃើញ ខណៈការចាក់ដីលុបព្រែកនេះនៅជាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចក និងនៅជាប់ថ្នល់ជាតិលេខ១៣ គល់ស្ពានកំពង់ចក ជិតសាលាស្រុករំដួល ស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល ។
បើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ថា អ្នកចាក់ដីរំលោភយកដីចំណីព្រែកធ្វើជាកម្មសិទ្ធិឈ្មោះ កង ចាន់ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់កាហ្វេ មាន ទីលំនៅក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល ។ការចាក់ដីលុបចំណីព្រែកនេះ គឺមានរយៈពេល១ខែមកហើយ ប៉ះពាល់ដីព្រែកនិងចំណីព្រែកទំហំបណ្តោយ៥២ម៉ែត្រ ទទឹង១៨ម៉ែត្រ ។
ទាក់ទិននឹងការចោទប្រកាន់នេះ អ្នកចាក់ដីឈ្មោះ កង ចាន់ បានប្រាប់អ្នកយកព័ត៌មានថា គាត់ចាក់ដីលើកភូមិសាងសង់លំនៅឋាននេះ គឺចាក់លើដីចាស់ជាកម្មសិទ្ធិរបស់គាត់ទេ ។ ដីដែលចាក់នេះជាដីស្រែគាត់ បានមកកាន់កាប់នៅឆ្នាំ១៩៩៣ ដែលមានក្បាលដី៥២ម៉ែត្រ ជម្រៅមិនដឹងប៉ុន្មានទេ ដោយមិនបានវាស់វែង និងពុំមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អីទេ ធ្លាប់មានបង្កាន់ ដៃទទួលពាក្យកាន់កាប់ដីធ្លី ក៏ប៉ុន្តែបច្ចុប្បន្នបានបាត់អស់ហើយ ។
ប្រភពដដែលបន្តថា ដោយភូមិចាស់លិចទឹក ទើបចាក់ដីលើដីចាស់ទំហំ៤០ម៉ែត្រ ជម្រៅចាប់់ ពីចិញ្ចើមថ្នល់ដល់មាត់ព្រែក ដើម្បីឲ្យផុតទឹកនារដូវវស្សា គឺសែងផ្ទះចាស់ទំហំ៦ម៉ែត្រX៧ម៉ែត្រ សង់អំពីឈើ សសរបេតុង ជញ្ជាំងក្តារ ប្រក់ក្បឿង មកដាក់លើដីលើកថ្មី និងជួសជុលផ្ទះឲ្យបានល្អដើម្បីរស់នៅ ។ បើតាមមន្ត្រីជំនាញឲ្យដឹងថា ចំណីថ្នល់ជាតិលេខ១៣នេះ ចំណីផ្លូវ២៥ម៉ែត្រ ហើយបើវាស់ពីអក្សផ្លូវ២៥ម៉ែត្រ និងវាស់ចេញពីចំណីផ្លូវទៅដល់មាត់ព្រែកប្រវែង២៨ម៉ែត្រ ។ បើគិតការចាក់ដីនេះផលប៉ះពាល់ដីចំណីផ្លូវ១៥ម៉ែត្រ និងចំណីព្រែក១៨ម៉ែត្រ សរុប៣៣ម៉ែត្រx៤០ម៉ែត្រ ។
ទាក់ទិននឹងករណីនេះ អាជ្ញាធរឃុំកំពង់ចកបានឲ្យដឹងថា ខាងឃុំមិនដឹងទ េឮថាថ្នាក់លើដោះស្រាយអស់ហើយ ។ លោក សុខា រ៉ាម អភិបាលស្រុករំដួលបានមានប្រសាសន៍តាមទូរស័ព្ទថា កន្លងមកលោកធ្លាប់បានឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល ហើយមន្ត្រីជំនាញរាយការណ៍ថា ម្ចាស់ដីគេចាក់លើដីកម្មសិទ្ធិរបស់គាត់ទេ ទើបលោកមិនមានការហាមឃាត់ឬផ្អាក ។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មានប្រសាសន៍ថា លោកមិនបានដឹងថាមានការចាក់ដីរំលោភយកដីចំណីព្រែកនេះទេ ហើយបើមានការចាក់លុបព្រែកនោះគឺខុសច្បាប់ហើយ លោកនឹងចាត់មន្ត្រីជំនាញចុះទៅពិនិត្យមើល ។ កន្លងមក គឺមានខាងកងរាជអាវុធហត្ថស្រុករំដួល ចាក់លុបដីចំណីព្រែកនៅជិតគល់ស្ពានទំហំ២០ម៉ែត្រ បណ្តាយ៥០ម៉ែត្រ ដើម្បីសាងសង់បញ្ជាការដ្ឋារកងរាជអាវុធហត្ថ លោកក៏បានបង្កើតគណៈកម្មការចុះទៅពិនិត្យមើលឃើញថាប៉ះពាល់ព្រែក ក៏បានផ្អាកការចាក់ដី ។
នៅពេលសាកសួរគឺលោក សូ ស៊ីភាន អតីតអភិបាលស្រុករំដួលមើលឃើញថា កងរាជអា វុធហត្ថស្រុកមានទីបញ្ជាការនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ហើយមានផ្លូវចូលតូចចង្អៀតពិបាកចេញចូល ទើបប្រជុំគណៈអភិបាលស្រុក ប្រគល់ដីចំណីព្រែកជិតគល់ស្ពានកំពង់ចកឲ្យកងរាជអាវុធហត្ថចាក់ដីសាងសង់បន្ទាយទីបញ្ជាការ ។ ក្រោយមក លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រកដីបានក៏ទៅសាងសង់ទីបញ្ជាការឲ្យកងរាជអាវុធហត្ថស្រុកស្នាក់នៅធ្វើការរហូតមក ។
បន្តមកទៀត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឃើញនគបាលប៉ុស្តិ៍ឃុំកំពង់ចកគ្មានដីសាងសង់ប៉ុស្តិ៍ ក៏ប្រគល់ដីនេះទៅលោកស្នងការសង់ប៉ុស្តិ៍នគរបាលរហូតមក ។ កាលណោះ ក៏ធ្លាប់បានប្រាប់ឈ្មោះ កង ចាន់ ដែលមានតូបលក់កាហ្វេលើដីចំណីផ្លូវមិនឲ្យចាក់ដីលុបព្រែកដែរ ។ ចំណែកផ្ទះរបស់ឈ្មោះ កង ចាន់ គឺនៅខាងត្បូងតូបប្រមាណ៤០ម៉ែត្រ មានទំហំក្បាលដី១២ម៉ែត្រX២០ម៉ែត្រទេ បច្ចុប្បន្នគាត់បានលក់ដីកន្លែងផ្ទះចាស់ឲ្យគេ រួចក៏ចាក់ដីលើចំណីព្រែកធ្វើជាកម្មសិទ្ធិតែម្តង ៕
ចែករំលែកព័តមាននេះ