រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ឌុបប្រពន្ធតាមផ្លូវត្រូវបានបុរសម្នាក់ទៀតជិះម៉ូតូស្មាសវីមកបុកបណ្តាលឱ្យស្រ្តីជាប្រពន្ធអ្នកជិះម៉ូតូឌ្រីមសង់ធ្លាក់ពីលើម៉ូតូសន្លប់ស្តូកស្តឹង ។ ហេតុការណ៏នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ មេសា ២០១៤ នៅចំណុចមុខរោងចក្រ Sport Wear តាមបណ្តោយផ្លូវលេខ០២ ស្ថិតនៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CF-2231 ជិះពីរនាក់ប្តី-ប្រពន្ធ ក្នុងទិសដៅកើតទៅលិចតាមបណ្តោយផ្លូវ ជាតិលេខ២ ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានម៉ូតូ ស្មាសវី ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1M-3988 ជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសទិសគ្នាហើយបើកក្នុងផ្លូវខុស រួចបត់ឆ្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូឌ្រីម បណ្តាលឱ្យប្រពន្ធដែលជិះពីក្រោយធ្លាក់មកដី សន្លប់ស្តូកស្តឹង ចំណែកជនបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូនៅនិងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ចំណែកម៉ូតូទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌមានជ័យ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ