រាជធានីភ្នំពេញ ៖ បុរសជាជាងកាត់កញ្ចក់ម្នាក់ បានជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយប៉ះជាមួយរថយន្តមួយគ្រឿង ចេញមកពីដេប៉ូលក់គ្រឿងសំណង់ បណ្ដាលឲ្យដួលចូលចំណែកផ្លូវម្ខាងទៀត ហើយត្រូវរថយន្តមួយគ្រឿងទៀត មកដល់កិនស្លាប់នៅនឹងកន្លែង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អ៊ុន លឹមជាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងកញ្ចក់ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ស្រុកកំណើតនៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LR-0675 ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើងគោលបំណងទៅធ្វើការ។ នៅពេលធ្វើដំណើរមកដល់ចំណុចមុខដេប៉ូលក់ គ្រឿងសំណាងក្រុមហ៊ុនឡុងសិន ផ្គត់ផ្គង់សម្ភារៈសំណង់
បានប៉ះជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2CD-3016 ដែលបើកបរចេញពីក្នុងឃ្លាំងហើយបើកទទឹង ឆ្លងផ្លូវ ។
តាមសាក្សីបានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ ជនរងគ្រោះក៏បានប៉ះរថយន្តផ្នែកខាងមុខ បណ្តាលអោយដួលចូលទៅចំណែកផ្លូវម្ខាងទៀត។ ភ្លាមៗនោះ ជនរងគ្រោះបានអង្គុយ និងប្រុងក្រោកឡើងទៅហើយ ស្រាប់តែមានរថយន្តម៉ាកអាផាតមួយគ្រឿង ពណ៌ខ្មៅ ធ្វើដំណើរក្នុងទិសដៅពីពីជើងទៅត្បូង មកកិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចបើកកិច្ចបាត់ទៅ ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់រថយន្ត និងអ្នកបើកបរដែលបានប៉ះជាមួយម៉ូតូមុនដំបូង បញ្ជូនទៅកាន់ការិយាល័យផ្លូវគោក ដើម្បីដោះស្រាយ។ ដោយឡែក សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវរករថយន្តអាផាត ដែលបានកិនទៅលើជនរងគ្រោះ ។
សពជនរងគ្រោះត្រូវបានរថយន្តជាមួយបញ្ជូនមកកាន់ឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ