រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមអបអរសារទរខួប ៣៣ ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី ៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០២៥ ។

សម្រាប់ពិធីបើកពិធីបុណ្យដ៏មានអត្ថន័យនេះនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ចាប់ពីម៉ោង ០៦៖៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីបើកនាថ្ងៃទី ១៤ នេះក៏នឹងបើកឱ្យសាធារណជនទូទៅចូលរួមដាក់បាត្រព្រះសង្ឃចំនួន១៣៣ អង្គ ចាប់ពីវេលាម៉ោង ០៨៖៣៥នាទីព្រឹកតទៅនៅមុខប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសបុណ្យកុសលជូនបុព្វការីជនផងដែរ ។

ក្នុងន័យដើម្បីឱ្យពិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យអាជ្ញាធរជាតិអប្សរា នឹងបិទការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកស្ពានហាលខាងលិចនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ពិធីចប់រួចរាល់ ។
ក្នុងអំឡុងពេលនេះភ្ញៀវទេសចរជាតិ អន្តរជាតិអាចចូលចេញទស្សនាប្រាសាទអង្គរវត្តដោយប្រើប្រាស់ស្ពានបណ្តែតទឹកជាបណ្តោះអាសន្នជំនួសវិញ ៕

ចែករំលែកព័តមាននេះ