រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ្វត ស្លាកលេខរដ្ឋ មួយគ្រឿង បានបើកបោះពួយក្នុងល្បឿនលឿនជ្រុលបុករថយន្តម៉ាក់ព្រូសមួយគ្រឿង ដែលបើកបត់ត្រឡប់ក្រោយ ពេញទំហឹង ហើយជ្រុលទៅបុករថយន្តកុងតឺន័រ រងការខូចខាតធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាគ្រោះថ្នាក់នេះ ពុំបណ្ដាឲ្យមនុស្សរងរបួសឡើយ គឺបណ្ដាលឲ្យរថយន្តចំនួន ៣គ្រឿង បានរងការខូចខាតធ្ងន់ធ្ងរ តែក្រោយមក រថយន្តកុងតឺន័រ ដែលជាអ្នករងគ្រោះ បានបើកចេញទៅបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមមហាវិថី ស៊ីជិនពីង (ក្រវ៉ាត់ក្រុងទី៣) ក្បែរស្ពានអាកាសផ្លូវជាតិលេខ៣ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តដែលកើតមានគ្រោះថ្នាក់ ម៉ាកហ្វ័ត ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៧ ២-១០៣៤ និងរថយន្តតូយូតាព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ ២BN-៦៥៧៣ ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ្វតខាងលើ បានធ្វើដំណើរតាមបណ្ដោយមហាវិថី ស៊ីជិនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ក្នុងពិសដៅពីកើតទៅលិច នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានបុករថយន្តម៉ាកតូយូតាព្រូស ដែលបាត់ឆ្លងផ្លូវត្រឡប់ក្រោយ ពេញទំហឹង។ នៅក្នុងគ្រោះថ្នាក់នោះ រថយន្តបានបុកចំគូទរថយន្តព្រូស ហើយរថយន្តម៉ាកហ្វត ក៏បានជ្រុលទៅបុករថយន្តកុងតឺន័រ ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យរងការខូចខាត ហើយរថយន្តម៉ាកហ្វត ក៏បានខ្ទាត ចេញនៅទទឹងកណ្ដាលផ្លូវ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ រថយន្តកុងតឺន័រ ក៏បានបើកចេញទៅបាត់ នៅសល់ តែរថយន្តចំនួន ២គ្រឿងខាងលើ បានរងការខូចខាតធ្ងន់ធ្ងរ ។
តាមព័ត៌មាន បានគេដឹងថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ ម្ចាស់រថយន្តទាំងពីរខាងលើ សម្របសម្រួលគ្នា មិនត្រូវរ៉ូវ ត្រូវបាននគរបាល ចុះទៅវាស់វែងរួច ដឹកបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីដោះស្រាយបន្ត ៕





ចែករំលែកព័តមាននេះ