ខេត្តបាត់ដំបង ៖ កូនប្រុសលោកលី ប៊ូយ អធិការនគរបាលស្រុកសំឡូតបាននិងកំពុងបង្កព្យុះភ្លៀងជាថ្មីទៀតជាមួយឈ្មួញ និងប្រជាកសិករដែលប្រកបរបរទិញ-លក់ផ្លែសំរងភ្នំតូចតាចនៅក្នុងស្រុកសំឡូត បើទោះជាប៉ុន្មានថ្ងៃមុននេះ ជននេះ និងបក្សពួកបានរងការចោទប្រកាន់ថា បានចាប់ឈ្មួញដើរទិញផ្លែសំរង២នាក់វាយដំយ៉ាងព្រៃផ្សៃ រួចជម្រិតទារប្រាក់៣លានរៀលក្តី។
កូនប្រុសលោកលី ប៊ូយ អធិការនគរបាលស្រុកសំឡូតឈ្មោះសំ សោម ហៅចិន ជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡូតបានរងការចោទប្រកាន់ជាថ្មីទៀតថា បានដឹកនាំមន្ត្រីក្រោមឱវាទចំនួន២នាក់ជិះរថយន្តទៅចាប់រឹបអូសយកផ្លែសំរងភ្នំចំនួន៦៥គីឡូក្រាមពីផ្ទះស្ត្រីម្នាក់ឈ្មោះរ៉ាន់ នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ មេសា ដែលមន្ត្រីអាចអំណាចរូបនេះចោទម្ចាស់ផ្ទះថា រកស៊ីក្បត់នឹងខ្លួន។
ស្ត្រីម្ចាស់ផ្ទះឈ្មោះរ៉ាន់ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទក្រោយកើតហេតុបន្តិចថា ឈ្មោះចិន ដែលរួមដំណើរដោយមន្ត្រីនគរបាល២នាក់ទៀតបានជិះរថយន្តមកចាប់រឹបអូសយកផ្លែសំរងចំនួន៦៥គីឡូក្រាមពីមាត់ទ្វារផ្ទះរបស់គាត់ទាំងកម្រោល ដោយចោទថា បានស៊ុមគ្រលំជាមួយឈ្មួញរកស៊ីក្បត់នឹងខ្លួន(ក្បត់ឈ្មោះចិន)។
ស្ត្រីរូបនេះបញ្ជាក់ថា ផ្លែសំរងនោះមិនមែនជារបស់គាត់ទេ គឺជារបស់ស្ត្រីម្នាក់ឈ្មោះវ៉ន ធ្វើការនៅសាលាឃុំសំឡូតនេះដែរ បានដឹកយកមកផ្ញើផ្ទះគាត់ទុកលក់ឱ្យស្ត្រីម្នាក់ទៀតឈ្មោះភាព ជាឈ្មួញដើរទិញផ្លែសំរង។ គាត់បញ្ជាក់ថា ពេលឈ្មោះចិននាំកម្លាំងសម្រុកចូលទៅរឹបអូសផ្លែសំរងពីផ្ទះគាត់ គឺឈ្មោះចិននេះបានគំរាមរកវាយគាត់ និងរកចាប់អ្នកដែលព្យាយាមចូលដណ្តើមផ្លែសំរងនោះ និងបានបង្ហាញពីចរិតដ៏ឃោរឃៅបំផុត។
ម្ចាស់ផ្ទះរូបនេះបន្តថា គាត់បានឃើញឈ្មោះចិនដឹកផ្លែសំរងនោះទៅទុកក្នុងប៉ុស្តិ៍នគរបាលឃុំសំឡូត ដោយគំរាមមិនប្រគល់ឱ្យម្ចាស់វិញឡើយ។ ទាក់ទិនបញ្ហានេះស្ត្រីឈ្មោះភាពដែលជាឈ្មួញទិញផ្លែសំរងបានបំភ្លឺតាមទូរស័ព្ទដែរថា គាត់បានទិញផ្លែសំរងនេះពីស្ត្រីឈ្មោះវ៉ន តែមិនទាន់ទូទាត់លុយកាក់ទេ ព្រោះមិនទាន់បានជួបគ្នានៅឡើយ ខណៈដែលឈ្មោះចិនបាននាំកម្លាំងមករឹបអូសយកផ្លែសំរងនោះយកទៅបាត់។
ស្ត្រីរូបនេះបញ្ជាក់ថា ឈ្មោះចិនបានគំរាមថា អ្នកដែលចង់ទិញផ្លែសំរងក្នុងស្រុកសំឡូតត្រូវតែឆ្លងកាត់រូបគេ ឬត្រូវបង់លុយឱ្យរូបគេក្នុង១គីឡូក្រាម២០០០រៀល ឬ២០បាតទើបអាចរកស៊ីបាន៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ