ខេត្តបាត់ដំបង៖ យោងតាមសេចក្ដីរាយការណ៏បឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ មិថុនា នេះ គេសង្កេតឃើញពលករខ្មែរហាក់មានសន្ទុះខ្លាំង ធ្វើដំណើរចេញពីប្រទេសថៃ វិលត្រឡប់ចូលប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ក្នុងស្រុកកំរៀង ខណ:នៅតាមបណ្ដាច្រកទ្វារព្រំដែនចំនួន៤ទៀត ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ស្ថិតក្នុងសភាពស្ងប់ស្ងាត់។
បងប្អូនពលករខ្មែរ ក្មេងចាស់ ប្រុស ស្រី ដែលមានអីវ៉ាន់ស្ពាយសំពីងសំពោងផង បានធ្វើដំណើរចូលតាមច្រកទ្វារតូចសម្រាប់ថ្មើជើង ខណ:ច្រកទ្វារធំត្រូវបានបិទខ្ទប់ទាំងស្រុង។
បើតាមសេចក្ដីរាយការណ៏ពីច្រកទ្វារព្រំដែន ដែលធ្លាប់តែមមាញឹកមួយនេះ គេសង្កេតឃើញពលករខ្មែរនៅកកកុញម្ខាងព្រំដែននៃទឹកដីថៃ ហើយពួកគេបានរួសរាន់ឆ្លងច្រកទ្វារព្រំដែន ចូលទឹកដីខ្លួន នៅពេលភាគីកម្ពុជា ចាប់ផ្ដើមបើកទ្វារតូចនៅវេលាម៉ោង៩ព្រឹក។
តាមប្រភពព័ត៌មានបឋមខាងលើនេះ បានកត់សម្គាល់ដែរថា នៅព្រឹកថ្ងៃទី ២៦ មិថុនា នេះ បងប្អូនពលករខ្មែរ ហាក់មានចំនួនច្រើនជាងសព្វដង ដែលបានវិលត្រឡប់ចូលមកប្រទេសកំណើតវិញ។
បើតាមបងប្អូនពលករទាំងនោះបានប្រាប់ថា ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បាននិងកំពុងធ្វើដំណើរវិលត្រឡប់ចូលស្រុកវិញជាបន្តបន្ទាប់ថែមទៀត។
ដោយឡែកមន្ត្រីប្រចាំច្រកទ្វារព្រំដែនវិញ បានបញ្ជាក់បន្ថែមម្ដងហើយ ម្ដងទៀតទៅកាន់ពលករខ្មែរថា ពលករក្ដី ភ្ញៀវទេសចរណ៍ក្ដី និង អ្នកធ្វើមុខជំនួញក្ដី បើឆ្លងច្រកទ្វារព្រំដែនហើយ មិនអនុញាតឲ្យវិលត្រឡប់ទៅក្រោយវិញឡើយ លើកលេងតែអ្នកមានជំងឺធ្ងន់ធ្ងរ និង សិស្សានុសិស្សប៉ុណ្ណោះ ដែលអាចធ្វើដំណើរចេញចូលបាន៕













ចែករំលែកព័តមាននេះ