យោងតាមលទ្ធផលដំបូងចេញផ្សាយកាលពីថ្ងៃទី២៦ មេសា ថា ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន ជុំទី២ គឺការប្រជែងគ្នារវាងអតីតរដ្ឋមន្ត្រីការបរទេស លោក អាប់ឌុលឡាហ៍ ដែលមានសំឡេងនាំមុខគេ ក្នុងការបោះឆ្នោតជុំទីមួយ និងអ្នកសេដ្ឋកិច្ចលោក អាស់រ៉ាហ្វ ហ្គានី ។
តាមលទ្ធផលនោះ លោក អាប់ឌុលឡាហ៍ អតីតទីប្រឹក្សារបស់លោក អាម៉ាដ សាហ៍ ម៉ាស៊ូដ ទទួលសំឡេងបាន៤៤,៩% ក្រោយការរាប់សន្លឹកឆ្នោតរួចរាល់ ហើយលោកហ្គានី ទទួលសំឡេងបាន៣១,៥% ។ ចំណែកលោក ហ្សាល់ម៉ៃ រ៉ាសស៊ូល ទទួលសំឡេងបាន១៤,៥% ។
យោងតាមប្រធានគណៈកម្មាធិការបោះឆ្នោតថា ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថានជុំទី២ អាចធ្វើនាថ្ងៃទី៧ មិថុនា ។ ប្រធានាធិបតីចប់អាណត្តិ លោក ហាមីដ កាហ្សៃ ពុំអាចឈរឈ្មោះបានទៀតឡើយ ក្រោយកាន់អំណាច២អាណត្តិ ។ កាលពីឆ្នាំ២០០៩ លោកកាហ្សៃ បានជាប់ឆ្នោតជាថ្មី ពុំចាំបាច់បោះឆ្នោតជុំទី២ ព្រោះលោក អាប់ឌុលឡាហ៍ បានដកខ្លួនថយ ដោយលោកយល់ថា មានការក្លែងបន្លំខ្លាំងក្លា ៕
ចែករំលែកព័តមាននេះ