ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​សហ​ព័ន្ធ​​កីឡា​អុក​អន្តរ​​ជាតិ​ស្នើ​សុំ​​ការ​គាំទ្រ​​ពី​ NOCC និង​​ឧបត្ថម្ភ​​​សម្ភារ​​ដល់​​សហ​ព័ន្ធ​​កីឡា​អុក​​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ប្រធាន​សហ​ព័ន្ធ​កីឡា​អុក​អន្តរ​ជាតិ​ និង​ជា​អតីត​ប្រមុខ​រដ្ឋ​ KALMYKIA លោក Kirsan Ilyum​zhi​nov បាន​ធ្វើ​ដំណើរ​មក​កាន់​​ប្រទេស​កម្ពុជា​ ជួប​សំណេះ​សំណាល​ជា​មួយ​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) ​ដើម្បី​ស្នើ​សុំ​ការគាំទ្រ​ ខណៈ​ដែល​លោក​ត្រូវ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខ​ភាព​ប្រធាន​សហ​ព័ន្ធ​កីឡា​អុក​អន្តរ​ជាតិ​អាណត្តិ​ថ្មី​ និង​ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​អុក​អន្តរ​ជាតិ​​ចូល​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នា​ពេល​ខាង​មុខ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ប្រធាន​សហ​ព័ន្ធ​កីឡា​អុក​អន្តរ​ជាតិ​ និង​ជា​អតីត​ប្រមុខ​រដ្ឋ​ KALMYKIA លោក Kirsan Ilyum​zhi​nov បាន​ធ្វើ​ដំណើរ​មក​កាន់​​ប្រទេស​កម្ពុជា​  ជួប​សំណេះ​សំណាល​ជា​មួយ​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) ​ដើម្បី​ស្នើ​សុំ​ការគាំទ្រ​ ខណៈ​ដែល​លោក​ត្រូវ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខ​ភាព​ប្រធាន​សហ​ព័ន្ធ​កីឡា​អុក​អន្តរ​ជាតិ​អាណត្តិ​ថ្មី​ និង​ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​អុក​អន្តរ​ជាតិ​​ចូល​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នា​ពេល​ខាង​មុខ ។​

លោក​វ៉ាត់ ចំរើន​ បាន​មាន​ប្រសាសន៍ថា​ ក្នុង​ជំនួប​ជាមួយ​ប្រធាន​សហ​ព័ន្ធ​កីឡា​អុក​អន្តរ​ជាតិ​ កាល​ពី​ថ្ងៃទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៣ កន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​លោក Kirsan ចង់​ឱ្យ​ថ្នាក់ដឹក​នាំ NOCC យើង​មាន​ទំនុក​ចិត្ត​ និង​បោះ​ឆ្នោត​គាំទ្រ​លោក​ឱ្យ​បន្ត​ធ្វើ​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​អុក​អន្តរ​ជាតិ​អាណត្តិ​ថ្មី​ ដែល​ការ​បោះឆ្នោត​នោះ​នឹង​ធ្វើ​ឡើង​លើ​ទឹក​ដី​អឺរុ៉ប​អំឡុង​ខែ​តុលា​ខាង​មុខ​នេះ​​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អុក​អន្តរ​ជាតិ​ពិភព លោក ។​ មិនត្រឹម​តែ​បុ៉ណ្ណោះ​ អតីត​ប្រមុខ​រដ្ឋ​រូប​នេះ​ថែម​ទាំង​ស្វែង​រក​ការគាំទ្រ​ពី​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទៀត​ផង ។​ លោក​បា​ន​បន្ត​ថា​ ក្រៅ​ពី​ការ​ស្នើ​សុំ​ការ​គាំទ្រ​បេក្ខ​ភាព​ធ្វើ​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​អុកអន្តរ​ជាតិ​ខាង​លើ​លោក​ Kirsan ​បាន​ស្នើ​ឱ្យ​ថ្នាក់ដឹក​នាំ NOCC និង​សហ​ព័ន្ធ​កីឡា​ជាតិ​យើង​ចូលរួម​បោះ​ឆ្នោត​ ឬ​​សរ​សេរ​លិខិត​គាំទ្រ​ចំពោះ​ផែន​ការ​ជំរុញ​ឱ្យ​គណៈ​កម្មាធិការ​​អូឡាំ​ពិក​អន្តរ​ជាតិ (IOC) ដាក់​បញ្ចូល​កីឡា​អុក​អន្តរ​ជាតិ​នេះ​ចូល​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​​រដូវ​រងា​ផង​ដែរ ។​

តាម​រយៈ​ជំនួប​រវាង​ថ្នាក់ដឹក​នាំ​កីឡា​ធំៗ​ទាំង​ពីរ​ខាង​លើ​នេះ​ លោក​វ៉ាត់ ចំរើន​ បាន​បញ្ជាក់​ថា NOCC នឹង​បញ្ជូន​មន្ត្រី​ និង​ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​កីឡា​ជាតិ​កម្ពុជា​ទៅ​ចូលរួម​បោះ​ឆ្នោត ហើយ​លោក​នឹង​សរសេរ​លិខិត​គាំទ្រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​នៃ​ការ​ដាក់​កីឡា​អុក​អន្តរ​ជាតិ​ចូល​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​​នោះ​ ពោល​គឺ​យើង​គាំទ្រ​ទាំង​អស់​ ព្រោះ​វា​ក៏​ជា​ផល​ប្រយោជន៍​សម្រាប់​សហ​ព័ន្ធ​កីឡាអុក​កម្ពុជា​យើង​ដែរ​ ។ បុ៉ន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា​ «រាល់​ការគាំទ្រ​នោះ គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ នឹង​ស្នើ​សុំ​សេចក្តី​សម្រេច​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ គឺ​ស្នើ​សុំ​អនុសាសន៍​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ជា​មុន​សិន​» ។​

ក្រោយ​ពី​បញ្ចប់​ជំនួប​ជា​មួយ​លោក​វ៉ាត់ ចំរើន​ ហើយ​នោះ​ នៅ​ព្រឹក​ថ្ងៃទី២៣​ មេសា លោក​ Kirsan បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​ជា​មួយ​សហ​ព័ន្ធ​កីឡា​អុក​កម្ពុជា​ ដោយ​លោក​បាន​គាំទ្រ​ប្រភេទ​កីឡា​អុក​ចត្រង្គរបស់​កម្ពុជា​ ដោយ​សង្ឃឹម​ថា​ សហ​ព័ន្ធ​កីឡា​អុក​កម្ពុជា​នឹង​បញ្ជូន​អត្ត​ពលិក​ទៅ​ចូល​រួម​ប្រកួត​កីឡាអុក​នៅ​ប្រទេស​ហ្វាំង​ឡង់​ ដែល​នឹង​​ចាប់​ផ្តើម​នៅខែ​សីហា​ខាង​មុខ​នេះ​ផង​ដែរ ។​ មិន​ត្រឹម​តែ​បុ៉ណ្ណោះ​ ប្រធាន​សហ​ព័ន្ធ​កីឡា​អុក​អន្តរ​ជាតិ​អាណត្តិ​​ចាស់​រូប​នេះ​បាន​ឧបត្ថម្ភ​នាឡិកា​កំណត់​ពេល​វេលា​ប្រកួត​កីឡា​អុក​ចំនួន​២០០​គ្រឿង​ និង​ក្តារ​អុក​អន្តរ​ជាតិ​ចំនួន​២០០​ ជូន​ដល់​សហ​ព័ន្ធ​កីឡា​អុក​កម្ពុជា​ ហើយ​លោក​ត្រៀម​នឹង​បង្កើត​កម្មវិធី​ប្រកួត​កីឡា​អុក​អន្តរ​ជាតិ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤ នេះ​ទៀត​ផង​៕