រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់របស់កំពូលអ្នកប្រយុទ្ធគុនខ្មែរវគ្គ២ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀន CTN នារាត្រីថ្ងៃអាទិត្យ ទី២៧ មេសាស្អែកនេះឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ កីឡាករដែលជាបេក្ខភាពត្រូវប្រកួតនៅក្នុងវគ្គនេះមាន ជឹម ចិត្រា មកពីក្លិបខេត្តកំពង់ឆ្នាំង ត្រូវជួបជាមួយ ព្រីង ដារិន មកពីខេត្តបាត់ដំបង និងផន ភឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ត្រូវជួបជាមួយ ឌុន ប៊ុនធឿន មកពីក្លិបអេភូថងកីឡា ។
រវាងជឹម ចិត្រា និងព្រីង ដារិន ធ្លាប់ជួបគ្នាម្តងនៅវគ្គប្រកួតជម្រុះវិលជុំ ដែលកាលណោះ ជឹម ចិត្រា ជាអ្នកឈ្នះដោយពិន្ទុ ។ លើកនេះពួកគេជួបគ្នាម្តងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែគេមិនទាន់ដឹងថា អ្នកណាមានលទ្ធភាពឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀតនោះទេ ។ ជឹម ចិត្រា និងព្រីង ដារិន មានល្បិចប្រយុទ្ធមិនលើសគ្នាបុ៉ន្មានឡើយ ព្រោះពួកគេទាំងពីរនាក់បានឈានជើងឡើងសង្វៀនមុនក្រោយគ្នាបន្តិចបុ៉ណ្ណោះ ។ ចំណែកឯ ផន ភឿត និងឌុន ប៊ុនធឿន វិញនៅវគ្គប្រកួតជម្រុះវិលជុំធ្លាប់ជួបគ្នាម្តងដែរ ដែលកាលណោះ ផន ភឿត ឈ្នះពិន្ទុ ។ បុ៉ន្តែសម្រាប់ការជួបគ្នាលើកនេះ ផន ភឿត មិនទាន់ហ៊ានអះអាងថាគេអាចយកឈ្នះ ឌុន ប៊ុនធឿន ជាលើកទី២ម្តងទៀត ឬយ៉ាងណាឡើយ មានតែរង់ចាំមើលការប្រកួតជាក់ស្តែងបុ៉ណ្ណោះ ។
ចំណែកឯគូប្រកួតមិត្តភាពវិញ កីឡាករថៃ កយ៉ាន់ មកពីក្លិបក្រុងប៉ោយប៉ែត ជួបជាមួយកីឡាករព្រំ សារ៉ាម មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ។ កីឡាករយុ៉ន សំអាត មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ជួបជាមួយកីឡាករច្រិច កុសល មកពីក្លិបក្រុងប៉ោយប៉ែត និងកីឡាករពេជ្រ រំដួល មកពីក្លិបអេភូថងកីឡា ជួបជាមួយកីឡាករកា ឈៀង មកពីសមាគមយុវជនកម្ពុជាខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ