រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែរលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងបុកជាមួយរថយន្តមួយគ្រឿង កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ជិតផ្សារប៉េសេចាស់ តាមបណ្តោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ែន លីដា ភេទប្រុស អាយុ៣១ឆ្នាំ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា QBIX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១GZ-០៧១៩ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BC-៨១៣៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើត លុះមកចំណុចកើតហេតុខាងលើដែលជាផ្លូវកោង ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿន បានវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ក៍ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតអូស១០០ម៉ែត្រខ្ទេចស្ទើរទាំងស្រុង ចំណែកអ្នកបើកបរម៉ូតូបែកក្បាលនិងបាក់ជើងស្លាប់ភ្លាមៗនៅលើចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម ។

បន្ទាប់ពីកើតហេតុ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់គេចទាំងរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង រហូតដល់ក្នុងផ្សារប៉េសេថ្មី ទើបឈប់រថយន្ត ហើយនាំគ្នាដោះស្លាកលេខចេញរួចរត់គេចខ្លួនបាត់ស្រមោល ។

បន្តិចក្រោយមក គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងហៅសាច់ញាតិ លុះពេលសាច់ញាតិមកដល់បាននាំគ្នាលើកសពដាក់ក្នុងរថយន្តយកទៅផ្ទះដើម្បីធ្វើបុណ្យ ហើយប្រាប់សមត្ថកិច្ចថា មិនបានប្តឹងផ្តល់អ្វីៗទាំងអស់ ។

ក្រោយពេលកើតហេតុ នៅសល់តែរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ក្រុងភ្នំពេញចុះធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីស្វែងរកជនបង្កមកធ្វើការដោះស្រាយនៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ