ខេត្តកំពង់ស្ពឺ៖ បុរសពីរនាក់ប្ដីប្រពន្ធបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សចំនួន៩នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលខណៈដែលជិះម៉ូតូឌុបគ្នាទៅធ្វើការងារ ហើយត្រូវបានរថយន្តដឹកអ្នកដំណើរបុកពីក្រោយពេញទំហឹង រួចហើយរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងផ្សេងទៀត។
ហេតុការណ៍រថយន្តបុកម៉ូតូរួចហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យមានមនុស្សស្លាប់និងរងរបួសជិត១០នាក់ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវក្រាលកៅស៊ូលេខ 1KS1 ត្រង់ចំណុចលើខ្នងទំនប់ចាន់ថ្នាល ស្ថិតនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយដឹងថានៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(HYUDAI AERO TOWN)ពណ៌ ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ 3A-4446 បើកបរដោយឈ្មោះ រ៉ុន រែម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិក្រាំងស្វាយធំ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(បានចុះរត់គេចខ្លួនបាត់) បើកបរតាមបណ្ដោយផ្លូវក្រាលកៅស៊ូក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបើកទៅបុកពីក្រោយម៉ូតូ ០១គ្រឿងម៉ាកហុងដា ស្គុបពី ស៊េរីឆ្នាំ២០២៦ (HONDA SCOOPY) ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រុំ ករុណា ភេទប្រុស អាយុ៣២ឆ្នាំ(បានស្លាប់ភ្លាមៗ) មុខរបរ កម្មកររោងចក្រ(មានពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ភែល ភស្ត ភេទស្រី អាយុ ២៥ឆ្នាំ(បានស្លាប់ភ្លាមៗ) មុខរបរកម្មកររោងចក្រ(មិនមានពាក់មួកសុវត្ថិភាព) ទាំងពីរនាក់រស់នៅក្នុងភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាពេញទំហឹង ហើយរថយន្តខាងលើបានរេចង្កូតបន្តជ្រុលទៅបុកពីក្រោយរថយន្ត០១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI GRACE) ពណ៌ បៃតងចាស់ ពាក់ផ្លាកលេខកណ្តាល 2A-7318 បើកបរដោយឈ្មោះ ភី សុផា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដឹកកម្មករ កម្មការីនីចំនួន៣៧នាក់ ស្រី ២២នាក់ ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម÷ កម្មករ-កម្មការីនី រងរបួសស្រាលចំនួន ៩នាក់ ស្រី ០៣នាក់។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តទៀតថាអ្នករងរបួសទី១/ឈ្មោះ ហុី ស្រីរ័ត្ន ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង
ទី២/ឈ្មោះ ធី កុសល់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិដូនទិព្វ ឃុំប្រាំបីមុំ ស្រុកថ្ពង
ទី៣/ឈ្មោះ ទន ចាន់ថា ភេទប្រុស អាយុ ៣៣ឆ្នាំ
ទី៤/ឈ្មោះ ឆឹត ចាន់ឌី ភេទប្រុស អាយុ ២៦ឆ្នាំ
ទី៥/ឈ្មោះ បាវ តុលា ភេទប្រុស អាយុ ២៦ឆ្នាំ ទាំងបីនាក់រស់នៅភូមិភ្នំបាត ឃុំភ្នំបាត ស្រុកថ្ពង
ទី៦/ឈ្មោះ រុំ រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ
ទី៧/ឈ្មោះ រុំ រ៉ូ ភេទប្រុស អាយុ ២៨ ឆ្នាំ
ទី៨/ឈ្មោះ ជុំ ញ៉ាវ ភេទស្រី អាយុ ៣៥ឆ្នាំ
និងទី៩/ឈ្មោះ ស៑ន ហម ភេទស្រី អាយុ ៣៥ឆ្នាំ ទាំងបួននាក់រស់នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់ថាក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ។ ចំពោះសពជនរងគ្រោះពីរនាក់ប្ដីប្រពន្ធនគរបាលបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូខាងលើនគរបាលជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕









ចែករំលែកព័តមាននេះ