រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍អប្សរារៀងរាល់មួយខែម្តងនោះនៅថ្ងៃអាទិត្យ ទី២៦ មេសា សប្តាហ៍នេះនឹងវិលមកកំដរអារម្មណ៍ទស្សនិកជនសាជាថ្មីទៀតហើយ ។ នៅថ្ងៃនោះកីឡាករដែលត្រូវឡើងប្រកួតមានចំនួន៥គូ ក្នុងនោះគូអន្តរជាតិមាន៣គូ ។
ជាមួយគ្នានេះ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺការប្រកួតលក្ខណៈសាកលអាជីពរវាងកីឡាករស្វាយ រដ្ឋា មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកីឡាករថៃ ថេវ៉ាស៊ីតឃុនម៉ាក ក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម ។ កន្លងមកការប្រកួតប្រដាល់ជាលក្ខណៈសាកលអាជីពនេះ គេមិនសូវជាយកចិត្តទុកដាក់ ទើបក្លិបប្រដាល់ភាគច្រើនមិនសូវមានការអើពើបណ្តុះបណ្តាលកីឡាករផ្នែកនេះឡើយ ព្រោះតែកីឡាករស្ទើរតែទាំងអស់យល់ថា ការហ្វឹកហាត់ប្រដាល់សាកលមិនសូវមានឱកាសបានឡើងសង្វៀនទេ ដូច្នេះឱកាសក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ក៏ពុំសូវមានដែរ ។ នេះគឺជាលើកទី១ហើយដែលស្ថានីយទូរទស្សន៍អប្សរាបានផ្តួចផ្តើមគំនិតដាក់បញ្ចូលកម្មវិធីប្រកួតប្រដាល់សាកលអាជីពនេះឡើង ។
ស្វាយ រដ្ឋា គឺជាកំពូលជើងខ្លាំងខាងប្រកួតប្រដាល់សាកលអាជីពមួយរូប តែមួយរយៈមកនេះគេមិនសូវលេចមុខនៅលើសង្វៀនឡើយ ដោយសារតែអត់មានគូប្រកួត ។ លើកនេះគេត្រូវប៉ះកំពូលជើងខ្លាំងមកពីថៃដែលមានប្រវត្តិប្រកួតរហូតដល់ទៅ៨០ដង ឈ្នះ៤៥ដង ចាញ់១៥ដង និងស្មើ២០ដង ។ ដូច្នេះអត់មានអ្នកណាហ៊ានវាយតម្លៃពីលទ្ធផលទុកមុនបានឡើយ ។ ង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ត្រូវប្រកួតជាមួយកីឡាករថៃ កាន ក កាំ ប៉ាណាត ក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម ។ ង៉ែត រដ្ឋា គឺជាអ្នកប្រដាល់ខ្លាំងម្នាក់ដែលមានប្រវត្តិប្រកួតនៅលើសង្វៀនយ៉ាងជោកជាំ ។ កីឡាករថៃ ក៏មានប្រវត្តិឡើងសង្វៀនប្រកួត៨០ដង ឈ្នះ៥០ដង ចាញ់២០ដង និងស្មើ១០ដងដែរ ដូច្នេះ ង៉ែត រដ្ឋា មិនអាចធ្វេសប្រហែសបានឡើយ ។
យ៉េន ឌីណា មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបជាមួយកីឡាករថៃ ស៊ុព័រ ឆ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ កីឡាករថៃរូបនេះទោះបីគេទើបមានអាយុ២១ឆ្នាំ បុ៉ន្តែប្រវត្តិប្រកួតនៅលើសង្វៀនរបស់គេពិតជាមិនធម្មតាឡើយ គឺមានរហូតដល់ទៅ១២០ដងឯណោះ ក្នុងនោះឈ្នះ៨០ដង ស្មើ២០ដង និងចាញ់២០ដង ។ ប្រវត្តិប្រកួតនេះអាចច្រើនជាង យ៉េន ឌីណា ឆ្ងាយណាស់ ដូច្នេះមិនដឹងថា យ៉េន ឌីណា អាចទៅរួចជាមួយគេដោយរបៀបណានោះទេ មានតែរង់ចាំមើលការប្រកួតជាក់ស្តែងបុ៉ណ្ណោះ ។ នៅលើសង្វៀនដដែល កីឡាករកំពែងខ្មៅ មកពីក្លិបវីអាយភីចំការមន ក៏នឹងជួបជាមួយកីឡាករអ៊ុន រតនា មកពីក្លិបតាឡីដំរីមានរិទ្ធ និងកីឡាករផុន ផាន់ណា មកពីក្លិបអប្សរាគុនខ្មែរ ជួបជាមួយកីឡាករឡុង សុវណ្ណពៅ មកពីក្លិបសាលវ័ន្តកីឡា ៕
ចែករំលែកព័តមាននេះ