ខេត្តពោធិ៍សាត់ ៖ ក្នុងដំណើរបេសកកម្មពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់តាមឧទ្ទម្ភាគចក្រ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក Wang Wen Tian ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក កែវ រតនះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកប្រធានក្រុមហ៊ុន China National Heavy Machinery Corporation បានអញ្ជើញកាត់ខ្សែបូរសម្ពោធផ្លូវកៅស៊ូចំនួន២ខ្សែដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ផ្លូវកៅស៊ូទាំង២ខ្សែខាងលើនេះប្រវែង៦៥០០ម៉ែត្រ ដែលបានកើតឡើងតាមរយៈការទំនាក់ទំនងរបស់លោករដ្ឋមន្ត្រីស៊ុយ សែម និងលោកជំទាវ។ ខ្សែទី១ឆ្លងកាត់ភូមិស្វាយចំបក់ ភូមិពោធិ៍ឡើង ភូមិកគោ និងភូមិសន្លុង ប្រវែង៣៨២០ម៉ែត្រ និងខ្សែទី២ឆ្លងកាត់ភូមិឈើទាល ភូមិផ្ទះស្រែ និងភូមិជ្រែង ប្រវែង២៦៨០ម៉ែត្រ ដោយចំណាយថវិកាអស់៥០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជាអំណោយរបស់ក្រុមហ៊ុនចិនដែលមានឈ្មោះថា China National Heavy Machinery Corporation ។

កន្លងមកនេះ លោកស៊ុយ សែមនិងលោកជំទាវបានទំនាក់ទំនងជាមួយក្រុមហ៊ុនចិនកសាងបាននូវសមិទ្ធផលជាច្រើនក្នុងខេត្តពោធិ៍សាត់ ដូចជាអគារសិក្សាកម្ពស់ពីរជាន់នៅវិទ្យាល័យនទីសេដ្ឋាស្រុកកណ្ដៀង មណ្ឌលសុខភាពប្រហាលឃុំតាលោស្រុកបាកាន វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ និងផ្លូវក្រួសក្រហមចំនួន២ខ្សែនៅឃុំប្រមោយ ស្រុកវាលវែងជាដើម។

លោកបណ្ឌិត ម៉ៅ ធនិន ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត និងជំនួសមុខឲ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូលនិយាយរួម និយាយដោយឡែកប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនចិន ដែលបានផ្ដល់ផ្លូវកៅស៊ូចំនួន២ខ្សែប្រវែង៦៥០០ម ចំណាយអស់ថវិកាកន្លះលានដុល្លាសហរដ្ឋអាមេរិក ជាចំណងដៃជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀងនាពេលនេះ។ ទង្វើទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យគមនាគមន៍នៅកម្ពុជា ដែលកំពុងរីកចំរើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដើម្បីជាសម្ព័ន្ធមិត្តនឹងគ្នាលោកអភិបាលខេត្ត សូមឲ្យក្រុមហ៊ុនចិនបន្តជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។

លោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងពីទំនាក់ទំនងចិនជាមួយកម្ពុជា គឺមានរយៈពេលប្រមាណ២០០០ឆ្នាំមកហើយ នេះបើតាមវត្ថុបុរាណដែលមានចារនៅក្នុងរូបចម្លាក់ដែលបានរកឃើញនៅខេត្តតាកែវកន្លងមកនេះ។ ប្រទេសកម្ពុជាមានមេដឹកនាំឆ្លាតវៃនិងមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង មានស្ថេរភាពនយោបាយ មានគោលនយោបាយច្រើនទាក់ទងវិនិយោគិន ប្រជាជនចិនមានសេចក្ដីស្រលាញ់ចំពោះប្រជាជនកម្ពុជា និងមានអរិយធម៌ប្រហាក់ប្រហែលគ្នាផងដែរ។ បានជម្រុញឲ្យកូនខ្មែរខិតខំរៀនសូត្រ និងមានអាហារូបករណ៍ទៅរៀននៅប្រទេសចិន ដើម្បីទទួលបានជំនាញផ្សេងៗសម្រាប់អនាគតរបស់ខ្លួននិងចូលរួមអភិវឌ្ឍន៍ប្រទេស។

ក្នុងឱកាសនោះក៏មានជូនលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនម្ចាស់ជំនួយក្រុមហ៊ុនសាងសង់ និងជូនផលិតផលក្នុងស្រុកមានអំបុក ស្ករត្នោត ផ្លែដូង ក្រឡាន ដល់គណៈអធិបតី ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងចិននិងកម្ពុជាផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ