ក្រុងហុងកុង ៖ ប៉ូលិសកាលពីថ្ងៃទី១៣តុលាបានចាប់ខ្លួនបាតុករ ជាច្រើនសិបនាក់នៅក្រុងហុងកុង ក្នុងឱកាសនៃសកម្មភាពជាច្រើនដែលរៀបចំធ្វើ ដើម្បីទាមទារការកែទម្រង់ប្រជាធិបតេយ្យ ដែលបាតុកម្មទាំងនោះមានមនុស្សចូលរួមកាន់តែតិច ហើយមិនបង្កអំពើហិង្សាខ្លាំងក្លាដូចបាតុករចុងសប្ដាហ៍នាពេលមុនៗឡើយ។
កងកម្លាំងបូ៉លិសនារសៀលថ្ងៃទី១៣តុលា បានចេញបង្ក្រាបបាតុករ នៅតាមកន្លែងជាច្រើននៃដែនដីអតីតអាណានិគមអង់គ្លេសនោះ ដែលមានបណ្ដាក្រុមរ៉ាឌីកាល់ពាក់ម៉ាស់បិទមុខ ដោយមួយចំនួនបានរាំងខ្ទប់វិថីនានា និងគប់របស់របរផ្សេងៗទៅលើផ្លូវដែក។ ប៉ូលិសប្រកាសថាបានប្រើឧស្ម័នបង្ហូរទឹកភ្នែកក្នុងសង្កាត់២។
ក្នុងសង្កាត់MONGKOKពួកបាតុករ ដែលដាក់របាំងប្ញស្សីមួយត្រូវប៉ូលិសចាប់ខ្លួន ក្នុងអន្តរាគមន៍ផ្លេកបន្ទោរមួយ។ មុននេះបន្តិចអ្នកកាសែតម្នាក់របស់AFPបានឃើញពួកអ្នកតវ៉ាវាយតប់នារីចំណាស់ម្នាក់ ដែលពួកគេយល់ថាជួយប៉ូលិស ក្នុងការកម្ទេចចោលរបាំងដោយនារីរូបនោះនៅត្រូវគេយកភក់មកប៉ាតមុខគាត់ទៀតផង។
នៅតំបន់TAI POកងកម្លាំងប៉ូលិសបានលុកចូលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដែលក្នុងទីតាំងនោះពួកបាតុករ បានសរសេរពាក្យនានាចោទប្រកាន់មជ្ឈមណ្ឌលនោះថា ជួយទ្រទ្រង់ដល់រដ្ឋាភិបាលហុងកុងនិងក្រុងប៉េកាំង។ រួចអគាររដ្ឋបាលមួយស្ថិតនៅក្បែរនោះរងការអុកឡុកបំផ្លិចបំផ្លាញ។ ក៏មានសកម្មភាពនានានៅតាមសង្កាត់យ៉ាងតិច៤ទៀត ដែលនាំឲ្យមានអន្តរាគមន៍របស់ប៉ូលិស។
ដោយឡែកពួកបាតុករហុងកុងបាននាំគ្នាបញ្ជូនរូបចម្លាក់ធំមួយជានិមិត្តរូបនៃការតវ៉ាដែលរូបចម្លាក់នេះ គេហៅរូបចម្លាក់នារីនៃសេរីភាព យកទៅដាក់លើកំពូលភ្នំមួយនៃក្រុងហុងកុងគឺភ្នំLION ROCK។ ពួកបាតុករបាននាំយករួបចម្លាក់នោះដោយស្ងាត់ៗទៅកាន់កំពូលភ្នំ ដោយប្រកាសថាកំពូលភ្នំនេះនឹងជាកន្លែងចុងក្រោយរបស់គេ។
រូបចម្លាក់នោះតំណាងឲ្យបាតុករនារីម្នាក់ដែលពាក់ម៉ាស់ការពារឧស្ម័ន ពាក់វ៉ែនតាការពារនិងមួកកាស់។ នារិនោះនៅដៃម្ខាងមានកាន់ឆ័ត្រមួយ ជានិមិត្តរូបនៃចលនាស្និទ្ធលទ្ធិប្រជាធិបតេយ្យហុងកុង ហើយនៅដៃម្ខាងទៀតមានកាន់ទង់ពណ៌ខ្មៅមួយចារពាក្យថា រំដោះហុងកុងនិងបដិវត្តន៍នៃសម័យកាលយើង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ