ប៉ោយប៉ែត ៖ សមត្ថកិច្ចប៉ូលិសវរៈសេនាតូចការពារព្រំដែនគោកលេខ៩១១ នៃស្នងការខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤នេះដឹកនាំដោយលោកអនុសេនីយ៍ទោលឹម សាវុធ នាយប៉ុស្តិ៍បឹងសាគូ នៃវរៈការពារព្រំដែនគោកលេខ៩១១ បានចុះប្រត្តិបត្តការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងតំបន់ដែលឈរជើង បានឃាត់ខ្លួនក្រុមពលករចំណាកស្រុកប្រុសស្រីចំនួន៤៣នាក់ នៅចំណុចចំការអំពៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត យកមកអប់រំណែនាំ ដោយមិនឲ្យពួកគេលួចឆ្លងដែនតាមច្រករបៀងទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ឡើយ ។
លោកលឹម សាវុធ នាយប៉ុស្តិ៍បឹងសាគូ បានឲ្យដឹងថា ការចុះប្រត្តិបត្តការទប់ស្កាត់ ក្រុមពលករចំណាកស្រុកទាំងអស់នេះ គឺយោងទៅតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោកវរ៖សេនីយ៍ទោសូ ចាន់ណារី មេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៩១១ និងលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការខេត្តបន្ទាយមានជ័យ ទើបកម្លាំងសមត្ថកិច្ច របស់លោកបានខិតខំយកចិត្តទុកដាក់ ទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយដែលកើតមាន នៅក្នុងតំបន់ដែលឈរជើងឲ្យខានតែបាន ដើម្បីឲ្យស្របទៅតាមយុទ្ឋសាស្ត្ររបស់ថ្នាក់ដឹកនាំ ។
បន្ទាប់មកទៀតនៅរសៀលថ្ងៃដដែលនេះលោកអឿម ប៊ុនធឿន នាយប៉ុស្តិ៍ស្វាយព្រៃ សមត្ថកិច្ចប៉ូលិសវរៈការពារព្រំដែនគោកលេខ៨១៥ប្រចាំទិសម៉ាឡៃ នៃស្នងការខេត្ត ក៏បានចុះប្រត្តិបត្តការទប់ស្កាត់ក្រុមពលករចំណាកស្រុកប្រុសស្រី បានចំនួន២១នាក់ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ យកមកអប់រំណែនាំផងដែរ ។ ដោយសមត្ថកិច្ចជំនាញការពារតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នោះបានប្រាប់ឲ្យដឹងថា គឺមិនអនុញ្ញាត្តឲ្យពួកក្រុមពលករចំណាកស្រុកទាំងអស់នេះលួចឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់បានឡើយ ខ្លាចក្រែងសមត្ថកិច្ចតម្រួតថៃ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនគេវាយធ្វើបាប តាមតែអំពើចិត្ត ហើយចោទថា ពលករខ្មែរលួចឆ្លងដែនចូលទៅក្នុងទឹកដីគេ ដោយខុសច្បាប់ ។
គួរលំលឹកផងដែរថា នៅរដូវបុណ្យប្រពៃណីជាតិខ្មែរម្តងៗ គេតែងសង្កេតឃើញមានក្រុមពលករចំណាកស្រុកប្រុស បាននាំគ្នាសម្រុកចេញ ចូល ឆ្លងដែនទៅរការងារធ្វើនៅក្នុងប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង ភ្លូកទឹកភ្លូកដីតែម្តង ។ តែក្រុមសត្ថកិច្ចប៉ូលិសការពារព្រំដែនកម្ពុជា ថៃ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ធ្វើការទប់ស្កាត់នៅមានកម្រិតនៅឡេីយ។
ចែករំលែកព័តមាននេះ