NOCC មិន​បារម្ភ​ថា ​អ្នក​រត់​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​អង្គរ​ចុងឆ្នាំ​នេះ​ធ្លាក់​ចុះ​ឡើយ


រាជធានី​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​របស់​គណ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ខ្ពស់ ក្នុង​ការ​រក្សា​នូវ​កំណើ​ន​អ្នកចូលរួម​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ា​តុង​អង្គរ​លើក​ទី​២៤ នា​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មិន​បារម្ភ​រឿង​ធ្លាក់​ចុះ​អ្នកចូលរួម​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ក្នុង​សន្និសីទ​សារព័ត៌​មាន កាលពី​ថ្ងៃ​ទី​១០ ខែតុលា ។

ការ​បង្ហាញ​ពី​សុទិដ្ឋិនិយម​បែប​នេះ ដោយ សារ​លោក​ជឿជាក់​លើ​សក្ដានុពល​របស់​ខេត្តសៀមរាប ពិសេស​តំបន់​អង្គរ​ដែល​ជា​តំបន់​បេ​តិក​ភណ្ឌ​ពិភពលោក និង​ជា​កន្លែង​ដ៏​ល្អ​ឯក​សម្រាប់​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា និង​ទេសចរណ៍ ។ ដូច្នេះ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្ដរជាតិ នៅ​តែ​ចាប់ អារម្មណ៍​​ចំពោះ​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ខណៈ​បច្ចុប្បន្ន​មាន​អ្នក​ចុះ​ឈ្មោះ ជិត​៤០០​​នាក់​ហើយ ។

កាលពី​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​ដំបូង​នៃ​ព្រឹត្តិ​ការណ៍​នេះ មាន​អ្នក​រត់​ជាង​១០.៥០០​នាក់​។ ប៉ុន្ដែ​ឆ្នាំ​នេះ​គណៈកម្មការ​មានការ​ជឿជាក់​ថា ក៏​មិន​ក្រោម​១​ម៉ឺន​នាក់​ដែរ តែ​គឺ​មាន​តែ​កើន​ជាង​នេះ ។ ការ​អះអាង​បែប​នេះ ដោយសារ​សន្ទុះ​ក្នុង​ការ​ចុះ​ឈ្មោះ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ គឺ​ប្រហាក់ប្រហែល​គ្នា ។ ហេតុនេះ លោក​សូម​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ ចុះ​ឈ្មោះ​ឲ្យ​បាន​រួសរាន់ ដើម្បី​ងាយ​ស្រួល​គណៈកម្មការ​រៀបចំ ។

ជាមួយ​គ្នា​នេះ លោក សែ​ម ផល្លា នាយក​ប្រតិបត្តិ​ព្រឹត្តិការណ៍​កីឡា​និង​ទេសចរណ៍​បញ្ជាក់​ថា ឆ្នាំ​នេះ​គណៈកម្មការ​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ទទួល​អ្នកចូលរួម​លើស​ពី​១​ម៉ឺន​នាក់ ។ ប៉ុន្ដែ​បើ​ផ្អែក​​លើ​ចំនួន​ជាក់ស្ដែង អ្នក​ចុះ​ឈ្មោះ​នៅ​មាន​កម្រិត ព្រោះ​ភាគច្រើន​អ្នកចូលរួម​ច្រើន​សម្រុក​ចុះ​ឈ្មោះ​អំឡុង​១​ខែ​មុន​ព្រឹត្តិការណ៍ ។ ដូច្នេះ​លោក​សូម​អំពាវនាវ​ជា​ថ្មី ដោយ​ស្នើ​ឲ្យ​អ្នកមាន​បំណង​ចូលរួម​ទាំង​ខ្មែរ​និង​បរទេស រួសរាន់​ចុះ​ឈ្មោះ​ព្រោះ​សម្ភារ​ក៏​មាន​កំណត់​ដែរ ។

គួរ​បញ្ជាក់​ថា ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ ត្រូវ​បាន​ជំរុញ​ឲ្យ​បង្កើត​ដោយ​ក្រសួង ទេស​ចរណ៍ ដោយ​មានការ​យកចិត្តទុកដាក់​ជា​ខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បាន​ផ្ដល់​សេច​ក្ដី​ទុកចិត្ត​ឲ្យ NOCC ក្នុង​ការ​រៀបចំ ក្នុង​គោល​បំណង​ដើម្បី​សកម្មភាព​មនុស្សធម៌ ពោល​គឺ​ថវិកា​ទទួល​បាន​ពី​ការ​រៀបចំ​នឹង​ត្រូវ​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ កុមារ​កំព្រា និង​ជន​ពិការ​ដោយ​គ្រប់​មីន​នៅ​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ