រាជធានីភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានក្រើនរំឭកសាជាថ្មីថា អាជ្ញាធររាជធានីនៅតែបន្តមិនឱ្យមានការប្រមូលផ្តុំ ឬធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនោះទេ រហូតដល់តុលាការរកឃើញថា អ្នកណាជាអ្នកបង្កឱ្យមានអំពើហិង្សា ដែលកើតឡើងកន្លងមកសិន ។ លោកបន្តថា រាល់សកម្មភាពឃោសនារកសំឡេងឆ្នោតនានា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ សូមឱ្យគ្រប់គណបក្សនយោបាយទាំងអស់ត្រូវគោរពច្បាប់ និងបែងចែកឱ្យច្បាស់លាស់រវាងការឃោសនារកសំឡេងឆ្នោត និងការធ្វើបាតុកម្ម ។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍បែបនេះ ក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងចៅសង្កាត់និរោធ កាលពីព្រឹកថ្ងៃទី២២ មេសា ដែលបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្តនិរោធ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។ លោកអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ព្រមានថា បញ្ហាដែលកើតមានអំពើហិង្សា បង្កចលាចលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមនាពេលកន្លងមក គឺកើតចេញពីការប្រមូលផ្តុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ។ ដូច្នេះអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យទេ រហូតដល់តុលាការរកឃើញអ្នកប្រព្រឹត្ត និងអ្នកទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងកាលពីពេលកន្លងមកសិន ។
ការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញនេះ ស្របពេលគ្នាដែលមានការប៉ុនប៉ងម្តងហើយម្តងទៀតពីសំណាក់លោកស្រី មូរ សុខហួរ និងអ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ ដែលតែងនាំគ្នាចូលទៅលើទីលានប្រជាធិបតេយ្យ ហើយត្រូវបានរារាំងពីសមត្ថកិច្ច និងកងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ។ ក្នុងការប៉ងចូលទៅនេះ ដំណាក់កាលចុងក្រោយ កាលពីថ្ងៃទី២១ មេសា ក៏មានការប៉ះទង្គិចគ្នាបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ។ លោកស្រីមូរ សុខហួរ ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២២ មេសា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើថា មេធាវីរបស់លោកស្រីកំពុងសិក្សាលើពាក្យបណ្តឹងប្រឆាំងអភិបាលរងខណ្ឌដូនពេញ លោកសុខ ពេញវុធ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយបង្ក្រាប និងរារាំងក្រុមលោកស្រីនៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី២១ មេសា កន្លងមកថ្មីៗនេះ ។
លោកស្រីមានប្រសាសន៍ថា បណ្តឹងដែលមេធាវីធ្វើឡើង គឺក្នុងនាមគណបក្សសង្គ្រោះជាតិ។ ក្នុងសន្និសីទ លោកស្រីក៏បានប្រកាសថា បន្ទាប់ពីធ្វើសន្និសីទរួចលោកស្រីនឹងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីផ្តល់ភស្តុតាងជុំវិញព្រឹត្តិការណ៍ដែលកងកម្លាំងសន្តិសុខ ក្រោមការបញ្ជារបស់លោក សុខ ពេញវុធ ប្រើហិង្សាលើក្រុមលោកស្រី ។ នៅថ្ងៃទី២៨ មេសា ខាងមុខ លោកស្រីនឹងជួបជាមួយមន្ត្រីសហភាពអឺរុ៉ប ។ នៅថ្ងៃទី៣០ មេសា លោកស្រីនឹងទៅកាន់ទីលានប្រជាធិបតេយ្យជាថ្មីទៀត ។ នៅថ្ងៃទី១ និងថ្ងៃទី២ ឧសភា លោកស្រីក៏បន្តទៅកាន់ទីលានប្រជាធិបតេយ្យដែរ ។
លោកស្រី មូរ សុខហួរ បញ្ជាក់ថា ការប្រកាសប្តឹងអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ ទៅកាន់តុលាការ ក៏មានការស្នើដោយផ្ទាល់មាត់ឱ្យមានការព្យួរតំណែងអភិបាលរងខណ្ឌរូបនេះដែរ ដែលដឹកនាំកម្លាំងសន្តិសុខវាយបង្ក្រាបលើក្រុមលោកស្រី ។ ក្នុងនាមតំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រីក៏ជំរុញឱ្យបក្សកាន់អំណាចចាត់វិធានការរដ្ឋបាលទៅលើមន្ត្រីអាជ្ញាធរដែលបញ្ជាឱ្យកងកម្លាំងប្រើហិង្សាបង្ក្រាបអ្នកតវ៉ាដោយសន្តិវិធីដើម្បីធានាថា សេរីភាពបញ្ចេញមតិដែលមានចែងក្នុងច្បាប់ត្រូវបានរដ្ឋាភិបាលយកទៅអនុវត្ត ។
សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបប្រចាំខេត្តបាត់ដំបង លោក ប៉ែន ស៊ុនតារាវ័ន្ត ដែលអះអាងថា លោកបានរងរបួសដោយសារការបង្ក្រាបរបស់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ លើកឡើងថា ការដែលកម្លាំងសន្តិសុខផ្ទុះហិង្សាបង្ក្រាបក្រុមការងារលោក គឺមានបញ្ជាពីអភិបាលរងខណ្ឌដូនពេញលោក សុខ ពេញវុធ ហើយក្រុមដៃដល់ទាំងនោះភាគច្រើនជាមនុស្សញៀនថ្នាំ ដែលមិនសូវគិតពីមនុស្សធម៌ និងអ្នកខ្លះមានក្លិនស្រាថែមទៀត ។ ជាមួយគ្នានេះ លោកស្រីមូរ សុខហួរ ដែលស្ថិតក្នុងហេតុការណ៍នោះដែរអះអាងថា ការបង្ក្រាបនោះមានលក្ខណៈជាប្រព័ន្ធ ដែលកម្លាំងសមត្ថកិច្ចចម្រុះមានវត្តមាននៅទីនោះដែរ តែមិនចាត់វិធានការចាប់អ្នកបង្កហេតុ ។ លោកស្រីបន្តថា អ្នករងរបួសភាគច្រើនគឺត្រូវគេវាយក្បាល ដែលអាចឱ្យអ្នករងគ្រោះពិការអស់មួយជីវិត ឬអាចបាត់បង់ជីវិតបាន ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ កន្លងមក បណ្តាលឱ្យរងរបួសអ្នកហែហមលោកស្រី មូរ សុខហួរ ជាច្រើននាក់ ។ ទោះជាយា៉ងណាក្តីលោកស្រី មូរ សុខហួរ មិនមានរបួសអ្វីទេ ខណៈពេលលោកស្រី និងក្រុមរបស់គាត់ព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ ហើយត្រូវបានកងកម្លាំងសន្តិសុខពាក់មួកសុវត្ថិភាពពណ៌ខ្មៅ រារាំង ។ មិនអាចរកការបំភ្លឺឬការឆ្លើយតបភ្លាមៗពីអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ បាននៅឡើយទេ ទាក់ទិននឹងការចោទប្រកាន់នេះ ៕
ចែករំលែកព័តមាននេះ