ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ទង្វើរបស់ថៃកំពុងធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាមានពីរចំណុច

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថៃ​កំពុង​ធ្វើសង្គ្រាម​ពីរ​មក​លើ​កម្ពុជា គឺ​ទី​១.​សង្គ្រាម​ប្រដាប់​អាវុធ និង​ទី​២. សង្គ្រាមចិត្តសាស្ត្រ ដែល​មាន​គោលដៅ​បំបាក់ស្មារតី និង​ញុះញង់ ដើម្បី​បំបែក​សាមគ្គីភាព​រវាង​ពលរដ្ឋ​ខ្មែរ និង​ថ្នាក់ដឹកនាំ…

រាជធានី​ភ្នំពេញ ៖ ថៃ​កំពុង​ធ្វើសង្គ្រាម​ពីរ​មក​លើ​កម្ពុជា គឺ​ទី​១.​សង្គ្រាម​ប្រដាប់​អាវុធ និង​ទី​២. សង្គ្រាមចិត្តសាស្ត្រ ដែល​មាន​គោលដៅ​បំបាក់ស្មារតី និង​ញុះញង់ ដើម្បី​បំបែក​សាមគ្គីភាព​រវាង​ពលរដ្ឋ​ខ្មែរ និង​ថ្នាក់ដឹកនាំ ហើយ​តួយ៉ាង​ថៃ បាន​បង្កើត​គណនី​បណ្ដាញ​សង្គម​ក្លែងក្លាយ ដាក់​ឈ្មោះ​ខ្មែរ​ចែករំលែក​ព័ត៌មាន តែ​បម្រើ​ឱ្យ​ប្រយោជន៍​ថៃ ការ​បង្ហោះ​រូប ឬ​ព័ត៌មាន​ប្រឌិត​ថា កម្ពុជា​ចាញ់ ឬ​បាក់​ប្រៀប ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក្នុង​ឱកាស​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​មុន​មក​លើ​កងទ័ព និង​ជន​ស៊ី​វិល​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ។

លោក ប៉ែន បូ​ណា បាន​លើក​ឡើង​ថា សង្គ្រាម​ប្រដាប់​អាវុធ​ខាង​យោធា​ថៃ បាន​ប្រើប្រាស់​នូវ​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ រួម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផង ដ្រូ​ន​ផង គ្រាប់បែក​ចង្កោម និង​ការ​បាញ់​ផ្សែង​ពុល​ថែម​ទៀត មក​លើ​កងទ័ព និង​ពលរដ្ឋ​កម្ពុជា ។

ចំណែកឯ​សង្គ្រាមចិត្តសាស្ត្រ​វិញ បើ​តាម​ឯកឧត្តម ប៉ែន បូ​ណា ថា សង្គ្រាម​មួយ​នេះ​ក៏​គ្រោះថ្នាក់​ណាស់​ដែរ ប្រសិនណាបើ​យើង​មិន​បាន​យល់ មិន​បាន​ប្រុង​ប្រយ័ត្ន ហើយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ពួក​គេ ដោយ​គោលដៅ​នៃ​សង្គ្រាម​នេះ គឺ​បំបាក់ស្មារតី បំបាក់ទឹកចិត្ត​កងទ័ព ប្រជាពលរដ្ឋ ហើយ​ក៏​មាន​ចរិត​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​ថ្នាក់ដឹកនាំ ពីព្រោះ​គេ​យល់​ឃើញ​ថា ការ​បំបែកបំបាក់​បាន​នេះ​គឺជា​ចំណុចខ្សោយ​របស់​យើង ដែល​ក្នុង សង្គ្រាមចិត្តសាស្ត្រ​នេះ​សត្រូវ​ឈ្លានពាន​របស់​យើង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ច្រើន​យ៉ាង គឺ​ប្រើប្រាស់​បណ្តាញ​សង្គម តាម​រយៈ​ការ​បង្កើត​គណនី​ក្លែង​ក្លាយជា​ច្រើន​ដោយ​ដាក់​ឈ្មោះ​ជា​ខ្មែរ សរសេរ​អក្សរ​ខ្មែរ តែ​គោលដៅ​របស់​គេ​គឺ​បម្រើ​ផលប្រយោជន៍​ឱ្យ​ប្រទេស​ឈ្លានពាន ដូចដែល​បងប្អូន​បានឃើញ​ថា​នៅ​ក្នុង​បណ្តាញ​សង្គម​សព្វ​ថ្ងៃនេះ​ប្រាកដជា​បានឃើញ​ថា​ពួក​គេ​បាន​បន្លំ​ធ្វើ​ជា​ខ្មែរ ជា​ឧទាហរណ៍​គេ​បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​ដើម្បី​បំបាក់ទឹកចិត្ត​កងទ័ព​របស់​យើង រួម​នឹង​ប្រជាពលរដ្ឋ​របស់​យើង ដោយ​គេ​មាន​បង្ហោះ​នូវ​រូប​សញ្ញា (​ឡូ​ហ្គោ​) និង​ស្លាក​ឈ្មោះ​នៃ​កងកម្លាំង​របស់​យើង ដោយ​តុបតែង និង​បង្កើត​ឡើង ដោយ​និយាយ​រៀបរាប់​ថា​នេះ​គឺជា​អ្វី​ដែល​គេ​បាន​ចាប់​បាន ដើម្បី​ឱ្យ​កងទ័ព និង​ពលរដ្ឋ​កម្ពុជា​យល់់​ថា​យើង​បាន​ចាញ់ នេះ​គឺជា​ចិត្តសាស្ត្រ​មួយ​យ៉ាង​ធំធេង ដែល​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​។

លោក ប៉ែន បូ​ណា បាន​បន្ថែម​ថា ខាង​សត្រូវ​បាន​យក​រូបភាព បេ​អឹ​ម​២១ ដែល​បាន​ឆេះ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​ផ្សេង​មក​បង្ហោះ​ថា នេះ គឺជា​អាវុធ​របស់ ជា​វុ​ធ​សម្រាប់​បាញ់​រថក្រោះ​ដែល​គេ​រឹបអូស​បាន​ពី​ទាហាន​កម្ពុជា តែ​ធាតុ​ពិត​រូបភាព​មួយ​នេះ គឺ​គេ​បាន​យក​មក​ពី​ប្រទេស​ផ្សេង ។ ទាំងនេះ គឺជា​សង្គ្រាមចិត្តសាស្ត្រ​ដែល​គេ​បាន​ជះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង ។

បន្ថែម​ពីលើ​នេះ ថៃ​គេ​បាន​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​ផ្លូវការ​របស់​គេ​តែ​ម្តង ដោយ​ស្ទើរតែ​ទាំង​អស់គេ​បាន​ផ្សាយ​ភូត​កុហក បំ​ផ្លឹ​ស បំភ្លៃ ដើម្បី​បម្រើ​ឱ្យ​គោលដៅ​នៃ​សង្គ្រាមចិត្តសាស្ត្រ​របស់​អ្នក​ឈ្លានពាន ដោយ​គេ​បាន​ផ្សាយ​ថា​កងទ័ព​របស់​យើង​ប៉ុណ្ណេះ​នាក់ ប៉ុណ្ណោះ​នាក់​បាន​ស្លាប់​នៅ​ក្នុង​មរ​ភូមិ ដែល​យើង​អាច​យល់​បាន​ពី​បញ្ហា​នេះ តែ​ពលរដ្ឋ​កម្ពុជា​ពុំ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​បោកប្រាស់​មួយ​នេះ​ទេ ។ នេះ គឺជា​ចំណុច​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ