រាជធានីភ្នំពេញ ៖ ក្នុងជំនួបនេះ លោក Jurg Montani បាននាំមកនូវដំណឹងល្អអំពីលទ្ធផលនៃការចុះសួរសុខទុក្ខលើកទី៤ ចំពោះនាយទាហានកម្ពុជាទាំង១៨រូប ដែលត្រូវបានយោធាថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ កក្កដា ។ លោកបញ្ជាក់ថា ទាហានទាំង ១៨រូប មានសុវត្ថិភាព និងសុខភាពល្អជាធម្មតា ហើយលិខិតពីក្រុមគ្រួសារក៏ត្រូវបានប្រគល់ជូនពួកគេផងដែរ ។

ក្រសួងការពារជាតិ បានប្រកាសនាសៀលថ្ងៃទី១៦ ខែធ្នូនេះថា ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ។

នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤ នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។
ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ។ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាង សកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ។

ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ ៕
ចែករំលែកព័តមាននេះ