ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជិត6ពាន់នាក់​ធ្វើកូដកម្ម4​ថ្ងៃនៅក្រុង​បាវិត

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ កម្ម​ករ​-​កម្ម​ការិនី​​​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ចំនួន​​​​​៣​​ក្នុង​ក្រុង​បាវិត​​​ ​សរុប​ប្រមាណ​ជិត​៦.០០០​នាក់ បាន​ធ្វើ​កូ​ដកម្ម​​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដែល​​ខ្លះ​ទាម​ទារ​ប្រាក់​រង្វាន់​៥០​ដុល្លារ​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​​​​​ថ្មី​ប្រពៃណី​​ជាតិ ខ្លះ​ទាម​ទារ​​កុំ​ឱ្យ​ថៅកែ​រោង​ចក្រ​​កាត់​ប្រាក់​​៥០​%​សម្រាប់​ថ្ងៃ​១៧ មេសា​ ​និង​ខ្លះ​ទាម​ទារ​ឱ្យ​ថៅ​កែ​រោង​ចក្រ​​បញ្ឈប់​​កម្ម​ករ​ជន​ជាតិ​វៀត​ណាម​ និង​​​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ កម្ម​ករ និង​សហ​ជីព​​២១​នាក់​ ។

ខេត្ត​ស្វាយ​រៀង​ ៖ កម្ម​ករ​-​កម្ម​ការិនី​​​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ចំនួន​​​​​៣​​ក្នុង​ក្រុង​បាវិត​​​ ​សរុប​ប្រមាណ​ជិត​៦.០០០​នាក់ បាន​ធ្វើ​កូ​ដកម្ម​​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដែល​​ខ្លះ​ទាម​ទារ​ប្រាក់​រង្វាន់​៥០​ដុល្លារ​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​​​​​ថ្មី​ប្រពៃណី​​ជាតិ ខ្លះ​ទាម​ទារ​​កុំ​ឱ្យ​ថៅកែ​រោង​ចក្រ​​កាត់​ប្រាក់​​៥០​%​សម្រាប់​ថ្ងៃ​១៧ មេសា​ ​និង​ខ្លះ​ទាម​ទារ​ឱ្យ​ថៅ​កែ​រោង​ចក្រ​​បញ្ឈប់​​កម្ម​ករ​ជន​ជាតិ​វៀត​ណាម​ និង​​​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ កម្ម​ករ និង​សហ​ជីព​​២១​នាក់​ ។

​ការ​ធ្វើ​កូដ​កម្ម​នេះ​ មាន​រយៈ​ពេល​​​៤​ថ្ងៃ​​ជាប់​គ្នា​មក​ហើយ​ ដែល​ក្នុង​អំឡុង​​ពេល​នៃ​ការ​ធ្វើ​កូដ​កម្ម​​នេះ​​ក៏​មាន​កម្ម​​ការិនី​ម្នាក់​ខ្យល់​គរស្លាប់​​​​ដែរ​ ពេល​ដឹក​ដល់​​​មន្ទីរ​ពេទ្យ​ ។ បើ​តាម​មន្ត្រី​នគរ​បាល​​ក្រុង​បាវិត​​ ​ឱ្យ​ដឹង​​ថា​ ក្រុម​កម្ម​ករ​​-​កម្ម​ការិនី​​រោង​ចក្រ​ជិត​៦​ពាន់​នាក់​​ បាន​​ធ្វើ​កូដ​កម្ម​​មិន​ចូល​ធ្វើ​ការ​​ ចាប់​តាំង​ពី​​ថ្ងៃ​សៅរ៍​ ទី​១៩ មេសា ​ដែល​រហូត​​មក​ដល់​ថ្ងៃ​​ទី​២២​ មេសា មាន​រយៈ​ពេល​៤​ថ្ងៃ​​ហើយ​ ​និង​មាន​៦​រោង​ចក្រ​​ ។ នៅតំបន់​​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​ធេន​ ស្ថិត​នៅ​ភូមិ​តាពៅ សង្កាត់​បាវិត​​ ក្រុង​បាវិត មាន​៣​រោង​ចក្រ គឺ​រោង​ចក្រ​​​បេសវ៉េ (Best Way) ដំឡើង​​កង់​ មាន​កម្ម​ករ​​១.៥៧៧​នាក់ ទាម​ទារ​ប្រាក់​ចូល​ឆ្នាំ​ខ្មែរ​៥០​ដុល្លារ​ ​រោង​ចក្រ​​អង្គរ​ស្រ្ពីង​ ផលិត​ពូក មាន​កម្ម​ករ​១៤៧​នាក់​ ទាម​ទារ​​ប្រាក់​ចូល​ឆ្នាំ​ខ្មែរ​៥០​ដុល្លារ និង​ទាម​ទារ​ដក​កម្ម​ករ​​ជន​ជាតិ​វៀត​ណាម​​ចេញ​ពី​រោង​ចក្រ​ ​និង​​រោង​ចក្រ​អុិច​ស្ទេន ផលិត​ខោ​ខូវ​ប៊យ​ មាន​កម្ម​ករ​-កម្ម​ការិនី​២.៣៥៥​នាក់ ទាម​ទារ​ប្រាក់​៥០​ដុល្លារ រង្វាន់​​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ។

នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​សេង ស្ថិត​នៅ​ភូមិ​តាបិប សង្កាត់​​បាវិត​ មាន​២​រោង​ចក្រ គឺ​រោង​ចក្រ​​ស្មាត​ថេច មាន​កម្ម​ករ​​-​កម្ម​ការិនី​​១.១១៥​នាក់ ទាម​ទារ​​កុំ​ឱ្យ​ថៅ​កែ​កាត់​ប្រាក់​ខែ​ ថ្ងៃ​១៧ មេសា ចំនួន​៥០​% និង​ទាម​ទារ​ឱ្យ​​ថៅ​កែ​ផ្តល់​ប្រាក់​ថ្ងៃ​​បុណ្យ​ចូល​​ឆ្នាំ​ខ្មែរ​៥០​ដុល្លារ ។ ទាម​ទារ​ឱ្យ​ដោះ​លែង​សកម្ម​ជន​សហ​ជីព​ និង​កម្មករ​ចំនួន​២១​នាក់​​ចេញ​ពី​ពន្ធនាគារ​​ ។​ ក្រុម​កម្មករ​បាន​ដាក់​មេក្រូ​ប្រកាស​នៅ​មុខ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​សេង​ អស់​រយៈ​ពេល​​ប្រមាណ​២​ម៉ោង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១​ មេសា​ ដែល​មាន​សហ​ជីព​ចំនួន​៦​ ​មក​ចូល​រួម​ តែ​ដោយ​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប​ ក៏​នាំគ្នា​ត្រឡប់​ទៅ​រាជ​ធានីភ្នំ​ពេញ​វិញ ។​ សមត្ថ​កិច្ច​បាន​ចោទ​ថា​ ក្រុម​សហ​ជីព​ទាំង​៦​​ បាន​មក​ញុះ​ញង់​កម្មករ​ឱ្យ​ធ្វើ​កូដ​កម្ម​ខុស​គោល​ដៅ​របស់​កម្មករ​ កម្មការិនី​ចង់​បាន​ ។​ ចំណែក​រោង​ចក្រ​ភូមិ​ផ្តៅ​ មាន​ក​ម្មករ​៧០​នាក់​ទាម​ទារ​ប្រាក់​៥០​ដុល្លារ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ដែរ ។​

ដោយ​ឡែក​ នៅ​តំបន់​សេដ្ឋ​កិច្ចពិសេស​​សាន​តុង​ ភូមិ​ព្រៃ​ធំ​ សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត​ មាន​កម្មករ​៧០០​នាក់​ទាម​ទារ​ប្រាក់​ថ្ងៃ​ចូល​ឆ្នាំ​៥០​ដុល្លារ​ ។ ការ​ទាម​ទារ​នេះ​ថៅកែ​រោង​ចក្រ​ទាំង​៦​ខាង​លើ​មិន​ព្រម​ផ្តល់​ឱ្យ​ដោយ​និយាយ​ថា​ ខុស​ពី​ច្បាប់​កំណត់ ។​ នៅថ្ងៃ​ទី​២២ មេសា​ វេលា​ម៉ោង​៩​ព្រឹក​ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​​ធេន​ តំណាង​អាជ្ញាធរ​ខេត្ត-​ក្រុង​ និង​​​មន្ទីរ​​ការងារ​ បាន​កោះ​ហៅ​នាយក​​រោង​ចក្រ​ទាំង​៦​ មក​ប្រជុំ​ ក៏បុ៉ន្តែ​លទ្ធផល​ពុំ​ដឹង​យ៉ាងណា​ទេ ។​ អ្នក​សារ​ព័ត៌​មាន​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​​ឡើយ ដោយសារ​លោក​ អ៊ូ សុខ​ខឿន​ អនុប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ខេត្តប្រចាំ​ការ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មិន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​ ។​

​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​កូដ​កម្ម​នេះ​ដែរ​ ក៏​មាន​កម្មការិនី​ម្នាក់​ឈ្មោះ​ ឡាំ​ ធឿន​ អាយុ​៣៥​ឆ្នាំ​ ជា​កម្មការិនី​រោង​ចក្រ​សាន​តុង​ ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ធំ​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុង​បាវិត​ មាន​ទីលំនៅ​ភូមិ​ស្រម៉​ជ្រំ​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ខ្យល់​គ​រ​ស្លាប់​ពេល​ដឹក​មក​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជីភូ​ នាថ្ងៃទី​២១​ មេសា​ វេលា​ម៉ោង​៨​ព្រឹក​ ។ មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ការ​ស្លាប់​របស់​កម្មការិនី​ម្នាក់​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កូដ​កម្ម​​នោះ​ទេ គឺ​ខ្យល់​គរ​ពេល​ចូល​ធ្វើ​ការ ហើយ​ត្រូវ​បាន​ខាង​​រោង​ចក្រ​ដឹក​បញ្ជូន​មក​មន្ទីរ​ពេទ្យ​បង្អែក​ជីភូ​ដើម្បី​សង្គ្រោះ​ បុ៉ន្តែ​មិន​អាច​សង្គ្រោះ​បាន​ ។​ នៅ​ក្នុង​ការ​ធ្វើ​កូដ​កម្ម​នេះ​ ក្រុម​កម្មករ​​-​កម្ម​ការិនី​បាន​ព្រមាន​ថា បើ​គ្មាន​ដំណោះ​ស្រាយ​ទេ ពួកគេ​មិន​បញ្ឈប់​កូដ​កម្ម​នេះ​ឡើយ​ ៕​