រាជធានីភ្នំពេញ ៖ កិច្ចប្រជុំប្រមាណកន្លះម៉ោងរវាងសាលារាជធានីភ្នំពេញ ដឹកនំាដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញជាមួយតំណាង៤រូបមកពីគណបក្សសង្គ្រោះជាតិ ( CNRP ) នារសៀលថ្ងៃទី២២ មេសា ២០១៤ ទាក់ទងនឹងសំណើរបស់ CNRP ក្នុងការសុំទីតំាងរៀបចំការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌនោះ មិនទទួលបានលទ្ឋផលជាវិជ្ជមាននោះទេ ដោយសាលារាជធានីភ្នំពេញស្នើឲ្យគណបក្សសង្គ្រោះជាតិដាក់លិខិតស្នើសុំជាថ្មី ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះទៀតថា ការណ៏ដែលសាលាក្រុងស្នើឲ្យCNRP ដាក់លិខិតជាថ្មីនោះ ដោយសារសំណើមុនមិនមានលក្ខណៈគតិយុត្តិត្រឹមត្រូវ ដោយសារពុំមានបញ្ជាក់ពីចំនួនមនុស្សចូលរួម និង តម្រាយផ្លូវក្នុងការហែក្បួនឃោសនាបោះឆ្នោតនោះជាដើម ។
កាលពីថ្ងៃទី១៨ មេសា ២០១៤ គណបក្សសង្គ្រោះជាតិបានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដោយស្នើសុំទីតំាងទីលានប្រជាធិបតេយ្យ និង សួនច្បារមុខវត្តបុទុមវតី ដើម្បីរៀបចំឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ដែលតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោតមានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ឧសភា ២០១៤ខាងមុខនេះ ខណៈការបោះឆ្នោតជាអសកលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ឧសភា ២០១៤ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ