រាជធានីភ្នំពេញ ៖ ស្រ្ដី២នាក់ មានអាយុប្រហែលជិត៣០ឆ្នាំ ដែលអះអាងថាជាប្រពន្ធរៀងៗខ្លួន បានប្រទូស្ដរ៉ាយនិងជេរប្រមាថគ្នាទៅវិញទៅមកកប់ៗមាត់រឿងដណ្ដើមប្ដីគ្នា ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅមុខផ្ទះសំណាក់មួយឈ្មោះអង្គរមាស ដែលមានទីតាំងនៅក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២១ មេសា ។
នេះជារឿងមួយដែលបង្កឡើងដោយបុរសម្នាក់ ធ្វើឱ្យស្រ្ដី២នាក់ជេរបញ្ចោរគ្នាដណ្ដើមដេកកណ្ដាលក្នុងជម្លោះដណ្ដើមប្ដី ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរូបនេះមានប្រពន្ធម្នាក់រស់នៅខេត្ដកំពង់ចាម ហើយនៅពេលប្រពន្ធមកលេងប្ដីនៅភ្នំពេញម្ដងៗ ប្ដីតែងតែនាំទៅដេកនៅផ្ទះសំណាក់អង្គរមាស ។ មុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធកំពុងស្ថិតក្នុងផ្ទះសំណាក់អង្គរមាស ស្រាប់តែមានស្រ្ដីម្នាក់ទៀតដែលអះអាងថាជាប្រពន្ធដែរនោះ បានទូរស័ព្ទទៅរកប្ដីពីរបីដង តែបុរសរូបនោះអត់លើកទូរស័ព្ទទេ ។ បន្ទាប់មកស្រ្ដីជាប្រពន្ធដែលមកពីខេត្ដកំពង់ចាម បានលើកជំនួសស្រាប់តែមានការឈ្លោះប្រកែកគ្នាតាមទូរស័ព្ទយ៉ាងបែកផ្សែង ។
ដោយសារមានកំហឹង១៥០អង្សានោះ ស្រ្ដីដែលទូរស័ព្ទចូលមក និងបានតាំងខ្លួនជាប្រពន្ធដែរ បានជិះម៉ូតូឌុបទៅរកស្រ្ដីជាគូបដិបក្ខនៅមុខផ្ទះសំណាក់ និងបានក្លាយជាជម្លោះជេរប្រមាថគ្នាធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោដល់មនុស្សម្នាចោមរោមមើល ដែលខ្លះអស់សំណើច។ ចំណែកបុរសជាប្ដីដែលគ្មានការទទួលខុសត្រូវបានគេចខ្លួនទៅបាត់។ ទាក់ទិននឹងករណីនេះ ស្រ្ដីរូបស្រស់ទាំងពីរនាក់មិនបានរៀបរាប់ឱ្យដឹងពីអត្ដសញ្ញាណទេ ហើយក៏គ្មានអ្នកណាអះអាងបានស្គាល់ដែរ ។ ចំណែកបុរសជាប្ដីវិញដោយសារខ្មាសគេ គ្រាន់តែប្រពន្ធទាំង២នាក់ដែលស្លៀកពាក់ខើចលើខើចក្រោមខ្លាំងដូចគ្នា ចង្អុលមុខគ្នាក៏គេចបាត់ស្រមោល ។
បើតាមស្ដ្រីដែលមករករឿង និងទំនងជាប្រពន្ធចុងបានអះអាងថា ប្ដីរបស់នាងបានលែងលះជាមួយប្រពន្ធដើម និងមករស់នៅជាមួយនាងនៅផ្ទះជួលម្ដុំសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ មិនតែប៉ុណ្ណោះ នាងបានខ្ចីលុយអង្គការយកមកទិញម៉ូតូសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ១គ្រឿងឱ្យប្ដីជិះទៀត ហើយឪពុកម្ដាយក្មេកក៏ពេញចិត្ដរូបនាងជាងប្រពន្ធដើមនេះដែរ ។ ចំពោះមូលហេតុដែលនាងមករករឿងដល់ផ្ទះសំណាក់ ហើយឈ្លោះប្រកែកជាមួយប្រពន្ធដើមនោះ មិនមែនចង់ដណ្ដើមយកប្ដីវិញទេ គឺខឹងនឹងប្រពន្ធដើមដែលជេរប្រមាថមកលើរូបនាង ។ ម៉្យាងទៀត គឺមកទាមទារយកម៉ូតូរបស់នាងវិញ ព្រោះជាញើសឈាមខំប្រឹងខ្ចីលុុយអង្គការយកមកទិញឱ្យប្ដីជិះនឹងគេ បែរជាមានពោះវៀនបត់ចន្ទាសក្បត់ចិត្ដជិះគេទៅវិញ ។
ក្នុងហេតុការណ៍ជេរប្រមាថ និងប្រទាញប្រទង់គ្នាទៅវិញទៅមក ដោយសារតែរឿងចែកប្ដីគ្នាមិនដាច់នេះ ក្រៅពីមនុស្សម្នាផ្អើលចោមរោមមើល ក៏បានដឹងដល់ប៉ូលិសមូលដ្ឋានចុះទៅជួយអន្ដរាគមន៍ពន្លត់ភ្លើងស្នេហ៍ត្រីកោណនេះដែរ ។ រីឯបុរសជាប្ដីបានគេចខ្លួនបាត់ទៅហើយ អត់មានអ្នកជួយបំភ្លឺថា អ្នកណាដើម អ្នកណាចុងសោះ នៅតែប្រពន្ធដើម និងប្រពន្ធចុងត្រូវបានប៉ូលិសនាំទៅសាលាសង្កាត់ផ្សារកណ្ដាលទី២ ។ លុះពេលទៅដល់មុខសាលាសង្កាត់ ប្រពន្ធដើមបានអះអាងថា នាងមិនទាន់លែងលះគ្នាទេ រួចហើយបានទូរស័ព្ទទៅប្ដីមកទទួល ។
បន្ទាប់មក ប្ដីបានជិះម៉ូតូមួយគ្រឿងទៀតមកដល់ដឹកប្រពន្ធដើមចេញទៅបាត់ ដោយប្រគល់ម៉ូតូដែលប្រពន្ធចុងទាមទារឱ្យវិញ និងប្រាប់ថា ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ហើយក៏ចប់ទៅ ៕
ចែករំលែកព័តមាននេះ