ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់ មកពីស្រុកទឹកផុស ដែលធ្វើដំណើរដោយរថយន្តទួរីសមួយគ្រឿង និងម៉ូតូជាង១០គ្រឿង បានមកតវ៉ានៅមុខសាលាដំបូងខេត្ត ខណៈពួកគាត់ដឹងថា តុលាការបម្រុងដោះលែងជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ មេសា ។ ជនទាំង៣នាក់នេះ បានជាប់ចោទពីបទបង្ករបួសស្នាមដោយចេតនា កាលពីអំឡុងពេលរាំកម្សាន្តបុណ្យចូលឆ្នាំថ្មី កន្លងទៅថ្មីៗនេះ ។
គួររំលឹកថា កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១៨ មេសា នៅក្នុងវត្តដំរីស ស្ថិតក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស មានពិធីរាំធុងបាស់អបអរសាទរបុណ្យចូលឆ្នាំថ្មី ។ ក្នុងពេលរាំលេងកម្សាន្តនោះ ជនចំនួន៣នាក់គឺ ១-ឈ្មោះ ម៉ៅ ជ្រឹង អាយុ២៣ឆ្នាំ ២-ឈ្មោះ សុង ដារ៉ូ អាយុ១៩ឆ្នាំ ៣-ឈ្មោះ ជន ឆៃយ៉ា អាយុ១៨ឆ្នាំ ពួកគេរស់នៅក្នុងភូមិកើតហេតុ បានមានទំនាស់រឿងរាំជាន់ជើងគ្នា ហើយចេញទៅចាំស្ទាក់វាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ម្នាក់ឈ្មោះ ភឺន សុីណេត អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឆកកណ្តោល ឃុំជៀប រងរបួសរយះខ្នងដៃខាងស្តាំធ្ងន់ ត្រូវគ្រូពេទ្យដេរ៣ជាន់ជាច្រើនថ្នេរ និងឈ្មោះ មុំ សារីម អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិគោកពេញ ឃុំជៀប រងរបួសបែកក្បាល បាក់ធ្មេញ របួសខ្នង ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ក្នុងពេលកើតហេតុ ប្រជាការពារភូមិ និងសមត្ថកិច្ចមូលដ្ឋាន បានសហការគ្នាចាប់ជនដៃដល់បានចំនួន៣នាក់ ចំណែកបក្សពួកចំនួន៤នាក់ទៀត រត់គេចខ្លួនបាត់ ។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន ដាវសាមូរ៉ៃ១ ខ្សែក្រវាត់១ ដំបងឫស្សី១ និងស្នាប់ដៃ១ ដែលសម្ភារទាំងអស់នេះ ត្រូវជនដៃដល់លាក់តាមគម្ពោតព្រៃ មុនពេលពួកគេចូល រាំ ។
ក្រោយការចាប់ឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេទាំង៣នាក់ខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ហើយនៅព្រឹកថ្ងៃទី២២ មេសា មន្ត្រីនគរបាលខេត្ត បានបញ្ជូនជនទាំង៣នាក់ ទៅសាលាដំបូង ខេត្ត ។ ប៉ុន្តែក្រោយពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សាកសួរ និងចោទប្រកាន់ជនទាំង៣នាក់នេះរួចមក បានបញ្ជូនសំណុំរឿងទៅចៅក្រមសាកសួរជាបន្តទៀត ដែលមានលោកស្រី គីម លុយ ជាចៅក្រមសាកសួរ ។ ពេលនោះប្រជាពលរដ្ឋដឹងថា ចៅក្រមសាកសួរ មិនបានចោទប្រកាន់ជនទាំង៣នាក់ខាងលើទេ ដោយមានមេធាវី មករត់ការដោះលែងជនទាំង៣នាក់ឱ្យនៅក្រៅឃុំ ទើបប្រជាពលរដ្ឋទាំងនោះមកតវ៉ាសុំឱ្យតុលាការឃុំខ្លួនជនទាំង៣នាក់នេះ ទៅតាមបទល្មើសដែលបានប្រព្រឹត្ត ។ ពួកគាត់និយាយថា បើតុលាការដោះលែងជនទាំង៣នាក់ខាងលើនេះ ពួកគាត់ពិតជាពុំសុខចិត្តឡើយ។
ជុំវិញបញ្ហាខាងលើនេះ លោកស្រី គីម លុយ ចៅក្រមសាកសួរអមសាលាដំបូងខេត្ត មិនអាចសុំការបំភ្លឺបានទេ ប៉ុន្តែលោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានប្រសាសន៍ថា លោកបានធ្វើការចោទប្រកាន់រួចហើយ តាមច្បាប់មាត្រា១៨ ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលអាចមានទោសជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៣ឆ្នាំ ៕
ចែករំលែកព័តមាននេះ