រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសឱ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅលើទីលាន Grand Phnom Penh Golf Club ក្នុងរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសហព័ន្ធកីឡាវាយកូនគោលបានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ដ៏កម្រមួយនេះ គឺបើកទូលាយឱ្យកីឡាករ-កីឡាការិនីទាំងអាជីព និងមិនអាជីពចូលរួមប្រកួតដោយសេរី ។ សហព័ន្ធចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះ ដោយកីឡាករសមាជិករបស់ក្លិប Grand Phnom Penh Golf ត្រូវបង់ប្រាក់សុំសិទ្ធិចូលរួមប្រកួតចំនួន៦៥ដុល្លារក្នុងម្នាក់ រីឯកីឡាករមិនមែនជាសមាជិករបស់ក្លិប Grand Phnom Penh Golf ត្រូវបង់ប្រាក់សុំសិទ្ធិចូលរួមប្រកួតចំនួន១៥០ដុល្លារក្នុងម្នាក់ដើម្បីទទួលបានសម្ភារប្រកួត, អាហាថ្ងៃត្រង់, ភេសជ្ជៈ និងសេវាផ្សេងៗទៀតនៅពេលប្រកួត ។ ចំពោះលក្ខខណ្ឌនៃការប្រកួតវិញ គឺត្រូវគិតចំនួនដំបងដែលបានវាយបាល់ដកហែនឌីកាប់សម្រាប់អ្នកមានហែនឌីកាប់ (Net Score) និងចំនួនដំបងសុទ្ធសម្រាប់អ្នកអត់មានហែនឌីកាប់សហព័ន្ធ (Gross Score) ដោយមានកំណត់សម្គាល់៣ផ្សេងគ្នារួមមាន ទីខ្មៅ កំណត់ក្រុមកីឡាករជម្រើសជាតិ, ទីខៀវ កំណត់បុរស និងទីក្រហម កំណត់កីឡាការិនី ។
ជាពិសេស គឺត្រូវគោរពក្បួនច្បាប់ប្រកួតរបស់សហព័ន្ធ និងមានគណៈកម្មការរៀបចំការប្រកួតជាអ្នកសម្រេចលទ្ធផលចុងក្រោយ ។ រីឯប្រាក់រង្វាន់លើកទឹកចិត្ត ត្រូវបានបែងចែកជា៦ប្រភេទ ក្នុងនោះមាន ៖ ទី១-ប្រកួតដកហែនឌីកាប់ (Net) មាន១រង្វាន់, ទី២-ប្រកួតមិនមែនហែនឌីកាប់ (Gross) មាន១រង្វាន់ដូចគ្នា, ទី៣-ប្រកួតវាយជិតរន្ធជាងគេ (Near To The Pin) មាន២រង្វាន់, ទី៤-ប្រកួតវាយបានឆ្ងាយជាងគេ (Longest Drive) មាន២រង្វាន់, ទី៥-ប្រកួតវាយជិតខ្សែជាងគេ (Near To The Line) មាន២រង្វាន់ និង៦-ប្រកួតពិសេសវាយមួយដំបងចូលរន្ធ (Hole In One) មាន៤រង្វាន់ ។
សូមបញ្ជាក់ផងដែរថា សហព័ន្ធវាយកូនគោលតែងតែរៀបចំកម្មវិធីប្រកួតដណ្តើមពានរង្វាន់ជាច្រើនដូចជា ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen-Cup) លើកទី២ កាលពីខែធ្នូ ឆ្នាំ២០១៣ ។ ពានរង្វាន់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រួមទាំងពានរង្វាន់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ហើយភាគច្រើនក្នុងចំណោមអ្នកដែលចូលរួម គឺជាមន្ត្រីធំៗក្នុងជួររាជរដ្ឋាភិបាល ពាណិជ្ជករ និងអ្នកជំនួញ ៕
ចែករំលែកព័តមាននេះ