រាជធានីភ្នំពេញ ៖ ដោយសារបុណ្យភ្ជុំបិណ្ឌ ហើយគាប់ជួនសហព័ន្ធប្រដាល់កម្ពុជា បើកការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ផង ទើបធ្វើឲ្យសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក៏ដូចជាសង្វៀនផ្សេងៗទៀតត្រូវបិទ២សប្ដាហ៍ជាប់គ្នា និងទើបតែបើកវិញនៅចុងសប្ដាហ៍នេះ ។
កីឡាករ វង្ស ណយ ត្រូវគេដាក់ឲ្យប៉ះជាមួយកីឡាករថៃ ភិច ភីម៉ាយ នៅថ្ងៃសៅរ៍ទី១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ TV5 Knock Out Serie by K-Cement ដើម្បីបន្តការប្រកួតវគ្គជម្រុះ១៦នាក់យក៨នាក់ ដែលជាជម្រុះជើងឯកដណ្តើមប្រាក់លានជុំទី២ ក្នុងរដូវកាលទី៦ ។
កីឡាករកម្ពុជា វង្ស ណយ ដែលជាជើងខ្លាំងឡើងកូដ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឲ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ ភិច ភីម៉ាយ ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំងធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាកន្លងមក ។ វត្តមានកីឡាករទាំងកម្ពុជានិងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្ត ភាពក្នុងស្រុកនោះទេ ពិតជាធ្វើឲ្យអ្នកស្នេហាកីឡាប្រដាល់មានការចាប់អារម្មណ៍ ។ ជាពិសេសគឺវត្តមានកីឡាករ វង្ស ណយ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាកររូបនេះ បាត់មុខមួយរយៈមកហើយ ។
សមាសភាពគូប្រកួតជាលក្ខណៈអន្តរជាតិនេះ ត្រូវបានគេអះអាងថាមានការសម្រាំងយ៉ាងពិសេស ដើម្បីឲ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាសប្ដាហ៍ដែលតម្រូវឲ្យអ្នកមានឈ្មោះក្នុងការប្រកួតជ្រើសរើសជើងឯកទាំង១៦រូបប្រកួតជម្រុះគ្នាយក៨រូប ដើម្បីបន្តយកអ្នកឈ្នះ៨រូបទៅប្រកួតយក៤រូបនៅជុំទី៣បន្តទៀត ។
លោក សេង កដិកា អ្នករៀបចំការប្រកួតបញ្ជាក់ថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ វង្ស ណយ ដោយសារតែរូបគេគឺជាជើងខ្លាំង ហើយបើទោះជាគេខកខានឡើងសង្វៀន និងធ្លាក់កូដជាងមុនបន្តិច ប៉ុន្តែសមត្ថភាពគេល្អគឺលោកពេញចិត្ត ។ លោកសម្រេចដាក់ប្រកួតជាលក្ខណៈអន្តរជាតិ គឺដោយសារតែកីឡាកររូបនេះ មានសមត្ថភាពខ្លាំងក្នុងរយៈពេលចុងក្រោយ និងទទួលបានការចាប់អារម្មណ៍នៅក្នុងវិស័យប្រដាល់ ។
លោក សេង កដិកា ប្រកាសថា វត្តមានរបស់កីឡាករ ភិច ភីម៉ាយ លោកចង់ផ្ដល់ឱកាសឲ្យ វង្ស ណយ ដោយសារតែអ្នកទាំងពីរសុទ្ធតែជាជើងខ្លាំងដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូរផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់កីឡាករថៃក៏ដោយ ។
លោកក៏បានកំណត់ឲ្យកីឡាករកម្ពុជា ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរ មុនពេលផ្គូផ្គង ទើបលោកយល់ថាសមាសភាពរបស់កីឡាករកម្ពុជារូបនេះគ្រប់គ្រាន់សម្រាប់ឲ្យស្ថា
នីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដាក់ឲ្យប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នោះ ។
លោក សេង កដិកា ថ្លែងថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីត
ក្រោយពេលប៉ះគ្នា ។ គូនេះមានការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាកីឡាប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរនៅពេលប៉ះគ្នា ។
លោកបន្តថា ជំនួបជាលក្ខណៈអន្តរជាតិដែលបានធ្វើឡើងនៅសង្វៀនស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឲ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ ហើយសម្រាប់កីឡាករកម្ពុជាវិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តរបស់លោកតាំងពីមុនផ្គូផ្គង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ