រាជធានីភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលកំពុងលូនកាត់ផ្លូវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏នាំគ្នាចាប់យកទៅទុកក្នុងទ្រុង រួចប្រគល់ឱ្យសមត្ថកិច្ចយកទៅរក្សាទុកនៅតំបន់អភិរក្សសត្វ កាលពីនៅវេលាម៉ោង៨យប់ថ្ងៃទី២១ មេសា ២០១៤ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។
ប្រភពបានឱ្យដឹងថា ពស់ថ្លាន់នេះត្រូវប្រជាពលរដ្ឋចាប់យកទៅថ្លឹងមានទម្ងន់៦,៤គីឡូក្រាម និងមានប្រវែង១,៨តឹក ហើយបានយកទៅដាក់ក្នុងទ្រុងត្រឹមត្រូវ និងបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅទទួលយក ប៉ុន្តែដោយយប់ជ្រៅពេក សមត្ថកិច្ចមិនបានយកទៅទេ បានប្រាប់ឱ្យប្រជាពលរដ្ឋរក្សាទុកសិន រង់ចាំព្រឹកស្អែកទើបយកពស់ថ្លាន់នេះ ទៅលែងនៅភ្នំឧដុង្គតែម្តង ។
ប្រភពបានបន្តថា ប្រជាពលរដ្ឋនាំគ្នាលាបប្រេង លាបម្សៅ ដើម្បីសុំសេចក្តីសុខចំរើនពីពស់ថ្លាន់មួយក្បាលនេះ ធ្វើទៅតាមជំនឿរបស់ពលរដ្ឋខែ្មរ ដែលតែងតែជឿថា ពេលចាប់បានពស់ថ្លាន់នឹងនាំមកនូវសេចក្តីសុខសប្បាយ និងរកស៊ីមានបានផងដែរ ។
ចែករំលែកព័តមាននេះ