ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ហ៊ុនដី​​សម្បទាន​​កំពុង​រាត​ត្បាត​ព្រៃ​​ឈើ​ក្នុង​ស្រុក​គូ​លែន​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​​មួយ​ឈ្មោះ​ប្លូ​ហេវិន​ កំពុង​លុក​លុយ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ការពារ​ដោយ​បរិស្ថាន​យ៉ាង​អនា​ធិប​តេយ្យ​ ស្ថិត​ក្នុង​ភូមិ​ព្យួរ​ជ្រូក​ ឃុំ​គូលែន​ជើង​ ស្រុក​គូលែន​ ។​ ក្រឡេក​មើល​ចុះ ឈើ​ហុប​ធំៗ​រាប់​រយ​រាប់​ពាន់​ដើម​ត្រូវ​បាន​កាប់​ធ្វើ​អាជីវ​កម្ម​តាមចិត្ត​ ហើយ​អត់​ទាន់​ដាំ​បាន​ធ្វើ​សោះ​ ។​

ខេត្ត​ព្រះ​វិហារ​ ៖ ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​​មួយ​ឈ្មោះ​ប្លូ​ហេវិន​ កំពុង​លុក​លុយ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ការពារ​ដោយ​បរិស្ថាន​យ៉ាង​អនា​ធិប​តេយ្យ​ ស្ថិត​ក្នុង​ភូមិ​ព្យួរ​ជ្រូក​ ឃុំ​គូលែន​ជើង​ ស្រុក​គូលែន​ ។​ ក្រឡេក​មើល​ចុះ ឈើ​ហុប​ធំៗ​រាប់​រយ​រាប់​ពាន់​ដើម​ត្រូវ​បាន​កាប់​ធ្វើ​អាជីវ​កម្ម​តាមចិត្ត​ ហើយ​អត់​ទាន់​ដាំ​បាន​ធ្វើ​សោះ​ ។​

អ្នក​ស្រុក​នៅ​តំបន់​នោះ​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​កំពុង​តែ​សម្រុក​កាប់​ឈើ​ហុប​រាប់​ពាន់​ដើម​ និង​ដាក់​ម៉ាស៊ីន​រ៉ៃ​អារ​ច្រៀក​ឈើ​ហុប​ ដឹក​ចេញ​ទៅ​លក់​នៅ​ផ្សារ​យ៉ាង​អនា​ធិប​តេយ្យ​ ក្រោម​ស្លាក​វិនិយោគ​ដី​សម្បទាន​សេដ្ឋ​កិច្ច​លើ​ផ្ទៃ​ដី​ជាង​៩ពាន់​ហិក​តា​ក្នុង​តំបន់​នោះ ។ បុ៉ន្តែ​តាម​ការ​សង្កេត​​ ក្រុម​ហ៊ុន​នេះ​ពុំ​ទាន់​ឃើញ​វិនិយោគ​អ្វី​នៅ​លើ​ដី​​នោះ​នៅ​ឡើយ​ទេ​ សូម្បី​តែ​កូន​ម្ទេស​១​ដើម​ដាំ​នៅ​លើ​ដី​ក្រុម​ហ៊ុន​ ក៏​គ្មាន​ផង​ គឺ​គ្មាន​សកម្ម​ភាព​អ្វី​ទាំង​អស់​ក្នុង​ការ​វិនិ​យោគ​របស់​ខ្លួន​ មាន​តែ​ការ​កាប់​ជញ្ជូន​ឈើ​ហុប​ចេញ​ពី​ព្រៃ​នានា​ ​ហើយ​អូស​ចូល​ដី​ក្រុម​ហ៊ុន​ដើម្បី​អារ​ច្រៀក​ដោយ​ម៉ាស៊ីន​រ៉ៃ​ និង​ដឹក​ជញ្ជូន​ទៅ​លក់​មាន​សកម្ម​ភាព​មមា​ញឹក​ណាស់​ ។​

បុរស​ម្នាក់​ឈ្មោះ រ៉ាំ​ ថុត រស់​នៅ​ក្នុង​ឃុំ​គូលែន​ជើងអះ​អាង​ថា​ គាត់​មាន​រថ​យន្ត​រ៉េវ និង​ជាអ្នក​​ស៊ី​ឈ្នួល​រុក​រក​កាប់​ឈើ​ហុប​ដ៏​កម្រ​នានា​អូស​ចូល​ទៅ​លក់​ឱ្យ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ក្នុង​មួយ​ម៉ែត្រ​គូប​៣០​ដុល្លារ​​ ។ បុ៉ន្តែ​មក​ដល់​ពេល​នេះ​អស់​រយៈ​ពេល​ជាង​៣​ខែ​ហើយ​ដែល​រូបគាត់​ជា​អ្នក​កាប់​ឈើ​ផ្ទាល់​លក់​ឱ្យ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ ​​គឺ​ពុំ​ទាន់​បាន​ទូទាត់​ថវិកា​ឱ្យ​មួយ​រៀល​ណា​នៅ​ឡើយ​ទេ ។​ ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ជុំ​ ពុយ​ អភិបាល​ស្រុក​គូលែន​ ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ មេសា​​ថា ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​​នេះ​បានវិនិ​យោគ​ដីសម្បទាន​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នោះ​អស់​រយៈ​ពេល​​ជាង​មួយ​ឆ្នាំ​មក​ហើយ ។​ លោក​​អភិបាល​ស្រុក​អះ​អាង​ថា​​ ក្រុម​ហ៊ុន​នេះ​មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​វិនិ​យោគ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ខាង​លើ​ និង​ពេល​នេះ​ដាំ​ដំឡូង​មី​ចំនួន​២៥​ហិកតា​សិន​លើ​ផ្ទៃ​ដី​ជាង​៩​ពាន់​ហិក​តា ​គឺ​ដាំ​ឱ្យ​មាន​ឈ្មោះ​ថា​ បាន​ដាំ​ដែរ ឯ​រឿង​ធំ​គឺ​កាប់​ឈើ​ធ្វើ​ជំនួញ ។​

ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនា​ធិប​តេយ្យ​នេះ​ដែរ​ បើ​តាម​មន្ត្រី​បរិស្ថា​ន​ខេត្ត​មួយ​រូប (សុំ​មិន​បញ្ចេញ​ឈ្មោះ​)​ ដែល​ជា​អ្នក​គ្រប់​គ្រង​ព្រៃ​ការពារ​បរិស្ថាន​ក្នុង​តំបន់​នោះ​បាន​​អះ​អាង​ថា ក្រុម​ហ៊ុន​នេះ​មាន​អាជ្ញា​ប័ណ្ណ​វិនិ​យោគ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ចំនួន​៩ពាន់​​ហិកតា​ក្នុង​តំបន់​នោះ​ប្រាកដ​មែន​ ។ បុ៉ន្តែ​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​យ៉ាង​អនា​ធិប​តេយ្យ​ដែល​គ្មាន​កំណត់​​គោលដៅច្បាស់​លាស់​របស់​ក្រុម​ហ៊ុន​វិនិ​យោគ​នេះ​ លោក​មិន​ដឹង​​ទេ​ ។ ទោះ​ជា​យ៉ាងណា​ លោក​​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​នេះ​ គឺ​​រក​ឱ្យ​ឃើញ​​ពី​ការ​កាប់​ឈើ​យ៉ាង​អនា​ធិប​តេយ្យ​ដឹក​ចូល​ដី​ក្រុម​ហ៊ុន​ ។ ជាមួយ​នេះ ត្រូវ​ត្រួត​ពិនិត្យ​ឡើងវិញ​​ ដែល​ក្រុម​ហ៊ុន​មាន​​អាជ្ញា​ប័ណ្ណ​ហើយ​មិន​អនុវត្ត​ការ​ដាំ​ដុះ​ បែរ​ជា​គិត​តែ​កាប់​ឈើ​លក់​ និង​ធ្វើ​របាយ​ការណ៍​ទៅក្រសួង ។​ មក​ដល់​ពេល​នេះ​ អ្នក​យក​ព័ត៌​មាន​ព្យា​យាម​ទាក់​ទង​ជាមួយ​តំណាង​ក្រុមហ៊ុន​ខាង​លើ​ជា​ច្រើន​ដង​​​ បុ៉ន្តែ​មិន​បាន​ទទួល​ជោគ​ជ័យ​ទេ​ ដោយ​អ្នក​ទទួល​​ទូរស័ព្ទ​និយាយ​ថា ជាប់​រវល់​មិនបាន​ផ្តល់​ព័ត៌​មាន​ពិស្តារ​ដល់​អ្នក​យក​ព័ត៌​មាន​ទេ ។​

ប្រជា​ពល​រដ្ឋ​ក្នុងតំបន់​នោះ​​រិះគន់​ថា​ ក្រុម​ហ៊ុន​មួយ​នេះ​មាន​តែ​ឈ្មោះ​ និង​កាប់​ឈើ​ហុប​យក​មក​អារ​ច្រៀក​លក់​តែ​បុ៉ណ្ណោះ ។ រី​ឯ​ការ​ធ្វើ​វិនិ​យោគ​លើ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ គឺ​មិន​មាន​សកម្ម​ភាព​អ្វី​ទាល់​តែ​សោះ​​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ​ប្រៀប​ដូច​ក្រុម​ហ៊ុន​ធ្វើ​នំ​អត់​ម្សៅ ។​ សូម​រំលឹក​ផង​ដែរ​ថា​ ក្រុម​ហ៊ុន​មួយ​នេះ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​បរិស្ថាន​ គឺ​ជា​ដៃគូ​របស់​ក្រុម​ហ៊ុន​មួយ​ទៀត​មាន​ឈ្មោះ​ថា​ ក្រុម​ហ៊ុន​កម្ពុជា​ដោន​ ដែល​កន្លង​ទៅ​នេះ​បាន​កាប់​ព្រៃ​ឈើ​យ៉ាង​រង្គាល​នៅ​ក្នុង​ព្រៃ​បរិស្ថាន​គូលែន​ព្រហ្ម​ទេព​ក្នុង​ឃុំ​ព្រីង​ធំ​ ក្រោម​ស្លាក​វិនិ​យោគ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ហើយ​ឥឡូវ​នេះ​បាន​មក​លុក​លុយ​នៅ​ព្រៃ​ស្រុក​គូលែន​ទៀត​ ។​

ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​គូលែន​រិះគន់​ទៀត​ថា​ ក្រុម​ហ៊ុន​មួយ​នេះ​មិន​គួរ​ណា​ធ្វើ​ការ​សាក​ល្បង​ដាំ​ដំឡូង​មី​លើ​ផ្ទៃ​ដី​ត្រឹម​តែ​​២៥​ហិក​តា​ក្នុង​ផ្ទៃ​ដី​សរុប​៩​ពាន់​​ហិក​តា​នោះ​ទេ​ ។ គួរ​គប្បី​ធ្វើ​ការ​វិនិ​យោគ​ពី​៣០០​ហិក​តា​ទៅ​៥០០​ហិក​តា​ទើប​សម​ ព្រោះ​ក្រុម​ហ៊ុន​មាន​វិសាលភាព​​ធំ​ណាស់​ទៅ​លើ​ផ្ទៃ​ដី​៩​ពាន់​ហិក​តា​ ឬ​ក៏​ក្រុម​ហ៊ុន​នេះ​​គួរ​សង្ស័យ​កាប់​ព្រៃឈើ​អស់​ហើយ​​រត់​ចោល​ដូច​ក្រុម​ហ៊ុន​នៅ​ឃុំ​ព្រីង​ធំ​ដែរ ?​ ប្រជា​ពល​រដ្ឋ​ស្រុក​គូលែន​ ​បាន​សំណូម​ពរ​ដល់​រាជ​រដ្ឋាភិបាល​ សូម​មានវិធាន​ការ​​ទៅ​លើ​ក្រុម​ហ៊ុន​នេះ​ជាបន្ទាន់​ ដើម្បី​ជា​ប្រយោជន៍​ការ​ពារ​បាន​នូវ​ធន​ធាន​ព្រៃ​ឈើ​ ជាពិសេស​ឈើ​ប្រណីត​ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​ឱ្យ​ស្ថិត​ស្ថេរ​គង់​វង្ស ៕​