រាជធានីភ្នំពេញ ៖ រឿងរ៉ាវគួរឱ្យរន្ធត់ និងភ្ញាក់ផ្អើលតាំងពីអំឡុងថ្ងៃបុណ្យចូលឆ្នាំ កាលពីសប្តាហ៍មុន នៅតែបង្កើតឱ្យមានការចាប់អារម្មណ៍នៅឡើយជុំវិញមតិមហាជននានា ហើយក៏អាចចាត់ទុកថាជារឿងដែលទាក់ទាញបំផុតនាដើមឆ្នាំមមីនេះ ដែលនោះគឺប្រុសស្នេហ៍ ដែលជាទន្តបណ្ឌិត (ពេទ្យធ្មេញ) បានក្លាយជាឃាតករសម្លាប់ស្រីស្នេហ៍ដ៏ស្រស់ស្អាតរបស់ខ្លួន ហើយយកសពទៅទម្លាក់ចោលពីលើស្ពាន ។
បញ្ហានានាដែលបង្កើតឱ្យមានរឿងដ៏រន្ធត់នេះ ហាក់បានលាតត្រដាងព័ត៌មានច្រើនហើយ ដោយយោងតាមការសារភាពរបស់ប្រុសស្នេហ៍ដែលជាឃាតករ ។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់នារីរងគ្រោះវិញ មិនដឹងថា តើការសារភាពពីមូលហេតុនៃការសម្លាប់នេះ បណ្តាលមកពីអ្វីនោះ មិនត្រូវបានដឹងនោះឡើយ ។ ទោះបីជាបែបនេះក្តី ពេលនេះប្រុសស្នេហ៍ឈ្មោះ យ៉ុន ប៊ុន្នី អាយុ៣១ឆ្នាំ ត្រូវបានសាលាដំបូងចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ រង់ចាំបើកសវនាករកាត់ទោសជាផ្លូវការនៅពេលខាងមុខ ។ រីឯសពស្រីស្នេហ៍ឈ្មោះ កែវ ស្រីមុំ អាយុ២៨ឆ្នាំ ត្រូវបានអ្នកភូមិបញ្ចុះហើយដែរ ។
ជារឿងដែលស្មានមិនដល់ ថាតើនាង កែវ ស្រីមុំ មានឪពុកម្តាយ បងប្អូនដែរឬទេ ព្រោះបន្ទាប់ពីការប្រទះឃើញសពរបស់នាងដែលគេសម្លាប់ទម្លាក់ក្រោមស្ពានរហូតមក មិនមានឃើញសាច់ញាតិណាម្នាក់មកបង្ហាញខ្លួននោះឡើយ ។ លោកវរសេនីយ៍ទោ គង់ សុខន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យកោះសន្តិភាពដឹងថា ក្រោយពេលកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានខេត្ត ពិនិត្យធ្វើកោសល្យវិច័យលើសពរួចរាល់ ក៏បានប្រគល់ឱ្យអាជ្ញាធរឃុំ និងបុ៉ស្តិ៍រដ្ឋបាលចាត់ចែងបញ្ចុះសពនៅក្បែរកន្លែងកើតហេតុ រង់ចាំបងប្អូនមកទទួលយក ឬចាត់ចែងបែបណានោះ ។
ប្រភពព័ត៌មានពីអ្នកភូមិទីនោះឱ្យដឹងថា សពស្ត្រីរងគ្រោះក្រោយពេលសមត្ថកិច្ចប្រគល់ឱ្យលោកមេឃុំ និងនគរបាលបុ៉ស្តិ៍ គេឃើញមេឃុំ និងនគរបាលបុ៉ស្តិ៍បានបញ្ចុះសពនៅក្រោមស្ពានក្បែរកន្លែងសពដែលត្រូវសង្សារទម្លាក់ពីលើស្ពាននោះហើយ ។ លុះនៅវេលារសៀលថ្ងៃដដែល ក៏មានមិត្តភក្តិរបស់ស្ត្រីរងគ្រោះរៃប្រាក់គ្នាបានចំនួន៨០០ដុល្លារ បានមកទំនាក់ទំនងជាមួយអាជ្ញាធរឃុំ និងបុ៉ស្តិ៍ រួចសំណូមពរឱ្យជួយចាត់ចែងទុកដាក់សពរបស់នាងឱ្យត្រឹមត្រូវផងដែរ ។ ព័ត៌មានពីលោកសំរិត សីលាវិបុល អធិការនគរបាលស្រុកឈូកថ្លែងថា ក្រោយពីមានសំណូមពរពីមិត្តភក្តិស្ត្រីរងគ្រោះ និងបានជួយឧបត្ថម្ភប្រាក់មួយចំនួនឱ្យអាជ្ញាធរឃុំជួយទុកដាក់សពឱ្យបានត្រឹមត្រូវផងនោះ អាជ្ញាធរឃុំរួមជាមួយអ្នកភូមិនៅចំណុចខាងលើបានកាយយកសពចេញពីកន្លែងកប់ក្រោមស្ពាននោះយកទៅរៀបចំនៅវត្តភ្នំកូនឆ្កែ ដោយបានដុសលាងជម្រះកាយ ផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីបានត្រឹមត្រូវ រៀបចំដាក់ក្តារមឈូស និមន្តព្រះសង្ឃបង្សុកូល រួចបញ្ចុះសពនៅក្នុងវត្តភ្នំកូនឆ្កែ ស្ថិតក្នុងភូមិឃុំខាងលើយ៉ាងសមរម្យ អត់ឃើញមានសាច់ញាតិណាម្នាក់មកបង្ហាញទេ ។
ទាក់ទិននឹងមុខរបររបស់នាងកែវ ស្រីមុំ ដែលថាជាអ្នករាប់លុយនៅផ្សារទួលទំពូង និងផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ បើយោងតាមប្រភពព័ត៌មានពីគណៈកម្មការផ្សារបឹងកេងកង និងផ្សារទួលទំពូងបានឱ្យដឹងថា ស្ត្រីឈ្មោះកែវ ស្រីមុំ អាយុ២៨ឆ្នាំ ជាស្រី្តហឺុហាម្នាក់បានជួលអាផាតមិនឡាលីង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ មណ្ឌល៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ស្នាក់នៅ ។ ចំណែកព័ត៌មានដែលថា នាងមានមុខរបរជាអ្នករាប់លុយនៅផ្សារបឹងកេងកង និងផ្សារទួលទំពូងនោះគឺមិនពិតឡើយ ព្រោះគណៈកម្មការផ្សារ និងសមត្ថកិច្ចនគរបាលរដ្ឋបាលបានចុះស្រាវជ្រាវតាមអាជីវករដែលលក់ដូរក្នុងផ្សារដែលម្នាក់ៗអះអាងថា មិនដែលស្គាល់ឈ្មោះនារីដែលស្លាប់ខាងលើនេះឡើយ ។ ប៉ុន្តែប្រភពព័ត៌មានដោយឡែកមួយទៀតបាននិយាយរបៀបផ្សេងថា ជាធម្មតាមនុស្សដែលស្លាប់ទៅហើយ ទោះបីជាអ្នកនៅរស់ជាប់វាក់វិននឹងប្រាក់កាស តិចឬច្រើនក៏ដោយ តែងតែមានចរិតកាត់កងតាមរូបភាពមួយគឺមិនដឹងមិនឮ ឬមិនស្គាល់តែម្ដង ព្រោះម្ចាស់ប្រាក់ស្លាប់ទៅហើយ ករណីនេះក៏មិនដឹងថា យ៉ាងណាឱ្យប្រាកដដែរ ព្រោះគ្មានសាច់ញាតិអះអាង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទួលទំពូងទី១ បានឱ្យដឹងថា នាងកែវ ស្រីមុំ ទើបតែមកជួលទីតាំងអាផាតមិនឡាលីងស្នាក់នៅបាន៥ខែប៉ុណ្ណោះ ហើយកាលពីរសៀលថ្ងៃទី១៦ មេសា គណៈកម្មការចម្រុះក៏បានចុះឆែកឆេរក្នុងបន្ទប់ស្នាក់នៅក្នុងអាផាតមិនដែលនាងជួលស្នាក់នៅ មិនឃើញមានរបស់របរអ្វីគួរឱ្យកត់សម្គាល់ទេ គឺមានតែនាឡិកាធម្មតាចំនួន៦គ្រឿង និងប្រអប់ខ្មៅមួយដែលបច្ចុប្បន្នសមត្ថកិច្ចបានដកហូតយកទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបង្កើតគណៈកម្មការមួយត្រួតពិនិត្យនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ